សមាជនេះប្រកាសអំពីការរុះរើគណៈកម្មការទាំងបីរបស់បក្សសិទ្ធិមនុស្ស ដោយបោះឆ្នោតជ្រើសតាំងជាថ្មីវិញ និងប្រកាសឲ្យដឹងពីការរួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៉ី។
នៅក្នុងសមាជបក្សដែលធ្វើឡើងរយៈពេល ៥ឆ្នាំម្ដង នៅទីស្នាក់ការបក្សសិទ្ធិមនុស្ស នៅទីក្រុងភ្នំពេញ លើកទីពីរនេះ សមាជិកនិងថ្នាក់ដឹកនាំបក្ស បានព្រមព្រៀងនូវចំណុចសំខាន់បី។ ចំណុចទី១ គឺជាការប្រកាសជ្រើសតាំងថ្នាក់ដឹកនាំថ្មី ៣រូប ចំណុចទី២ ការប្រកាសរួមគ្នា និងគណបក្ស សម រង្ស៉ី ឈានទៅបង្កើតបក្សថ្មីមួយទៀត និងចំណុចទី៣ ជាការប្រកាសអនុម័តរៀបចំស្នើឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សមានអាយុកាល ៥ឆ្នាំទទួលជោគជ័យយ៉ាងច្រើនក្នុងការប្រជែងយកសន្លឹកឆ្នោត។ លោកលើកទិសដៅថា សុំឲ្យសមាជិកគណបក្សចូលជាកំលាំងសាមគ្គី ដើម្បីរួមចំណែកក្នុងការផ្ដួលរំលំបក្សកាន់អំណាចតាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ។
លោក កឹម សុខា បញ្ជាក់ថា អ្វីដែលគណបក្សសិទ្ធិមនុស្សត្រូវធ្វើនៅពេលនេះ ជាការរួមកំលាំងប្រជាធិបតេយ្យដើម្បីមានការផ្លាស់ប្ដូរ៖ «ខ្ញុំមានមោទនភាពណាស់ ដែលខ្ញុំសម្រេចតាមឆន្ទៈ តាមការទាមទាររបស់ពលរដ្ឋខ្មែរ ជាជំហានដំបូងនៃការបង្កើតគណបក្សសិទ្ធិមនុស្ស។ ខ្ញុំបានរួមនឹងឯកឧត្ដម សឺន ស៊ូប៊ែរ្តិ៍ និងឯកឧត្ដម ប៉ែន សុវណ្ណ។ ចុងក្រោយយើងបានរួមគ្នានឹងអ្នកស្នេហាជាតិម្នាក់ទៀត គឺ សម រង្ស៉ី»។
លោក កឹម សុខា បន្តថា ការរួមគ្នានឹងគណបក្ស សម រង្ស៉ី រយៈពេល ៤ថ្ងៃកន្លងទៅ បានទទួលការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានអ្នកស្នេហាលទ្ធិប្រជាធិតេយ្យ។
អគ្គលេខាធិការចលនាប្រជាធិបតេយ្យ និងជាអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា ការរួមកំលាំងប្រជាធិបតេយ្យជារឿងសំខាន់បំផុតដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា។ លោកស្រីបន្តថា ចលនាប្រជាធិបតេយ្យបង្កើតឡើងដោយគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស សម្រាប់ខ្មែរទាំងអស់គ្នាចូលរួមតស៊ូដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ៖ «កំលាំងអ្នកប្រជាធិបតេយ្យនឹងរួមបង្កើតគណបក្សថ្មីមួយ ហើយគណបក្សនេះមានមូលដ្ឋានទៅហើយ គឺសំឡេងគាំទ្រជាង ៣០% នៃអ្នកបោះឆ្នោត»។
លោកស្រី មូរ សុខហួរ បន្តថា គណបក្សថ្មីនឹងបង្ហាញរូបរាងនាពេលឆាប់ៗខាងមុខ ដែលមានសមាជិកមកពីគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស និងមហាជនអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយ មន្ត្រីគណបក្សកាន់អំណាចសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា លោកគាំទ្រការរួមគ្នារបស់គណបក្សទាំងពីរ ព្រោះជារឿងល្អក្នុងលទ្ធិប្រជាធិបតេយ្យ។ លោកអះអាងថា ទោះបីគណបក្សទាំងពីររួមគ្នាក៏មិនអាចយកជ័យជម្នះលើគណបក្សប្រជាជនបានឡើយ។
ទោះជាយ៉ាងនេះក្តី គណបក្សប្រឆាំងគិតថា ការរួមគ្នាជាកំលាំងជាវិធីតែមួយគត់ ដើម្បីយកប្រៀបលើគណបក្សកាន់អំណាច ឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។
នៅក្នុងសមាជគណបក្សសិទ្ធិមនុស្ស សមាជិកគណបក្សទាំងអស់គាំទ្រជាថ្មីឲ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្ស លោក សឺន ស៊ូប៊ែរ្តិ៍ ជាប្រធានគណៈកម្មការនាយក និងលោក ប៉ែន សុវណ្ណ ជាប្រធានគណៈកម្មការវិន័យ។
កាលពីឆ្នាំ២០០៧ គណបក្សសិទ្ធិមនុស្ស បង្កើតបក្សដោយមានមនុស្សជាង ២សែននាក់គាំទ្រ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៨ មានសំឡេងគាំទ្រចំនួនជាង ៤សែនសំឡេង ហើយនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានទទួលការគាំទ្រជាង ៨០០អាសនៈ និង ១៨មេឃុំ។
គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៉ី បានឯកភាពគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ហើយបានចេញសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី១៨ កក្កដា អំពាវនាវឲ្យមានការផ្លាស់ប្តូរដោយអហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។