បក្ស​សិទ្ធិ​មនុស្ស​រៀបចំ​ធ្វើ​សន្និបាត​លើក​ទី​១​នៅ​ថ្ងៃ​អាទិត្យ​នេះ

គណបក្ស​សិទ្ធិ​មនុស្ស​ក្រោម​ការដឹកនាំ​របស់​លោក កឹម សុខា ទើប​បាន​ចេញ​ផ្សាយ​លិខិត​មួយ​ច្បាប់​អញ្ជើញ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូលរួម​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១​របស់​គណបក្ស ដែល​នឹង​ចាត់​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​១៩ កក្កដា នា​ទី​ស្នាក់ការ​កណ្តាល ផ្ទះ​លេខ​៧២​-​៧៤ ផ្លូវ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។

លោក យ៉ែម បុញ្ញឫទ្ធិ អគ្គ​លេខាធិការ​បក្ស​និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​របស់​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​នេះ​នឹង​ធ្វើ​ឡើង​តាម​លក្ខន្តិកៈ​និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស គឺ​២​ឆ្នាំ​ត្រូវ​ធ្វើ​ម្តង។

លោក យ៉ែម ប៉ុញ្ញារិទ្ធ បាន​បញ្ជាក់​ថា ៖ «នៅ​ក្នុង​ហ្នឹង​កម្មវិធី​ដែល​សំខាន់ គឺ​ធ្វើ​របាយការណ៍​សកម្មភាព​ពី​ឆ្នាំ​កន្លង​ផុត​មក ដើម្បី​សុំ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​គាត់​ពិនិត្យ​មើល ថា​តើ​ថ្នាក់​ដឹកនាំ​អនុវត្ត​គោលការណ៍​ពី​មុន​មក​ហ្នឹង​មាន​ការខុស​ឆ្គង​ឬ​ក៏​ខ្វះ​ខាត​ចន្លោះ​ត្រង់​ណា​ខ្លះ? ហ្នឹង​ចំណុច​សំខាន់​ទី​១។ ចំណុច​សំខាន់​ទី​២ ថ្នាក់​ដឹកនាំ​នឹង​លើក​ជូន​ទៅ​អង្គ​សន្និបាត​នូវ​ទិសដៅ​និង​គោល​នយោបាយ​ថ្ងៃ​អនាគត​២​ឆ្នាំ​ទៅ​មុខ​ទៀត ហើយ​និង​ធ្វើការ​ពិភាក្សា​ពី​ថ្នាក់​ក្រុមប្រឹក្សា​ជាតិ​ទាំង​មូល អង្គ​សន្និបាត​ហ្នឹង ថា​តើ​គួរ​ថែម​ថយ​ទិសដៅ​និង​គោល​នយោបាយ​អ្វី​ខ្លះ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៅ​មុខ?»

លោក​អគ្គលេខា យ៉ែម បុញ្ញឫទ្ធិ ក៏​ប្រាប់​ឲ្យ​ដឹង​ថែម​ទៀត​ថា ក្នុង​សន្និបាត​លើក​នេះ​នឹង​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​៣០០​រូប​នា​ទី​ស្នាក់ការ​កណ្តាល​របស់​បក្ស ហើយ​ក្នុង​ឱកាស​នោះ​ក៏​នឹង​លើក​យក​រឿង​ពិសេស​មួយ​មក​ពិភាក្សា​ផងដែរ គឺ​រឿង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​សមរង្ស៊ី។

លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​សំខាន់​នៅ​ក្នុង​សន្និបាត​ហ្នឹង ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង សំខាន់​គឺ​ការងារ​ទៅ​មុខ​ទៀត តើ​យើង​ត្រូវ​ធ្វើ​ម៉េច​ខ្លះ​ជុំវិញ​សម្ព័ន្ធភាព​រវាង​អ្នក​ប្រជាធិបតេយ្យ?»