លោក ហ៊ុន សែន បញ្ចេញ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​ថៃ

ឯកសារ​សំងាត់​មួយ បាន​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​ជំទាស់​នឹង​សេចក្ដីព្រាង​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន ជុំវិញ​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ក្រោយ​ពី​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។

នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ឯ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១១ បាន​លាត​ត្រដាង​ឲ្យ​ដឹង​អំពី​ឯកសារ​សំងាត់​មួយ ដែល​លោក​បាន​ទទួល​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) អំពី​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។

លោក ហ៊ុន សែន បាន​អះអាង​ថា លោក​នឹង​រាយការណ៍​ជូន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ពេល​ឆាប់ៗ នេះ ដោយសារ​តែ​ភាគី​ថៃ នៅ​តែ​ជំទាស់​រាល់​ពាក្យ និង​ខ្លឹមសារ​សំខាន់ៗ ក្នុង​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​កន្លង​មក។

នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក ហ៊ុន សែន បាន​លើក​បង្ហាញ​លិខិត​សំងាត់​មួយ ដែល​មាន​បោះត្រា​អក្សរ​ធំៗ ជា​ភាសា​អង់គ្លេស​ថា ខន់ហ្វីដិនហ្សល (Confidential) ឬ​រក្សា​ការ​សំងាត់។ លិខិត​នេះ គឺ​ជា​សេចក្ដីព្រាង​នៃ​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន អំពី​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​ចាំបាច់​ត្រូវ​តែ​លាត​ត្រដាង​នូវ​ឯកសារ​សំងាត់​នេះ ដើម្បី​ឲ្យ​អន្តរជាតិ​ដឹង​ឮ​អំពី​ឥរិយាបថ ឬ​ភាព​ក្រឡេចក្រឡុច​របស់​ភាគី​ថៃ មិន​ចង់​ដោះស្រាយ នៅ​គ្រា​ដែល​ភាគី​កម្ពុជា​គាំទ្រ​ទាំងស្រុង ៖ «ខ្ញុំ​ស្នើ​ជូន​ឯកឧត្ដម ហោ ណាំហុង បើ​សិន​ជា​សេចក្ដីថ្លែងការណ៍​នេះ ចេញ​មិន​រួច សុំ​បញ្ជូន​សេចក្ដីថ្លែងការណ៍​នេះ ទៅ​តុលាការ​ឡាអេ​ទៀត ដើម្បី​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ បាន​យល់ បាន​ដឹង​អំពី​ឥរិយាបថ​របស់​ថៃ ចំពោះ​សាលដីកា​សម្រេច​នេះ​យ៉ាងម៉េច»។

លោក​បាន​ទទួល​លិខិត​សំងាត់​នេះ នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០១១ ពី​ប្រធាន​អាស៊ាន គឺ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា។

អ្នក​វិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ៖ «ព្រោះ​សេចក្ដី​សម្រេច​ចង់​បាន​ធ្វើ​របាយការណ៍​ទៅ​កាន់​ឡាអេ​ហ្នឹង។ អ៊ីចឹង​ទាំង​ភាគី​អាស៊ាន ទាំង​ភាគី​កម្ពុជា ទាំង​ភាគី​ថៃ។ អ៊ីចឹង​សំដី​របស់​រាជ​រដ្ឋាភិបាល ខ្ញុំ​ជឿ​ថា ជា​ការ​ត្រឹមត្រូវ»។

តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ចំណុច​សំខាន់ៗ មួយ​ចំនួន ដែល​ភាគី​ថៃ ជំទាស់​នោះ មាន​ដូច​តទៅ ថៃ​បាន​ជំទាស់​ពាក្យ​ថា (អនុវត្តន៍​តាម​យ៉ាង​ពេញលេញ)។ ថៃ​ជំទាស់​ពាក្យ (ក្នុង​នាម​អាស៊ាន)។ ថៃ​ជំទាស់​ពាក្យ​ថា (ស្ដីពី​ជំហាន​ដែល​ត្រូវ​ដើរ​ទៅ​មុខ បន្ទាប់​ទៀត)។

លោក ហ៊ុន សែន ៖ «យើង​គាំទ្រ​ហើយ តែ​ថៃ​មិន​គាំទ្រ។ បើ​អ៊ីចឹង​បញ្ជូន​ទៅ​ឡាអេ​ទៀត»។

ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ប្រទេស​ហុល្លង់ ចុះ​ថ្ងៃ​ទី ១៨ ខែ​កក្កដា មាន​ចំនួន ៣ ចំណុច​ធំៗ ដែល​ក្នុង​នោះ មាន​ចំណុច​មួយ គឺ​តុលាការ​បាន​សម្រេច​ឲ្យ​ភាគី​នីមួយៗ ត្រូវ​ផ្ដល់​ព័ត៌មាន​ជូន​តុលាការ​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​របស់​ខ្លួន តាម​វិធានការ​បណ្ដោះអាសន្ន​របស់​តុលាការ៕