លោក ហោ ណាំហុង ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១២ ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ឲ្យ​បាន​រឹងមាំ​ថែម​ទៀត រវាង​ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ជាមួយ​សហរដ្ឋ​អាមេរិក តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton)។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១២ ថា ទស្សនកិច្ច​របស់​លោក​គឺ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន និង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត។

លោក ហោ ណាំហុង៖ «ទី​២​ទៀត រវាង​សហរដ្ឋ​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មាន​វេទិកា​សហប្រតិបត្តិការ​ច្រើន​ដែរ។ ក្រៅ​ពី​សហប្រតិបត្តិការ​ទ្វេ​ភាគី មាន​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​សហរដ្ឋ​អាមេរិក ទន្លេ​មេគង្គ ប្រទេស​តាម​ដង​ទន្លេ​មេគង្គ។ ទី​៣​ទៀត ក្នុង​ក្របខ័ណ្ឌ​អាស៊ាន សហរដ្ឋអាមេរិក​ក៏​មាន​ទំនាក់ទំនង​កម្ពុជា ក្នុង​ការ​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ការ​ប្រជុំ​វេទិកា​អាស៊ាន-​អាមេរិក​មាន​ច្រើន ...ការ​ពិត ហើយ​ក្នុង​ឱកាស​នោះ យើង​ពិភាក្សា​បញ្ហា​តំបន់​មួយ​ចំនួន​ដែរ»

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នោះ លោក​នឹង​លើក​យក​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​ចោល​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ជិត ៤០០​លាន​ដុល្លារ​អាមេរិក នៅ​ទសវត្ស​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គ្រប់គ្រង​ដោយ​សេនាប្រមុខ លន់ នល់។

បន្ថែម​លើ​នេះ​ទៀត លោក​នឹង​លើក​យក​បញ្ហា​នៃ​ការ​សុំ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​វិល​មក​រក​តុ​ចរចា ៦​ភាគី ដើម្បី​បោះ​បង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​បោះ​បង់​ចោល​ការ​សាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប។ លោក ហោ ណាំហុង ទើប​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ថ្មីៗ​នេះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង និង​បញ្ហា​បំណុល គឺ​ជា​បញ្ហា​ស្មុគស្មាញ៖ «មាន​ភាព​លំបាក ពីព្រោះ​កូរ៉េ មិន​មែន​ជា​សមាជិក​នៃ​អាស៊ាន​ទេ ហើយ​កូរ៉េ​ខាង​ជើង​ត្រូវ​ការ​ដោះ​ដូរ​នយោបាយ អាវុធ​នុយក្លេអ៊ែរ ហ្នឹង ទៅ​នឹង​ស្បៀង និង​ថាមពល ហើយ​និង​ភាព​សន្តិភាព​ការពារ​ឲ្យ​កូរ៉េ ដូច្នេះ​ខ្ញុំ​ជឿ​ថា សំណួរ​ចំណុច​មួយ​នេះ​មាន​ភាព​លំបាក។ តួនាទី​របស់​អាមេរិក​ដែល​លុប​ចោល​នូវ​បំណុល​របស់​កម្ពុជា​ហ្នឹង ខ្ញុំ​ជឿ​ជាក់​ថា គេ​មិន​លុប​ទេ គេ​សុខ​ចិត្ត​បង្វែរ​បំណុល​ហ្នឹង​ទៅ​ជា​បញ្ហា​ផ្សេង ទៅ​ជា​ជំនួយ​មនុស្សធម៌ ឬ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​បញ្ហា​អី»

ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង ទៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ គឺ​មុន​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន គ្រោង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ និង​កិច្ច​ប្រជុំ​មួយ​ចំនួន​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២។

ដោយ​ឡែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) គ្រោង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។