ហោ ណាំហុង គ្រោង​ជួប​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក

មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថ្លែង​ឲ្យ​ដឹង​ថា លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា គ្រោង​នឹង​ជួប​លោកស្រី ហ៊ិលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នៅ​ក្នុង​ដំណើរ​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​ប្រជុំ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​នា​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០០៩។

គម្រោង​ជំនួប​របស់​លោក ហោ ណាំហុង ជាមួយ​លោកស្រី ហ៊ិលឡារី គ្លិនតុន ក្នុង​ពេល​ខាង​មុខ​នេះ ត្រូវ​បាន​លោក កុយ គួង មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ថ្លែង​ថា ៖ «ឯកឧត្ដម​ឧប​នឹង​ជួប​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​មួយចំនួន ក្នុង​នោះ​ក៏​មាន​អ្នកស្រី ហ៊ិលឡារី គ្លិនតុន រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ផងដែរ»

លោក កុយ គួង មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ជំនួប​ជាមួយ​លោកស្រី ហ៊ិលឡារី គ្លិនតុន លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា នឹង​លើក​យក​ប្រធានបទ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​អាមេរិក​មក​ពិភាក្សា ហើយ​ក្នុង​នោះ​ក៏​មាន​ប្រធានបទ​ទាក់ទង​នឹង​ការ​រិះគន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ផងដែរ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «ទី​១ និយាយ​អំពី​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​កម្ពុជា អាមេរិក។ ទី​២ គឺ​ទាក់ទង​ជាមួយ​នឹង​ក្រុម​ប្រឆាំង​៣​រូប​ដែល​បាន​ទៅ​ថ្លែង​នៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​១០ ខែ​កញ្ញា​កន្លង​មក បញ្ជាក់​អំពី​បញ្ហា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​អ្នក​ទាំង​៣​ហ្នឹង​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ការ​រឹតត្បិត​នោះ​គឺ​ថា​វា​ខុស​ស្រឡះ​ពី​អ្វី​ដែល​ខ្លួន​កំពុង​និយាយ​ប្រាប់​រដ្ឋាភិបាល​បរទេស»

កាល​ពី​ពេល​ថ្មីៗ​នេះ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​លើក​ឡើង​ក្នុង​សវនាការ​មួយ​របស់​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស Tom Lantos នៃ​សភា​សហរដ្ឋ​អាមេរិក ដែល​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដោយ​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក នាយិកា​អង្គការ​សិទិ្ធ​មនុស្ស លីកាដូ, លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ និង​លោកស្រី មូរ សុខហួរ សមាជិកា​គណបក្ស​ប្រឆាំង​សមរង្ស៊ី។

លោក អឿ សំអុល នាយ​រង​ខុទ្ទកាល័យ​គណបក្ស​សមរង្ស៊ី ថ្លែង​ថា លោកស្រី មូរ សុខហួរ គ្រោង​នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ២០០៩។

លោក អឿ សំអុល បាន​បញ្ជាក់​ថា ៖ «វា​ត្រូវ​ថ្ងៃ​២៤ ប៉ុន្តែ​ឥឡូវ​ហ្នឹង​គាត់​ឡើង​ពី សាន់ហ្រ្វាន់ស៊ីស្កូ​មក ហើយ​គាត់​ត្រូវ​មក​ដល់​ភ្នំពេញ ថ្ងៃ​២៥»

លោក កុយ គួង មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ថ្លែង​ថា លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា នឹង​បកស្រាយ​ទៅ​វិញ ក្រោយ​ពី​ការ​រិះគន់​របស់​លោកស្រី មូរ សុខហួរ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លោកស្រី ហ៊ិលឡារី គ្លិនតុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក៕