លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសកម្ពុជា មានគម្រោងការទៅធ្វើទស្សនកិច្ចជាផ្លូវការរយៈពេលប្រមាណមួយសប្តាហ៍នៅក្នុងសហរដ្ឋអាមេរិកចាប់ថៃ្ងទី២២ ខែកញ្ញាខាងមុខនេះ ដើម្បីទៅចូលរួមនៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៦៤នៃអ.ស.ប. ហើយលោកមានគម្រោងការជួបចរចាទ្វេភាគីផងដែរជាមួយនឹងលោកស្រី Hillary Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំថែមទៀត។
លោក ហោ ណាំហុង ជាប្រមុខការទូតនៃប្រទេសកម្ពុជា បានមានប្រសាសន៍នៅព្រឹកថៃ្ងអង្គារ ទី៨ ខែកញ្ញា នៅឯក្រសួងការបរទេសថា គម្រោងការជួបចរចាទ្វេភាគីរវាងលោកនិងលោកស្រី Hillary Clinton នាពេលខាងមុខនោះ កំពុងតែរៀបចំនៅទ្បើយមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅទ្បើយទេ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «កំពុងតែមើលពេលវេលា ខាងអាមេរិកាំងគេកំពុងតែលៃពេល ខ្ញុំកំពុងតែលៃពេលដែរ។ ខ្ញុំនឹងពិភាក្សាជាមួយអគ្គរដ្ឋទូតអាមេរិកាំងពីបញ្ហាហ្នឹង»។
សុខ សេរី ៖ បើសិនជាមានការជួបជាមួយលោកស្រី Hillary Clinton តើនឹងផ្ដោតលើបញ្ហាអ្វីសំខាន់? ហោ ណាំហុង ៖ បញ្ហាសំខាន់ទំនាក់ទំនងកម្ពុជាអាមេរិកធ្វើម៉េចឲ្យកាន់តែល្អឡើងៗ។
លោក John Johnson ជាមន្រ្តីអ្នកនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា វាជាការប្រញាប់ពេកក្នុងការបញ្ជាក់អំពីកាលបរិច្ឆេទអំពីជំនួបនាពេលខាងមុខនេះ។
ទាក់ទងនឹងដំណើរការទស្សនកិច្ចជាងមួយសប្តាហ៍របស់លោក ហោ ណាំហុង ប្រមុខការទូតនៅប្រទេសកម្ពុជា នៅក្នុងសហរដ្ឋអាមេរិកខាងមុខនេះ លោក កុយ គួង ជាមន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ក្រៅពីគម្រោងការជួបចរចាទ្វេភាគីរវាងលោក ហោ ណាំហុង ប្រមុខការទូតកម្ពុជា និងលោក Hillary Clinton ប្រមុខការទូតសហរដ្ឋអាមេរិកនោះ លោក ហោ ណាំហុង នឹងទៅចូលរួមនៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៃអ.ស.ប.លើកទី៦៤ នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ចាប់ផ្តើមពីថៃ្ងទី២៣ រហូតដល់ថៃ្ងទី៣០ ខែកញ្ញាខាងមុខនេះ។
លោកបានបញ្ជាក់ទៀតថា លោក ហោ ណាំហុង ប្រមុខការទូតកម្ពុជានឹងទ្បើងថែ្លងសុន្ទរកថា នៅក្នុងមហាសន្និបាតនៅថៃ្ងទី២៦ ខែកញ្ញា ស្តីពីស្ថានការណ៍ទូទៅនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០០៩នេះ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសមរង្ស៊ីនិងជាអ្នកនាំពាក្យនៃគណបក្សនេះបានធ្វើអត្ថាធិប្បាយថា ៖ «យើងចង់បានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ យើងចង់បានការគោរពសិទ្ធិមនុស្ស យើងចង់បានឲ្យមាននយោបាយសេដ្ឋកិច្ចមួយដែលកាត់បន្ថយភាពក្រីក្រពិតប្រាកដ»៕
