បក្ស​សិទ្ធិ​មនុស្ស​នឹង​ធ្វើ​សន្និបាត​ជាតិ​លើក​ទី​២​នៅ​ថ្ងៃ ៣០ កក្កដា

គណបក្ស​សិទ្ធិ​មនុស្ស​ នឹង​បើក​​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​​​លើក​ទី​២ របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ។

សមាជិក សមាជិកា​ដែល​ជា​អ្នក​ដឹកនាំ​ថ្នាក់​ស្រុក ខេត្ត និង​ថ្នាក់​ជាតិ​​ទូទាំង​ប្រទេស ព្រមទាំង​សកម្មជន​ផ្សេង​ទៀត​សរុប​ប្រមាណ ៥០០​នាក់​នឹង​ចូលរួម​កិច្ច​ប្រជុំ​នេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ឱ្យ​ដឹង​អំពី​របៀបវារៈ​នៃ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​នេះ ៖ «ផែនការ​ធំៗ​ចំនួន​ពីរ​នៅ​ពេល​សន្និបាត​នោះ គឺ​ទី​១ ត្រូវ​ធ្វើ​របាយការណ៍​ពី​សកម្មភាព​អ្វី​ដែល​ខ្លួន​បាន​អនុវត្ត​ចំនួន​ពីរ​ឆ្នាំ​កន្លង​ផុត​មក​ជូន​អង្គ​សន្និបាត​ទាំង​មូល​ឲ្យ​បាន​ជ្រាប និង​អនុញ្ញាត​ឲ្យ​គាត់​ផ្ដល់​មតិ​យោបល់​មក​វិញ។ ទី​២ និយាយ​ពី​ការ​លើក​ទិសដៅ​ដែល​ត្រូវ​អនុវត្ត​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត។ នៅ​ក្នុង​ទិសដៅ​ពីរ​ឆ្នាំ​ទៅ​មុខ គឺ​មាន​ប្រធានបទ​ចំនួន​ពីរ​ធំៗ គឺ​ទី​១ ទាក់ទង​នឹង​ការ​បង្រួបបង្រួម និង​ទី​២ យុត្តិសាស្ត្រ​ក្នុង​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុង​ឆ្នាំ​២០១២ ខាង​មុខ»

​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៧។ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ កាល​ពី​ឆ្នាំ​២០០៨ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទួល​អាសនៈ​ចំនួន ៣​កន្លែង នៃ​អាសនៈ​​សរុប​ចំនួន ១២៣ ក្នុង​រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា៕