លោក ហ៊ុន សែន បានដាក់ចេញនូវផែនទីចង្អុលផ្លូវមួយចំនួន ដើម្បីឲ្យអន្តរជាតិដឹងឮ។
លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃទី ២២ កក្កដា ក្នុងសន្និសីទកាសែតមួយ នាក្រុងភ្នំពេញថា កម្ពុជា ថៃ និងឥណ្ឌូណេស៊ី គួរបង្កើតក្រុមការងារត្រីភាគីមួយ ដើម្បីដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា និងថៃ មុនពេលមានរដ្ឋាភិបាលថ្មីនៅប្រទេសថៃបង្កើតឡើង និងក្រោយពេលតុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ បានចេញសេចក្ដីបង្គាប់ឲ្យកម្ពុជា និងថៃ ដកកងទ័ពចេញពីតំបន់គ្មានកងទ័ព ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិនោះ។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បានអះអាងថា លោកបានបញ្ជាឲ្យបញ្ជូនសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលថៃចាំផ្ទះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឲ្យបានដឹងថា កម្ពុជាបានតៀមខ្លួនរួចហើយ ដើម្បីអនុវត្តយ៉ាងពេញលេញ តាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ប្រទេសហុល្លង់ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១១ កន្លងទៅថ្មីៗ នេះ។
លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានតៀមខ្លួនរួចហើយដែរ ក្នុងការដកកងទ័ព ចេញពីតំបន់គ្មានកងទ័ព ទំហំជាង ១៧,៣ គ.ម ការ៉េ ក្នុងពេលជាមួយគ្នា និងការដកកងទ័ពថៃ ដើម្បីបើកផ្លូវឲ្យអ្នកសង្កេតការណ៍លើបទឈប់បាញ់ពីប្រទេសឥណ្ឌូណេស៊ី មកឈរជើងនៅទីនោះ ដោយផ្អែកតាមផែនទីទទួលស្គាល់ដោយអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងសន្និសីទកាសែត នៅឯវិមានសន្តិភាព នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១១ ថា កម្ពុជាសុខចិត្តដកកងទ័ពចេញពីទឹកដីខ្លួនឯង ដើម្បីរក្សាសុវត្ថិភាពរបស់ប្រាសាទព្រះវិហារ និងការពារមិនឲ្យបង្ហូរឈាម ប្រជាពលរដ្ឋខ្មែរ និងកងទ័ពកម្ពុជា និងថៃ។
លោក ហ៊ុន សែន ៖ «កន្លែងណាទល់មុខគ្នាអ៊ីចឹង យើងចាប់ផ្ដើមធ្វើការដកនៅម៉ោងជាមួយគ្នា ពេលជាមួយគ្នា ហើយអាចឥណ្ឌូណេស៊ីឈរមើល ដើម្បីឲ្យឃើញកងទ័ពចេញទាំងអស់គ្នា។ បើតាមគំនិតរបស់ខ្ញុំ រាយការណ៍ទាំងអាវុធទៀត ដើម្បីឲ្យមានតម្លាភាព»។
ប្រតិកម្មរបស់លោក ហ៊ុន សែន គឺក្រោយពីនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ គឺលោក អាប់ភិសិត វីចាជីវ៉ា (Abhisit Vejjajiva) បានប្រកាសនៅពេលថ្មីៗ នេះថា លោកជំទាស់ និងជំហររបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលមានប្រសាសន៍ កាលពីថ្ងៃទី ២០ ខែកក្កដាថា កម្ពុជាមិនអាចដកកងទ័ពមុនពេលអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូណេស៊ី មកឈរជើងនោះទេ។
ភាគីថៃ នៅមិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះការប្រកាសជំហររបស់លោក ហ៊ុន សែន នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១១។ អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ទោះបីថៃយល់ព្រម ឬមិនយល់ព្រមក៏ដោយ កម្ពុជាបានបង្ហាញជំហរវិជ្ជមានក្នុងការដោះស្រាយហើយ ៖ «លិខិតអាចមានប្រសិទ្ធភាពនៅពេលដែលរដ្ឋាភិបាលថ្មី (ថៃ) កើតឡើង ពីព្រោះរដ្ឋាភិបាលចាំផ្ទះមិនមានសិទ្ធិចាត់ចែងក្នុងរឿងនេះទេ។
សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ស្ដីពីការអនុវត្តន៍ តាមដីកាបង្គាប់របស់តុលាការអន្តរជាតិ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១១ នោះមានចំនួន ៧ ចំណុច ដែលមន្ត្រីរដ្ឋាភិបាល បានចែកជូនអ្នកកាសែត នៅមុនសន្និសីទកាសែតចាប់ផ្ដើម។
លោក ហ៊ុន សែន បញ្ជាក់ថា អ្នកសង្កេតការណ៍លើបទឈប់បាញ់ពីប្រទេសឥណ្ឌូណេស៊ីនោះ មិនមែនចំនួន ៣០ នាក់ដូចបានព្រមព្រៀងកន្លងមកនោះទេ ហើយក៏មិនមែនមកឈរជើងនៅកន្លែងតំបន់ចាក់ច្រែង តំបន់តាសឹម និងតំបន់ ៥ មករា ទៀតទេ គឺឈរជើងនៅតំបន់គ្មានកងទ័ព តាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ថ្មីៗ នេះ៕