ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ មក​ដល់​​កម្ពុជា

ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃ​៣០ ខែ​មីនា តាម​ជើង​យន្តហោះ​ពិសេស​ឈ្មោះ Air China នៅ​វេលា​ម៉ោង ៤ និង ១០​នាទី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

0:00 / 0:00

លោក ហ៊ូ ជិនតាវ មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ តាម​ការ​អញ្ជើញ​ពី​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរមនាថ ព្រះ​បាទ នរោត្ដម សីហមុនី សម្រាប់​រយៈពេល ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ​២០១២ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-ចិន)។

គេ​ឃើញ​មាន​វត្តមាន​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​មក​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​លោក ហ៊ូ ជិនតាវ។ ក្នុង​នោះ​មាន​ដូច​ជា រដ្ឋមន្ត្រី​ព្រះបរមរាជវាំង លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​មន្ត្រី​ស្ថានទូត​ចិន នៅ​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ូ ជិនតាវ នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០១២ ដែល​បាន​បើក​កិច្ច​ប្រជុំ​អាស៊ាន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១២។

ហ៊ូ ជិនតាវ ៣០៥
៣០-មីនា-២០១២៖ សិស្សានុសិស្ស​កាន់​រូប​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) និង​លោក​ជំទាវ ដើម្បី​ទទួល​ស្វាគមន៍​ការ​អញ្ជើញ​មក​ដល់​របស់​លោក ហ៊ូ ជិនតាវ នា​រាជធានី​ភ្នំពេញ។ (RFA/Sok Serey)

នៅ​មុន​ទស្សនកិច្ច​នេះ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្រកាស​រួច​ហើយ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២ ថា កម្ពុជា​នឹង​មិន​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា​និង​ដោះស្រាយ​ទេ ពី​ព្រោះ កម្ពុជា​មិន​ចង់​ធ្វើ​អន្តរជាតិ​ភាវូបនីយកម្ម​លើ​បញ្ហា​នេះ។ ជា​រួម ការ​ប្រកាស​ជំហរ​បែប​នេះ គឺ​ស្រប​តាម​ការ​ចង់​បាន​របស់​ប្រទេស​ចិន​កន្លង​មក។

តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​៣០ ខែ​មីនា នេះ បាន​ឲ្យ​ដឹង​ថា ទំហំ​វិនិយោគ​របស់​ប្រទេស​ចិន នៅ​កម្ពុជា នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ មាន​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។