សង្គម​ស៊ីវិល៖ ការ​រំលោភ​សិទ្ធិ​មនុស្ស​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

អ្នក​ទទួល​ខុស​ត្រូវ​និង​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​មាន​យោបល់​វាយ​តម្លៃ​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ ការ​រំលោភ​សិទ្ធិ​មនុស្ស​ទូទៅ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូច​គ្នា​ជាមួយ​ឆ្នាំ​២០០៨​កន្លង​ទៅ។

លោក អំ សំអាត មន្រ្តី​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​មាន​ការ​កើន​ឡើង ដូច​ជា​វិវាទ​ដី​ធ្លី​និង​បណ្តេញ​ចេញ ការ​បង្ក​របួស​ស្នាម និទណ្ឌភាព ឬ​ភាសា​សាមញ្ញ​និយាយ​ថា ការ​ប្រព្រឹត្ត​កំហុស​ឬ​រំលោភ​ច្បាប់​ផ្សេងៗ​ដោយ​មិន​មាន​កំហុស ការ​ជួញដូរ កុមារ​និង​ស្រ្តី​មាន​ការ​កើន​ឡើង។

លោក អំ សំអាត បាន​បញ្ជាក់​ថា ៖ «បើ​និយាយ​ពី​រឿង​ជា​ទូទៅ ការ​រំលោភ​សិទ្ធិ​មនុស្ស​ហ្នឹង​ឃើញ​ថា វា​អត់​ទាន់​មាន​ការ​ថយ​ចុះ​ទេ។ បើ​យើង​និយាយ​ពី​ការ​រំលោភ​សេព​សន្ថវៈ​ក៏​កំពុង​តែ​មាន​ការ​កើន​ឡើង»

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើន​ឡើង ដោយសារ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​លើ​រឿង​មួយចំនួន​មិន​មាន​ប្រសិទ្ធភាព អ្នក​មាន​លុយ​មួយចំនួន​បាន​ប្រើ​ទឹក​លុយ​បិទ​បាំង​កំហុស មន្រ្តី​​មាន​សមត្ថកិច្ច​មួយចំនួន​មិន​បំពេញ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​តាម​ផ្លូវ​ច្បាប់ និង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាដើម។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១០​នេះ ថា មាន​ការ​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ជាក់លាក់ ប៉ុន្តែ​បើ​ពិនិត្យ​តាម​ពាក្យ​បណ្តឹង​នៅ​តុលាការ គេ​ឃើញ​ថា ចំនួន​ពាក្យ​ប្តឹង​មាន​ការ​កើន​ឡើង ការ​ប្រើ​អំណាច​រដ្ឋ​ដោយ​គណបក្ស​នយោបាយ​កាន់​អំណាច​មាន​ការ​បំពាន​លើ​គណបក្ស​ជំទាស់​ជា​ចំហរ ជាដើម។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ជា​យើង​មើល​ទៅ​ដល់​ការ​ប្ដឹង​ដល់​ប្រព័ន្ធ​តុលាការ យើង​យល់​ថា មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩​នេះ ដោយសារ​ការ​ប្ដឹងផ្ដល់​ទៅ​ប្រព័ន្ធ​តុលាការ​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​និង​គណបក្ស​ប្រឆាំង​គឺ​កើន​ឡើង ដូច្នេះ​ក្នុង​សិទ្ធិ​នយោបាយ​សិទ្ធិ​ពលរដ្ឋ​នេះ»

លោក អ៊ូ វីរៈ បាន​ទទួល​ស្គាល់​ថា គណបក្ស​កាន់​អំណាច​បាន​ខិតខំ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ទូទៅ​បាន​មួយចំនួន​ដែរ តែ​នៅតែ​មិន​ទាន់​គ្រប់គ្រាន់​ឆ្លើយ​តប​នឹង​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ឡើយ​ទេ ៖ «តាម​ពិត ខ្ញុំ​ឃើញ​ចំណុច​វិជ្ជមាន​មួយចំនួន​ដែរ»

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ការ​លើក​ឡើង​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយចំនួន​នោះ​អាច​ស្វាគមន៍​ទទួល​បាន តែ​មួយចំនួន​មិន​អាច​ទទួល​បាន​ទេ។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ៖ «គេ​អាច​និយាយ​ហ្នឹង​គឺ​គ្រាន់តែ​និន្នាការ​នៃ​របាយការណ៍ ហើយ​ខ្វះ​មូលដ្ឋាន​ពិត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ដូច​ខ្ញុំ​បាន​ជម្រាប​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពង្រឹង​បន្ថែម​ទៀត ទាំង​គោលការណ៍​នយោបាយ​ក៏​ដូច​ជា​ស្ថាប័ន​ក្នុង​កិច្ច​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ»

នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ធ្វើ​របាយការណ៍​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាក់ទង​ជាមួយ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា នៅ​ទីស្នាក់ការ​ធំ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​ប្រទេស​ចូលរួម​ស្តាប់​មាន​ការ​ចាប់​អារម្មណ៍​លើក​យក​បញ្ហា​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​លំនៅ​ឋាន​មក​ចោទ​សួរ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូលរួម​ប្រជុំ​យ៉ាង​ក្តៅ​គគុក​ផងដែរ៕