ប្រធានគណបក្សសមរង្ស៊ី គឺលោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ដល់ប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានោះថា លោកមិនអាចទទួលយកលទ្ធផលនៃការបោះឆ្នោតនោះបានទេ ដោយសារមានមនុស្សប្រមាណ ១លាននាក់ មិនបានបោះឆ្នោត ។
លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «សូមបងប្អូនទាំងអស់គ្នា ប្រកាន់គោលជំហរឲ្យរឹងមាំ អត់ទទួលស្គាល់ការបោះឆ្នោតនេះ ជាដាច់ខាត ។ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ទូទាំងប្រទេសកម្ពុជា» ។
ការជួបជុំគ្នាតវ៉ានេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សសមរង្ស៊ី បានដើរចែកខិត្តប័ណ្ណអញ្ជើញអ្នកដែលមិនបានបោះឆ្នោត ឲ្យមកតវ៉ានៅទីស្នាក់ការគណបក្សសមរង្ស៊ី ហើយក្នុងយុទ្ធនាការចែកខិត្តប័ណ្ណនោះ មានសកម្មជនគណបក្សសមរង្ស៊ី មួយចំនួន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញឃាត់ខ្លួន ដោយលើកហេតុផលថា ការពារសណ្ដាប់ធ្នាប់សាធារណៈ ។
ស្របពេលនឹងការតវ៉ានោះ អាជ្ញាធរក្រុងភ្នំពេញបានដាក់ពង្រាយកម្លាំងប្រដាប់អាវុធជុំវិញទីស្នាក់ការគណបក្សសមរង្ស៊ី និងតាមដងផ្លូវនានា ជិតវិមានឯករាជ្យដើម្បីការពារក្រែងមានការធ្វើបាតុកម្ម ហើយក៏មានការចូលរួមពីអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុប មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងស្ថានទូតសហរដ្ឋអាមេរិកផងដែរ ។
ទោះជាយ៉ាងណា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា នឹងមិនមានការបោះឆ្នោតឡើងវិញនោះទេ ។
តាមលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត ឆ្នាំ២០០៨នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០អាសនៈ គណបក្សសមរង្ស៊ី ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ៣អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ២អាសនៈ ដែលលទ្ធផលនេះ ត្រូវបានជំទាស់ដោយគណបក្សប្រឆាំងទាំងបួន ។
លោក សម រង្ស៊ី បានឲ្យដឹងទៀតថា គណបក្សទាំងបួន គឺគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ នឹងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដែលមិនបានបោះឆ្នោត ឲ្យធ្វើការដាក់ពាក្យបណ្ដឹងចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
ស្ត្រីម្នាក់ទៀតរស់នៅទីក្រុងភ្នំពេញ បានប្រាប់វិទ្យុអាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះថា សមាជិកគ្រួសាររបស់គាត់ មាន ៩នាក់ ដែលមានសិទ្ធិបោះឆ្នោតតែ ៥នាក់ មិនបានបោះឆ្នោតឡើយ ដោយសារតែបាត់ឈ្មោះ ។
ស្ត្រីរូបនោះបានសម្ដែងការសង្ស័យចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងដូច្នេះថា៖ «កាលពេលចុះឈ្មោះបោះឆ្នោត បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅមើលឈ្មោះ ហើយបើអត់មានឈ្មោះ យើងនឹងចុះ ប៉ុន្តែទៅមើលហើយ ឃើញមានឈ្មោះទាំងអស់ ហើយក៏អត់ចុះទេ ។ ដល់ពេលមកបោះឆ្នោត ហេតុអីឈ្មោះគាត់អត់មាន ។ ដាក់ឈ្មោះនៅសង្កាត់ឲ្យយើងទៅមើល ពេលនោះឈ្មោះយើងមាន ស្រាប់តែមកបោះឆ្នោត ឈ្មោះយើងអត់មាន ។ អ៊ីចឹងបានន័យថា បញ្ជីដែល គ.ជ.ប. ធ្វើនេះ គឺគាត់ធ្វើពីរ» ។
គួរជម្រាបថា មន្ត្រីឃ្លាំមើលការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃអាទិត្យ ២៧ កក្កដា មិនត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិឡើយ ៕
