ក្រុម​សិទ្ធិ​មនុស្ស​ជួយ ទឹម សាខន ក្នុង​ការសុំ​សិទ្ធិ​ជ្រកកោន​នៅ​ថៃ

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និយាយ​ថា ពួក​គេ​កំពុង​ជួយ​ជំរុញ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​ព្រះសង្ឃ ទឹម សាខន ទទួល​បាន​សិទ្ធិ​ជ្រកកោន​បណ្តោះ​អាសន្ន​នៅ​ឯ​ប្រទេស​ថៃ។
ដោយ មណ្ឌលកែវ
2009.04.18
ទឹម សាខន អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង លោក ទឹម សាខន។
RFA Photo/Mondulkeo

មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​១៨ មេសា នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម លោក អាង ចន្ទឬទ្ធិ បាន​អះអាង​ថា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នានា​កំពុង​ប្រឹងប្រែង​តាម​ផ្លូវ​ច្បាប់​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង គឺ​ព្រះតេជគុណ ទឹម សាខន បាន​ទទួល​សិទ្ធិ​ជ្រកកោន​បណ្តោះ​អាសន្ន​នៅ​ឯ​ប្រទេស​ថៃ។

លោក អាង ចន្ទឬទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «ពួក​ខាង​ខ្ញុំ​នៅ​ប្រទេស​ខ្មែរ​ហ្នឹង​មិន​បោះបង់​ទេ គឺ​យើង​នៅតែ​បន្ត​ក្នុង​ការជួយ​ជំរុញ​ឲ្យ​គាត់​ហ្នឹង​បាន​សិទ្ធិ​ជ្រកកោន​នៅ UNHCR នៅ​បាងកក​ដដែល។ គឺ​យើង​បាន​ធ្វើការ​ជាមួយ​នឹង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ដូច​ជា​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ហើយ​យើង​ធ្វើការ​ជាមួយ​នឹង Human Rights Watch ហើយ​និង Amnesty International ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​ជំរុញ​ទៅ​ឲ្យ UNHCR នៅ​បាងកក​ហ្នឹង ឲ្យ​ទទួល​គាត់​បាន​សិទ្ធិ​ជ្រកកោន»

គួរ​រំឭក​ថា បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​ឯ​ប្រទេស​វៀតណាម​អស់​រយៈពេល​មួយ​ឆ្នាំ កាលពី​ថ្ងៃ​ទី​៤ មេសា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឲ្យ​អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ព្រះតេជគុណ ទឹម សាខន វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ឲ្យ​ម្តាយ តែ​បាន​កំណត់​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​នៅ​ថ្ងៃ​១៧ មេសា។

បន្ទាប់​ពី​បាន​មក​ដល់​កម្ពុជា​អតីត​សង្ឃ​អង្គ​នេះ​ក៏​បាន​បួស​ជា​សង្ឃ​វិញ រួច​រត់​ភៀស​ខ្លួន​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ឯ​ប្រទេស​ថៃ​តែម្តង។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ព្រះតេជគុណ ទឹម សាខន មាន​សិទ្ធិ​គ្រប់គ្រាន់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដោយ​ពុំ​ចាំបាច់​មាន​ការភ័យ​ខ្លាច​អ្វី​ទេ។

លោក​បន្ត​ថា ៖ «គោលដៅ​របស់​គាត់​ទៅ​ផ្សេង​ទៀត ដូច្នេះ​គាត់​យក​លេស​ហ្នឹង​ទៅ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន។ មិន​មែន​ជា​រឿង​ថ្មី​ទេ ព្រោះ​មាន​គេ​ដទៃ​ទៀត​ច្រើន​គ្នា​ដូច​គាត់​ដែរ»

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ទ្រិញ បាកឹម មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ការចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ទេ។ លោក​បន្ត​ថា លោកទឹម សាខន គ្រាន់តែ​ជា​ជន​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ។

លោក ទ្រិញ បាកឹម បាន​បញ្ជាក់​ថា ៖ «យើង​មិន​ឃាត់ឃាំង​អី​អា​រឿង​គាត់​ចង់​ទៅ​ណា​ទៅ​ណី គាត់​សុំ​ច្បាប់​ត្រឹមត្រូវ អា​ហ្នឹង​គឺ​វា​ស្រប​ច្បាប់ ប៉ុន្តែ​រត់​ទៅ​អា​ហ្នឹង​វា​របៀប​ខុស​ច្បាប់​ហើយ»

សូម​បញ្ជាក់​ផងដែរ​ថា អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ទឹម សាខន បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយ​ការភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​កាលពី​ថ្ងៃ​១១ មេសា ហើយ​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ឯ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​ប្រទេស​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។