មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា​អ្នក​ភូមិ​អមលាំង​៣​រូប​អាច​នឹង​ត្រូវ​ចាប់​ខ្លួន

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​សម្ដែង​ការ​បារម្ភ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ថា តំណាង​អ្នក​ភូមិ​ចំនួន ៣​រូប នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ក្រោយ​ពី​តំណាង​អ្នក​ភូមិ​ទាំង​បី​រូប​នេះ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ កំពង់ស្ពឺ ស៊ូហ្គា ចោទ​ប្រកាន់​បន្ថែម​ទៀត អំពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

លោក អ៊ូច ឡេង អះអាង​ថា អ្នក​ភូមិ​មិន​បាន​បង្ខាំង​អ្នកស្រី ឈាង គឹមស៊ុន ដែល​ជា​តំណាង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គា នោះ​ទេ អ្នក​ភូមិ​គ្រាន់​តែ​បិទ​ផ្លូវ​ចូល​ទៅ​ក្នុង​ចម្ការ​អំពៅ ដើម្បី​ចង់​ឲ្យ​អ្នកស្រី​ចេញ​មក​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដែល​អ្នកស្រី​បាន​សន្យា​ថា នឹង​ដោះស្រាយ​ជូន​អ្នក​ភូមិ​ប៉ុណ្ណោះ។

លោក អ៊ូច ឡេង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​អាច​ធ្វើ​សាក្សី​បាន អ្នក​ភូមិ​មិន​បាន​បង្ខាំង​អ្នកស្រី​ (ឈាង គឹមស៊ុន)​ទេ អ្នក​ភូមិ​គ្រាន់​តែ​ចង់​ដោះស្រាយ។ ថ្ងៃ​នោះ​អ្នកស្រី​បាន​ចេញ​ទៅ​ហូប​បាយ និង​មាន​កម្លាំង​ប៉េអឹម​ការពារ​អ្នកស្រី»

តំណាង​អ្នក​ភូមិ​ចំនួន​បី​រូប​នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឈ្មោះ យូ ថូ អាយុ ៦០​ឆ្នាំ នៅ​ភូមិ​អូរអង្គំ ឈ្មោះ ផល វណ្ណៈ នៅ​ភូមិ​គោក និង​ឈ្មោះ អឿង ជីវ៉ា នៅ​ភូមិ​អូរពន្លក ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​អ្នកស្រី ឈាង គឹមស៊ុន។

អ្នកស្រី ឈាង គឹមស៊ុន បាន​ប្តឹង​តំណាង​អ្នក​ភូមិ​ទាំង​បី​រូប ក្រោយ​ពី​អ្នក​ភូមិ​នៅ​ឃុំ​អមលាំង ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​លេខ​៥២ មិន​ឲ្យ​អ្នកស្រី​ចេញ​ចូល​ទៅ​ក្នុង​ចម្ការ​អំពៅ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​កន្លង​ទៅ ដើម្បី​បង្ខំ​អ្នកស្រី​ឲ្យ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នកស្រី ឈាង គឹមស៊ុន កំពុង​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ទៀត ដើម្បី​បំបាក់​អ្នក​ភូមិ ក្រោយ​ពី​អ្នកស្រី​យក​តុលាការ​មក​ប្រើប្រាស់ មិន​បាន​សម្រេច​ជាមួយ​អ្នក​ភូមិ។

វិទ្យុ​អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​អ្នកស្រី ឈាង គឹមស៊ុន ជា​តំណាង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គា ដើម្បី​សុំ​ពន្យល់​ចំពោះ​ករណី​ខាង​លើ​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១០៕