អាជ្ញាធរ​ខេត្ត​កំពង់ធំ​គំរាម​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ បាន​ទៅ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​ការ​ការពារ​ព្រៃ​ឈើ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ ក្នុង​ខេត្ត​កំពង់​ធំ តែ​អាជ្ញាធរ​បាន​រារាំង។

អាជ្ញាធរ​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ បាន​គំរាម​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ប្រសិន​បើ​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ស្ដីពី​សិទ្ធិ​មនុស្ស និង​ការ​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ឃុំ​មាន​ឫទ្ធិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​វេទិកា​សាធារណៈ និង​បណ្ដុះបណ្ដាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឈឹម សាវុធ បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​៧ ខែ​កញ្ញា អភិបាល​រង​ស្រុក​សណ្ដាន់ ឈ្មោះ ទីវ ហុក និង​អធិការ​ស្រុក​នេះ មាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ប្រមាណ ២០​នាក់ បាន​ទៅ​គំរាមកំហែង ថែម​ទាំង​ថត​រូប​អ្នក​ចូលរួម និង​ថត​ស្លាក​លេខ​ឡាន​ទាំង​អស់ មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បើក​វគ្គ​បណ្ដុះបណ្ដាល​ទេ។

លោក ឈឹម សាវុធ បាន​បញ្ជាក់​ថា គោល​បំណង​សំខាន់​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ទៅ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ដោយសារ​តែ​មាន​សំណើ​ពី​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ទៅ​សាលា​ខែត្រ និង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​រួចរាល់​ហើយ​ដែរ។

អភិបាល​ស្រុក​សណ្ដាន់ លោក ស៊ឹម វណ្ណា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​របស់​លោក​បាន​រារាំង​នោះ ធ្វើ​ទៅ​តាម​បញ្ជា​របស់​អភិបាល​ខែត្រ ពីព្រោះ​ថា អង្គការ​ទាំង​ពីរ​នេះ​ពុំ​មាន​ស្នាក់ការ​ប្រចាំការ​នៅ​ខែត្រ​នេះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា គ្មាន​ច្បាប់​ណា​មួយ​ហាម​ឃាត់​មិន​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​នៅ​តាម​ខែត្រ​នោះ​ទេ ពីព្រោះ​ថា អង្គការ​ទាំង​នេះ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ សម្រាប់​អនុវត្ត​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​រួច​ហើយ​នោះ ហើយ​អង្គការ​ទាំង​នេះ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​ខាង​ខែត្រ ឬ​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​នោះ គេ​អាច​ធ្វើ​ការងារ​របស់​ខ្លួន​បាន។

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា ការ​រារាំង​វគ្គ​បណ្ដុះបណ្ដាល​នេះ ដោយសារ​តែ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្វះ​ការ​ទំនាក់​ទំនង​គ្នា។

អាជ្ញាធរ​ស្រុក​សណ្ដាន់ រារាំង និង​គំរាមកំហែង​អង្គការ​ទាំង​ពីរ​នេះ​ជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​អង្គការ​ទាំង​ពីរ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដូច​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​គីរីបុព្វតារាម ដែល​ព្រះចៅ​អធិការ​វត្ត​បាន​អនុញ្ញាត តែ​អាជ្ញាធរ​ហាម​ឃាត់។

ខែត្រ​កំពង់ធំ ជា​ខែត្រ​មួយ​មាន​ផ្ទៃ​ដី​ធំ​ទី​២ នៃ​ប្រទេស​កម្ពុជា។ ខែត្រ​នេះ​ភាព​ចម្រូងចម្រាស​អំពី​ការ​កាប់​ឈើ​អនាធិបតេយ្យ​របស់​ឈ្មួញ និង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ប៉ះ​ពាល់​លើ​ផ្ទៃ​ដី​ព្រៃ​ស្រោង ឬ​ព្រៃឡង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ពិសេស​ជនជាតិ​ភាគ​តិច​កួយ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ការ​រារាំង​របស់​សមត្ថកិច្ច​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​បិទ​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញ​មតិ សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បន្ទាប់​ពី​លោក​បាន​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា លើក​ទី​៥ កាល​ពី​ខែ​មិថុនា កន្លង​ទៅ បាន​លើក​ឡើង​ថា មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​មតិ ហើយ​កំពុង​តែ​រឹតត្បិត​សេរីភាព​របស់​ខ្លួន​ឯង។ ស្ថានការណ៍​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​វិស័យ​មួយ​ចំនួន ប៉ុន្តែ​​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ ដូចជា​សិទ្ធិ​ដីធ្លី ការ​បណ្ដេញ​ចេញ និង​សេរីភាព​បញ្ចេញ​មតិ៕