លោក នាង សាវ៉ាត មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានលើកឡើងថា កងរាជអាវុធហត្ថស្រុកពញាក្រែក បានចាប់បុរសម្នាក់យកមកឃុំខ្លួនដើម្បីទារប្រាក់ដោយចោទប្រកាន់ថា បានប្រើហិង្សាទៅលើអ្នកដទៃ។
លោក នាង សាវ៉ាត មានប្រសាសន៍ដូច្នេះ ៖ «រឿងចាប់ខ្លួនមនុស្សហ្នឹងកុំងាយពេក សិក្សាឲ្យបានច្បាស់។ បើជាករណីស៊ើបអង្កេតយើងគួរតែសុំយោបល់មកព្រះរាជអាជ្ញាមក ឲ្យព្រះរាជអាជ្ញាគេចេញដីកាចេញអីទៅ ព្រោះព្រះរាជអាជ្ញាគេពិនិត្យតាមនីតិវិធីប៉េអឹមស្រុកពញាក្រែក។ គ្រាន់តែគេប្រាប់ថា ម្ដាយខ្ញុំត្រូវគេធ្វើអ៊ីចេះៗ ខ្លួនឯងមិនទាន់បានទៅតាមដានមើលអីផង ទៅយកគ្នាមកដាក់ខ្នោះដាក់ច្រវាក់ ហើយមកគំរាមគ្នាឲ្យបង់លុយ រួចបានដោះលែង។ ធ្វើខុសផ្ទុយនឹងនីតិវិធីទាំងស្រុងតែម្ដង។ ខ្ញុំថា ព្រះរាជអាជ្ញាគួរពិនិត្យឡើងវិញ»។
បុរសដែលសមត្ថកិច្ចអាវុធហត្ថចាប់ឃុំខ្លួននោះ ឈ្មោះ យឹម ជា បានមានប្រសាសន៍ឲ្យដឹងថា កាលពីថ្ងៃទី១០ មីនា ឈ្មោះ រ៉ាវី បានកាប់លោកមួយកាំបិតចំក្បាល ហើយត្រូវប៉ូលិសចាប់ រ៉ាវី ឃុំខ្លួន បន្ទាប់មកក៏សម្រុះសម្រួលគ្នាដោយយល់ព្រមឲ្យចេញថ្លៃព្យាបាលដល់ យឹម ជា ចំនួន៣៥ម៉ឺនរៀល។ ប៉ុន្តែក្រោយពីបញ្ចប់ហើយបាន៤ថ្ងៃ គឺនៅថ្ងៃទី១៤ មីនា មានសមត្ថកិច្ចមកចាប់លោកដាក់ខ្នោះជំរិតទារប្រាក់តែម្ដង។
លោក យឹម ជា បានឲ្យដឹងថា ៖ «ប៉េអឹមចំនួន៥នាក់ មកចាប់ខ្លួនខ្ញុំដល់ផ្ទះ។ គេថា បើគ្មានលុយឲ្យគេ២ពាន់ដុល្លារ គេនឹងបញ្ជូនខ្ញុំមកលើ។ ដាក់ច្រវាក់ជើងខ្ញុំ។ មកជួបប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំសុំអង្វរគេឲ្យចុះនៅ២លានរៀល បានគេផ្ដិតមេដៃព្រមព្រៀងឲ្យប្រគល់លុយ២លានឲ្យគេ បានគេដោះខ្ញុំចេញមកវិញ»។
លោក សើ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលចម្ការកៅស៊ូឃុំក្រែក ដែលបានធ្វើការអន្តរាគមន៍រឿងនេះតាំងពីដំបូង បានលើកឡើងថា លោកមិនយល់ថា ហេតុអ្វីបានជាក្រុមអាវុធហត្ថទាំងនោះចាប់ខ្លួនមនុស្សដែលមិនមែននៅក្នុងបទល្មើសជាក់ស្ដែងបែបនេះ។
លោក សើ មានប្រសាសន៍ថា ៖ «ខាងរាជអាវុធហត្ថគេជំរិតទារលុយតែម្ដង គេទារពីរពាន់(ដុល្លារ)។ មេខ្ញុំក៏បានទៅជួបចៅហ្វាយស្រុកដែរ រឿងនេះមិនមែនជាក់ស្ដែងទេ ការងារស៊ើបអង្កេតអនុវត្តតាមពាក្យបណ្ដឹង...។ យើងចុះដល់មូលដ្ឋានហើយ។ ម្ដាយដួលប៉ុន្តែមិនដឹងខាងណាអ្នកច្រានទេ។ កើតហេតុហ្នឹងគឺនៅផ្ទះជនរងគ្រោះ»។
សមត្ថកិច្ចអាវុធហត្ថស្រុកពញាក្រែក មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ ឯមេបញ្ជាការអាវុធហត្ថខេត្ត ទូរស័ព្ទលោករោទ៍ជាច្រើនដងតែពុំមានអ្នកទទួលឡើយ។
លោក នាង សាវ៉ាត មន្ត្រីសិទ្ធិមនុស្សអាដហុក បានអះអាងថា លោកនឹងអន្តរាគមន៍ទៅកងរាជអាវុធហត្ថថ្នាក់លើឲ្យមានការណែនាំថ្នាក់ក្រោមឲ្យអនុវត្តច្បាប់ក្នុងការចាប់ខ្លួនមនុស្សឃុំឃាំងឲ្យបានត្រឹមត្រូវ។
លោក នាង សាវ៉ាត បានឲ្យដឹងថា ៖ «ទៅចាប់យកមកដាក់ខ្នោះគ្នា គំរាមឲ្យគ្នាបង់លុយ៤-៥លាន។ ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះហើយប៉េអឹមនៅមិនទាន់ចេះរឿងចាប់មនុស្សនៅឡើយ ខ្ញុំអត់នឹកស្មានទាល់តែសោះតែម្ដង។ ខ្ញុំនឹងព្យាយាមធ្វើអន្តរាគមន៍ករណីនេះទៅបញ្ជាការប៉េអឹមខេត្ត ទៅដល់ប៉េអឹមផ្ទៃប្រទេសទៅទៀត ដើម្បីឲ្យសិក្សាពីរឿងហ្នឹងឡើងវិញ បើនៅតែធ្វើអ៊ីចឹងប្រជាពលរដ្ឋអស់ជំនឿ។ ឥឡូវហ្នឹងគេមិនចង់ឲ្យប៉េអឹម ប៉ូលិសនៅជិតដើម្បីការពារសន្តិសុខទេ រាល់ថ្ងៃគេភ័យប៉េអឹមនិងប៉ូលិសចុះទៅចាប់ហើយគំរាមឲ្យគេបង់លុយ»។
លោក នាង សាវ៉ាត បន្ថែមថា ការឃុំខ្លួនមនុស្សវាអាចធ្វើឲ្យបាត់បង់សេរីភាពសព្វបែបយ៉ាង និងប៉ះពាល់ដល់សេរីភាពផ្សេងៗទៀត ជាពិសេសអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះបុគ្គលម្នាក់ៗ បើសិនជារឿងចោទប្រកាន់នោះមិនមែនជាការពិត៕
