សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នឹង​ត្រូវ​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ខែ​វិច្ឆិកា

គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន (AICHR) បើក​សម្ពោធ​គេហទំព័រ និង​កូន​សៀវភៅ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​រាជធានី​ភ្នំពេញ។

0:00 / 0:00

ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិមនុស្ស​អាស៊ាន និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​ថា គេហទំព័រ និង​កូន​សៀវភៅ គឺ​ជា​សមិទ្ធផល​ថ្មី​ដែល​បង្ហាញ​ពី​ព័ត៌មាន​សំខាន់ៗ​របស់ AICHR នៅ​មុន​ពេល​ដែល​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ត្រូវ​បាន​អនុម័ត។

សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន នឹង​ត្រូវ​អនុម័ត​អោយ​​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​អាស៊ាន ក្នុង​ខែ​វិច្ឆិកា ខាង​មុខ បើ​ទោះ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តែ​បន្ត​រិះគន់​ថា សេចក្ដី​ប្រកាស​នោះ​នឹង​ពុំ​អាច​ការពារ​សិទ្ធិ​ពលរដ្ឋ​អោយ​បាន​ពេញ​លេញ។

ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន និង​ជា​ប្រធាន​គណៈ​ធម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បញ្ជាក់​ជា​ថ្មី​ពី​គម្រោង​អនុម័ត​សេចក្ដី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន នៅ​ក្នុង​ពិធី​សម្ពោធ​បើក​គេហទំព័រ និង​កូន​សៀវភៅ​ស្ដីពី គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន។

លោក ឱម យ៉ិនទៀង បន្ត​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន គឺ​ជា​ឯកសារ​ស្ដីពី​ឆន្ទៈ​នយោបាយ​ដែល​មិន​មែន​ជា​អត្ថបទ​ច្បាប់៖ «បើ​ជា​អត្ថបទ​ច្បាប់​និយាយ​ពី​បង្កើត​នេះ​បង្កើត​នោះ វិធានការ​ស្អីៗ ពាក់ព័ន្ធ​បញ្ហា​បទល្មើស​បញ្ហា​អី តែ​បើ​ជា​អត្ថបទ​នយោបាយ​វា​ជា​បង្ហាញ​នូវ​សុច្ឆន្ទៈ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​១០។ អ្វី​ដែល​យើង​នឹង​សម្ពោធ​នៅ​ខែ​១១ ខាង​មុខ​នេះ វា​នឹង​បង្ហាញ​នូវ​អ្វី​ដែល​ប្រទេស​ទាំង ១០ បាន​ឯកភាព​គ្នា ហើយ​កុំ​បារម្ភ​ថា ប៉ុណ្ណឹង​វា​មិន​ទាន់​គ្រប់​គ្រាន់ យើង​នៅ​មាន​ពេល​ទៅ​មុខ​ទៀត។ យើង​នៅ​មាន​កិច្ចការ​ខ្លះ​យើង​ធ្វើ​ជា​អនុ​សញ្ញា មិនមែន​ជា​សេចក្ដី​ថ្លែងការណ៍​ទេ។ សេចក្ដី​ថ្លែងការណ៍​​គឺ​មិន​មែន​ជា​ច្បាប់»

ការ​បញ្ជាក់​របស់​លោក ឱម យ៉ិនទៀង គឺ​បន្ទាប់​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ពុំ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​ចាប់​បង្ខំ​អោយ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់។

ស្របគ្នា​នេះ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​ជួប​ប្រជុំ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​លើក​ឡើង​ថា សេចក្ដី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​គឺ​ទាប​ជាង​បទដ្ឋាន​នៃ​សេចក្ដី​ថ្លែងការណ៍​ជា​សកល ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនសក្តិ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​សេចក្ដី​ប្រកាស​ពុំ​បាន​ធានា​សិទ្ធិ​អោយ​បាន​ពេញ​លេញ​នោះ​ការ​បង្កើត​បទដ្ឋាន​ច្បាប់​ផ្សេងៗ​ទៀត នឹង​មិន​អាច​មាន​ភាព​រឹងមាំ​ឡើយ៖ «សេចក្ដី​ថ្លែងការណ៍​គួរ​តែ​ចែង​អំពី​ខ្លឹមសារ​សិទ្ធិ​មនុស្ស​ ជា​គោល​ជា​ក្រម​សីលធម៌​មួយ​អោយ​ខ្ពស់​មែន​ទែន​ទៅ។ បើ​ចែង​សេចក្ដី​ថ្លែងការណ៍​ ដែល​មាន​កម្រិត​ខ្ពស់​វា​នាំ​អោយ​មាន​ជា​មូលដ្ឋាន​ល្អ​​ក្នុង​ការ​បង្កើត​ជា​ឧបករណ៍​ផ្សេងៗ​ទៀត​ក៏​ងាយ​នឹង​បកស្រាយ ហើយ​មាន​ទម្ងន់​ថា ត្រូវ​តែ​ធ្វើ​ផ្អែក​តាម​ស្មារតី​នៃ​សេចក្ដី​ថ្លែងការណ៍​ហ្នឹង»

តំណាង​ការិយាល័យ​ឧត្ដម​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ជេម ហ៊ីណាន (James Heenan) បាន​លើក​ឡើង​ថា ទោះ​ជា​បែប​ណា​លោក​រំពឹង​ទុក​ថា សេចក្ដី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នឹង​មាន​បទដ្ឋាន​មិន​ទាប​ជាង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឡើយ៖ «សេចក្ដី​ព្រាង សេចក្ដី​ប្រកាស​ហ្នឹង តាម​ខ្ញុំ​យល់ គឺ​ពុំ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​យើង​គ្រប់​គ្នា​បាន​ព្យាយាម​ស្វែង​រក និង​ចង់​ពិនិត្យ​មើល​ថា តើ​គេ​បាន​ចែង​ពី​អ្វី​ខ្លះ។ ប៉ុន្តែ​ពុំ​អាច​ដឹង​បាន​នៅ​មុន​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស។ ទោះ​យ៉ាងណា ដូច​ខ្ញុំ​បាន​លើក​ឡើង​​យើង​បាន​ឃើញ​ថា រដ្ឋ​ជា​សមាជិក (អាស៊ាន) បាន​ប្ដេជ្ញា​ថា នឹង​មិន​អោយ​សេចក្ដី​ប្រកាស​នេះ​​មាន​តម្លៃ​ទាប​ជាង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឡើយ»

គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០៩។ ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លង​ទៅ គណៈកម្មាធិការ​នេះ​បាន​បំពេញ​ការងារ​សម្រប​សម្រួល​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ក្នុង​ការ​រក​ចំណុច​រួម ដើម្បី​បង្កើត​អោយ​បាន​សេចក្ដី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន ដែល​គេ​ជឿ​ជាក់​ថា គឺ​ជា​ជំហាន​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។