ស្ថានភាព​ជំងឺ​របស់​លោក​ហ៊ុន​សែន

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​អង្គារ ទី​១៣ កក្កដា​ថា លោក ហ៊ុន សែន បាន​ជា​សះស្បើយ​ពី​ជំងឺ​របស់​លោក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ណា​មួយ​ថា​តើ​នៅ​ពេល​ណា ទើប​លោក ហ៊ុន សែន អាច​ចូល​ដឹក​នាំ​រដ្ឋាភិបាល​បាន​វិញ​ទេ។

0:00 / 0:00

មន្ត្រី​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក ហ៊ុន សែន បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​លោក​ហើយ​នៅ​ពេល​ថ្មី​នេះ។ ប៉ុន្តែ​មន្ត្រី​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ជំងឺ​របស់​លោក ហ៊ុន សែន និង​ពេល​ណា​ទើប​លោក ហ៊ុន សែន អាច​ចូល​ធ្វើ​ការ​ដឹក​នាំ​រដ្ឋាភិបាល​វិញ​បាន​ទេ។

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ប្រាក់ សុខុន នៅ​ថ្ងៃ​អង្គារ ទី​១៣ កក្កដា បាន​បំភ្លឺ​ចម្ងល់​របស់​គណបក្ស​ប្រឆាំង​អំពី​ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន ថា លោក ហ៊ុន សែន​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​លោក​ហើយ។ លោក ប្រាក់ សុខុន មិន​បាន​បញ្ជាក់​អំពី​ប្រភេទ​នៃ​ជំងឺ​របស់​លោក ហ៊ុន សែន ទេ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១០ កក្កដា​ថា លោក ហ៊ុន សែន មាន​ជំងឺ​ភ្នែក ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​លំអិត​នៅ​ឡើយ​ទេ។

លោក ប្រាក់ សុខុន បាន​បន្ថែម​ថា លោក ហ៊ុន សែន ធ្លាប់​មាន​បញ្ហា​ភ្នែក ប៉ុន្តែ​ឥឡូវ​នេះ លោក ហ៊ុន សែន គ្មាន​បញ្ហា​ភ្នែក​ទេ ហើយ​ពេល​នេះ លោក​នាយក​រដ្ឋមន្ត្រី​កំពុង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​១៣ កក្កដា​ថា លោក​ទទួល​ព័ត៌មាន​ថា លោក ហ៊ុន សែន បាន​ទៅ​ត្រួត​ពិនិត្យ​ជំងឺ​របស់​គាត់​នៅ​ប្រទេស​សិង្ហបុរី។ លោក​ក៏​គ្មាន​ព័ត៌មាន​លំអិត​នៅ​ឡើយ​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​អំពី​សុខភាព​របស់​លោក ហ៊ុន សែន ពីព្រោះ​ប្រជា​ពលរដ្ឋ​ចង់​ដឹង​ពី​ស្ថានភាព​របស់​លោក។ លោក​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ព័ត៌មាន​ពី​សុខភាព​មេ​ដឹក​នាំ។ ហើយ​ប្រសិន​មេ​ដឹក​នាំ​មាន​បញ្ហា​សុខភាព ត្រូវ​មាន​អ្នក​ជំនួស​ដើម្បី​ឲ្យ​ដំណើរ​ការ​របស់​រដ្ឋាភិបាល​នៅ​តែ​បន្ត។

អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ថា គណៈ​រដ្ឋមន្ត្រី នៅ​មិន​ទាន់​មាន​របៀប​វារៈ​ដើម្បី​ប្រជុំ​នៅ​សប្ដាហ៍​នេះ​នៅ​ឡើយ​ទេ។

ក្រសួង​សុខាភិបាល​កាល​ពី​ខែ​មិថុនា បាន​ជូន​ព័ត៌មាន​ជា​សាធារណៈ​ថា លោក ហ៊ុន សែន បាន​ឆ្លង​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី។ ក្រសួង​សុខាភិបាល​នៅ​ពេល​នោះ បាន​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ជា​ធូរ​ស្បើយ​ហើយ៕