រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ចាក​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ញូវយ៉ក

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​គម្រោង​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដោយ​មាន​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន ១៥ ចូល​រួម ដោយ​រួម​ទាំង​ប្រទេស​មាន​ជម្លោះ គឺ​កម្ពុជា និង​ថៃ ហើយ​មាន​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ចូល​រួម​ផង​ដែរ។

ប្រទេស​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ កន្លង​ទៅ ក្រោយ​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយ​មាន​ការ​ផ្លោង​កាំភ្លើង​ធំ​ដាក់​គ្នា​ទៀត​ផង។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ទី​៧ ខែ​កុម្ភៈ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ មិន​មែន​ជា​ការ​ប៉ះ​ទង្គិច​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-​ថៃ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​សង្គ្រាម។

ការ​ប៉ះ​ទង្គិច​ចំនួន ៤​ថ្ងៃ​នោះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ទាំង​កម្ពុជា និង​ថៃ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ថៃ បាន​ឲ្យ​ដឹង​ថា ខាង​កម្ពុជា មាន​ស្លាប់​ទាហាន និង​ជន​ស៊ីវិល​ចំនួន ៨​នាក់ របួស​ទាំង​ទាហាន និង​ជន​ស៊ីវិល​ជាង ៤០​នាក់។ ចំណែក​ខាង​ថៃ មាន​ស្លាប់​ទាំង​ទាហាន និង​ជន​ស៊ីវិល​ចំនួន ២​នាក់ របួស​ទាហាន និង​ជន​ស៊ីវិល ៣៤​នាក់៕