ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃ២៤ កញ្ញា ២០០៩ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានថ្កោលទោសក្រុមហ៊ុន ឌីអឹម ហ្គ្រូប (DM Group) ដែលដណ្តើមដីជនជាតិដើមទំពួននៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
សេចក្តីថ្លែងការណ៍ថែមទាំងបានថ្កោលទោសចំពោះការធ្វើទុក្ខបុកម្នេញ លោក ប៉ែន ប៊ុណ្ណារ៍ និង ឆាយ ទី សកម្មជនសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍កម្ពុជា អាដហុក (ADHOC) និងលោក រដ្ឋា វីសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសកម្មជននៃសហគមន៍ជនជាតិទំពួនមួយចំនួនទៀត។
ជាមួយនេះក្រុមសិទ្ធិមនុស្សខាងលើក៏បានថ្កោលទោសចំពោះទង្វើមិនត្រឹមត្រូវរបស់លោកចៅក្រម ថោ សារ៉ន នៃតុលាការខេត្តរតនគិរីផងដែរ។
សេចក្តីថ្លែងការណ៍ក៏បានលើកឡើងនូវវិធានការមួយចំនួនដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាទាំងឡាយនោះផង៕