គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បដិសេធ​របាយការណ៍​លីកាដូ

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​៦ កញ្ញា បាន​ប្រកាស​បដិសេធ​របាយការណ៍​របស់​អង្គការ លីកាដូ ដែល​បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ពី​សំណាក់​អាជ្ញាធរ និង​តុលាការ។

0:00 / 0:00

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។

អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា លោក ម៉ក់ សម្បត្តិ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ កញ្ញា បាន​ហៅ​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​បាន​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន អំពី​ការ​ធ្វើ​បាប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ជា​របាយការណ៍​របស់​អង្គការ​តែ​មួយ ដែល​មិន​អាច​បង្ហាញ​ពី​ភាព​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​នោះ​ឡើយ។

ការ​បដិសេធ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អង្គការ​លីកាដូ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចំនួន ៦៦​នាក់ ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ​កម្ពុជា រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បាន​ចាប់​ខ្លួន​ពួក​គាត់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ពួក​គាត់​ធ្វើ​ការ​តស៊ូ​មតិ​ជួយ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ។

លោក ម៉ក់ សម្បត្តិ បន្ត​ទៀត​ថា ការ​រិះគន់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កន្លង​មក វា​គ្មាន​អ្វី​ប្លែក​នោះ​ទេ ហើយ​លោក​ក៏​បាន​ចោទ​ប្រកាន់​អង្គការ លីកាដូ ថា មិន​បាន​សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​មើល​របាយការណ៍ មុន​ពេល​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន។

លោក ម៉ក់ សម្បត្តិ បន្ថែម​ទៀត​ថា រដ្ឋាភិបាល​នៅ​មិន​បាន​ធ្វើ​ការ​គាប​សង្កត់ ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ ហើយ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ គឺ​ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស។

អង្គការ លីកាដូ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​ផ្សាយ​របាយការណ៍​រយៈពេល ២​ឆ្នាំ​របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា ការ​វាយ​ប្រហារ និង​ការ​គំរាម​កំហែង​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​បាន​ចាប់ផ្ដើម​កត់ត្រា​តាំង​ពី​ខែ​មករា ឆ្នាំ​២០០៨ ដល់​ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ប្រឈម​មុខ​នឹង​បរិយាកាស​គ្រោះថ្នាក់​កាន់​តែ​ច្រើន​ឡើង ដូច​ជា​ការ​ទទួល​រង​អំពើ​ហិង្សា​ផ្នែក​រាង​កាយ ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ ការ​ប្រឌិត​រឿង ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​បទ​ល្មើស​ព្រហ្មទណ្ឌ ការ​រារាំង​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ និង​ការ​ដើរ​ហើរ និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ដោយ​បង្ខំ​ជាដើម។

របាយការណ៍​បន្ថែម​ទៀត​ថា តុលាការ​កំពុង​ប្រើ​មធ្យោបាយ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ដើម្បី​ព្រមាន​កុំ​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហ៊ាន​បន្ត​ការងារ​របស់​ពួក​គេ​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ​ប្រជា​ពលរដ្ឋ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ត្រូវ​បាន​បង្គាប់​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ ក្នុង​ការ​ចូលរួម​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី ការ​តវ៉ា ឬ​ក៏​បំបាក់​ស្មារតី​សកម្មភាព​ដោយ​ប្រយោល​ពី​ការ​បន្ត​កិច្ចការ​សិទ្ធិ​មនុស្ស​របស់​ពួក​គេ ដោយ​គំរាម​ពន្យារ​ពេល​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ។

ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈីវកេក នៅ​ថ្ងៃ​ច័ន្ទ ទី​៦ កញ្ញា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​ព្រម​ទទួល​យក​របាយការណ៍​របស់​អង្គការ​លីកាដូ។ លោកស្រី​បន្ត​ទៀត​ថា រដ្ឋាភិបាល​គួរតែ​សហការ​ជាមួយ​អង្គការ​លីកាដូ ដើម្បី​បញ្ចប់​ការ​ធ្វើ​បាប​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

របាយការណ៍​របស់​អង្គការ​លីកាដូ​បាន​ចេញ​ផ្សាយ ២​ថ្ងៃ បន្ទាប់​ពី​តុលាការ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៣០ សីហា បាន​សម្រេច​កាត់​ទោស​បុគ្គលិក​រដ្ឋបាល​អង្គការ​លីកាដូ លោក លាង សុខជឿន ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ២​លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចោទ​ថា លោក​បាន​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល។

ការ​កាត់​ទោស លោក លាង សុខជឿន បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ដោយ​អង្គការ​ទាំង​នោះ​ចោទ​ប្រកាន់​ថា ការ​កាត់​ទោស​នេះ​ជា​ការ​បង្ហាញ​ពី​ការ​ខ្វះខាត​ភាព​ឯករាជ និង​ភាព​មិន​លម្អៀង​របស់​តុលាការ ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​ប្រឆាំង​នឹង​អ្នក​មាន​អំណាច​តិចតួច ជាជាង​ការ​ការពារ​សិទ្ធិ​របស់​អ្នក​ទាំង​នោះ។ អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បរិហារ​កេរ្តិ៍ គឺ​ជា​មធ្យោបាយ​ដែល​ប្រើ​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើត​បរិយាកាស​ភ័យ​ខ្លាច៕