ហូរ វ៉ាន់ នឹង​ចូលរួម​ក្នុង​សវនាការ​ទោះ​គ្មាន​ជំនឿ​លើ​តុលាការ​ក៏​ដោយ

2009-07-02

មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក ហូរ វ៉ាន់ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​សភា​ជាតិ​លើក​អភ័យ​ឯកសិទ្ធិ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ នឹង​ចូលរួម​ក្នុង​សវនាការ​ពី​បទ​ចោទ​ប្រកាន់​ករណី​បទ​បរិហារ​កេរ្តិ៍​តាម​ការអញ្ជើញ​របស់​តុលាការ ទោះ​បី​លោក​គ្មាន​ជំនឿ​ថា ការសម្រេច​ក្តី​នោះ​អាច​នឹង​គ្មាន​យុត្តិធម៌​ក៏​ដោយ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ហូរ វ៉ាន់ បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​ឯកជន​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​លោក​នឹង​អាច​ចូលរួម​ក្នុង​សវនាការ​នា​ពេល​ខាង​មុខ​នេះ។

លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា ៖ «ពេល​មុន​ដែល​គាត់​ចេញ​ទៅ​សួរ​សុខទុក្ខ​បងប្អូន​គាត់​និង​ចូលរួម​ដំណើរ​បេសកកម្ម​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ហ្នឹង គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ត្រឡប់​មក​ចូលរួម​វិញ ហើយ​មក​ទល់​ពេល​នេះ​គាត់​មិន​ទាន់​មាន​ការប្រែប្រួល​ជំហរ​អ្វី​ទេ»

លោក ហូរ វ៉ាន់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​និង​បទ​ចុះ​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍​បន្ត ព្រោះ​លោក​ធ្លាប់​បាន​រិះគន់​អំពី​នាយ​ទាហាន​២២​រូប​ដែល​ទទួល​សញ្ញាបត្រ​ពី​ប្រទេស​វៀតណាម​ថា​គ្មាន​គុណភាព ក៏​ត្រូវ​រង​ការប្តឹង​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ពី​ក្រុម​យោធា​នោះ។

លោក ហូរ វ៉ាន់ ត្រូវ​បាន​សភា​ជាតិ​លើក​អភ័យ​ឯកសិទ្ធិ​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០០៩​នេះ។

ចំណែក​តុលាការ​ក្រុង​ភ្នំពេញ​វិញ​ក៏​បាន​ចេញ​ដីកា​កាលពី​ចុង​ខែ​មិថុនា​កោះហៅ​រូប​លោក​ឲ្យ​ទៅ​ចូលរួម​សវនាការ​ដែល​តុលាការ​គ្រោង​នឹង​បើក​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​អំពី​ជំនឿ​របស់​លោក​លើ​សវនាការ​នោះ​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា​លទ្ធផល​មិន​ល្អ​ទេ។ ខ្ញុំ​មិន​មែន​មើល​ស្រាល​ទៅ​លើ​ការកាត់​សេចក្ដី​របស់​តុលាការ​ទេ ប៉ុន្តែ​បទ​ពិសោធន៍​នយោបាយ​ជាង​១៥​ឆ្នាំ​នេះ គឺ​ក្រឡេក​មើល​ការវិត្តន៍​ទៅ​ហ្នឹង គឺ​ថា តុលាការ​មិន​មាន​ឯករាជ​ភាព​ក្នុង​ការកាត់​សេចក្ដី​ឲ្យ​មាន​យុត្តិធម៌​ទេ គឺ​ធ្វើ​ឡើង​តាម​តែ​ការបញ្ជា​របស់​អ្នក​មាន​អំណាច​មួយចំនួន​តែ​ប៉ុណ្ណឹង​ឯង»

ប៉ុន្តែ​មជ្ឈដ្ឋាន​សាធារណៈ ព្រម​ទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ ជា​បន្ត​បន្ទាប់​បាន​ចាត់ទុក​ថា ការដក​អភ័យ​ឯកសិទ្ធិ​សភា​ពី​អ្នក​តំណាង​រាស្រ្ត​រូប​នេះ​ជា​អំពើ​អយុត្តិធម៌៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង