លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១៣ មេសា ថា មនុស្សមកពីច្រើននិន្នាការនយោបាយគណបក្សបានមកចូលរួមជាមួយគណបក្សសិទ្ធិមនុស្សនៅខេត្តកំពង់ចាម ដោយរួមមានទាំងគណបក្សកំពុងកាន់អំណាចផងដែរ។
លោក កឹម សុខា បានថ្លែងដូច្នេះ ៖ «រូបភាពធំជាងគេដែលចូលរួមគឺខាងគណបក្ស សម រង្ស៊ី ដែលមានឯកឧត្ដម ម៉ៅ មុនីវណ្ណ ថ្នាក់ដឹកនាំមូលដ្ឋានក្នុងខេត្តទាំងមូលដ្ឋាន ទីពីរគឺមានគណបក្សផ្សេងៗទៀត ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច (បក្ស) នរោត្តម រណឫទ្ធិ ដែលគាត់ហ៊ានចេញមុខមកបង្ហាញ ប៉ុន្តែសមាជិកមួយចំនួនដែលមកពីគណបក្សប្រជាជនគាត់មិនហ៊ានចេញមុខមកបង្ហាញទេ តែគាត់មកចូលរួមដែរ»។
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងពិធីនេះដែរ បានមានប្រសាសន៍មុនបើកកម្មវិធីថា មានសមាជិកគណបក្ស សម រង្ស៊ី ចំនួន ៦០នាក់ ដែលជាគណៈកម្មការប្រតិបត្តិថ្នាក់ជាតិចលនាយុវជន ចលនាស្ត្រីតាមបណ្ដាស្រុកក្នុងខេត្តបានចូលរួមជាមួយគណបក្សសិទ្ធិមនុស្សនាថ្ងៃនេះ។
លោក ម៉ៅ មុនីវណ្ណ បានចាកចេញពីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែមីនា ហើយទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សនៅថ្ងៃដដែលនោះដែរ ដោយលោករិះគន់ថា លោកមិនពេញចិត្តនូវភាពផ្ដាច់ការក្នុងគណបក្សដែលផ្ដល់សិទ្ធិតែពីរគ្រួសារ។
លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា ៖ «ខ្ញុំបានបកស្រាយនូវភាពផ្ដាច់ការ និងមិនប្រជាធិបតេយ្យនៅក្នុងគណបក្ស សម រង្ស៊ី រួចហើយ ដូច្នេះសុំឲ្យបងប្អូនជនជាតិទាំងអស់ ហើយនិងសកម្មជនសកម្មនារីទាំងអស់មកចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីឲ្យក្លាយជាចលនាប្រជាធិបតេយ្យដ៏ធំមួយដើម្បីឲ្យមានការផ្លាស់ប្ដូរនៅឆ្នាំ២០១៣ ខាងមុខនេះ»។
លោក គួយ ប៊ុនរឿន តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម បានមានប្រសាសន៍ថា លោកពុំមានការភ្ញាក់ផ្អើលចំពោះសកម្មភាពនេះទេ ព្រោះលោកដឹងថា ទោះជាមានការចង់បំបាត់សំឡេងគណបក្ស សម រង្ស៊ី ពីសំណាក់គណបក្សកាន់អំណាច ឬលោក ម៉ៅ មុនីវណ្ណ បានចាកចេញទៅដោយនាំយកមនុស្សបួនប្រាំនាក់ទៅជាមួយក៏ដោយ ក៏លោកនៅតែមានជំនឿថា គណបក្ស សម រង្ស៊ី នៅតែទទួលជ័យជម្នះជានិច្ច។
លោ គួយ ប៊ុនរឿន បានបញ្ជាក់បន្ថែមថា ក្នុងគោលការណ៍បញ្ចូលគ្នាតំណាងការងារគណបក្សទាំងសងខាងបានចរចាគ្នា ៦លើករួចមកហើយ ដោយបានធ្វើសេចក្ដីថ្លែងការណ៍មួយអំពីលទ្ធផលនៃរបាយការណ៍ទាំងពីរ គឺបានបញ្ចប់តាមការកំណត់កិច្ចប្រជុំទីពីរមិនវាយប្រហារគ្នាទីបី ទុកលទ្ធភាពឲ្យថ្នាក់ដឹកនាំទាំងពីរជជែកគ្នា។
ទោះជាយ៉ាងណាក្តី ក៏គេសង្កេតឃើញនៅក្នុងការប្រជុំបញ្ចូលសមាជិកគណបក្សថ្មីនៅទីចាត់ការគណបក្សសិទ្ធិមនុស្ស ភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម លោក កឹម សុខា បានធ្វើការរិះគន់ខ្លះៗទៅលើគណបក្ស សម រង្ស៊ី ថា បានព្យាយាមឲ្យគណបក្សសិទ្ធិមនុស្សរំលាយខ្លួនដើម្បីទៅចូលរួមក្រោមគណបក្ស សម រង្ស៊ី ដែលលោកថា បើរំលាយខ្លួនទាំងអស់គ្នាបង្កើតគណបក្សថ្មីនោះបាន។
លោក ប៉ែន សង្ហា អ្នកនាំពាក្យរបស់គណបក្ស នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ប្រតិកម្មថា ពុំមានរបាយការណ៍ណាមួយបញ្ជាក់ថា មានសកម្មជនថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធរបស់គណបក្សនេះចូលទៅគណបក្សសិទ្ធិមនុស្សឡើយ ហើយលោកបានសុំឲ្យលោក កឹម សុខា កុំធ្វើការវាយប្រហារមកលើគណបក្សលោក ដោយថា នេះមិនមែនជាពេលឃោសនាបោះឆ្នោតទេ។
គណបក្សសិទ្ធិមនុស្សបានទទួលសំឡេងមួយកៅអីនៅខេត្តកំពង់ចាម កាលពីបោះឆ្នោតតំណាងរាស្ត្រអាណត្តិកន្លងទៅ ហើយលោកបានអះអាងថា គណបក្សលោកកំពុងតែរីកធំធាត់ឡើងហើយនាពេលបច្ចុប្បន្ននេះ៕
