លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ បានអំពាវនាវសុំឲ្យអ្នកជំនាញអំពើភេរវកម្មរបស់សហរដ្ឋអាមេរិក អូស្រ្តាលី កម្ពុជា និងថៃ រួមសហការគ្នាបើកការស៊ើបអង្កេតជាបន្ទាន់មួយ ជុំវិញការផ្ទុះយន្តហោះគ្មានមនុស្សបើក និងបំណែករបស់ដែលសមត្ថកិច្ចកម្ពុជាបានរកឃើញនៅខេត្តព្រះវិហារ ជាប់ព្រំដែនខ្មែរថៃកន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមិនជឿថា យន្តហោះនេះជាយន្តហោះស៊ើបការណ៍សំងាត់របស់ថៃទេ ប៉ុន្តែលោកសង្ស័យថា វាជារបស់ក្រុមភេរវកម្មណាមួយ ដែលយកតំបន់គ្មានមនុស្សរស់នៅដើម្បីសាកល្បង និងដើម្បីគំរាមកំហែងលើប្រទេសណាមួយ ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មន្ត្រីរាជការជាច្រើនរយនាក់នៅឯក្រសួងមហាផ្ទៃនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ ថាលោកសុំកុំឲ្យមានការចោទប្រកាន់ភាគីថៃក្នុងរឿងនេះ ៖ "ដោយសារតែថៃបានបដិសេធ និងដោយមានជំនឿរបស់យើងថា ថៃនឹងមិនប្រើរូបភាពនៃការប្រើយន្តហោះឥតមនុស្សបើក។ អ៊ីចឹងទេ ខ្ញុំផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាអំពើភេរវកម្មវិញ ព្រោះមិនត្រូវមើលស្រាលពួកភេរវជនបច្ចុប្បន្ន ដែលវាអាចប្រើប្រាស់នូវមធ្យោបាយបែបនេះ យកមកសាកល្បង។ តែនេះមិនមែនជាការសាកល្បងវាយប្រហារទេ តែគេអាចមានកម្មវិធីសាកល្បងនៃការប្រើយន្តហោះប្រភេទអត់មនុស្សបើក ដើម្បីត្រៀមវាយប្រហារគោលដៅណាមួយ ក្នុងប្រទេសកម្ពុជា ឬគោលដៅណាមួយក្នុងប្រទេសថៃ"។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ការសង្ស័យថា យន្តហោះនេះអាចជារបស់ក្រុមភេរវជនរបស់អាល់កៃដា ក្រុមផ្សេងទៀត។
អ្នកវិភាគស្ថានការណ៍នយោបាយ និងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា មានតែការស៊ើបអង្កេតមួយដោយឯករាជ្យទេ ដែលបានបកស្រាយសំណុំរឿងនេះបាន ៖ "គឺមានន័យថា សម្ដេចនាយកគាត់មានបំណងចង់ពន្លត់បញ្ហាទំនាស់នេះដោយសន្តិវិធី ដោយមិនដាក់ទោសទៅខាងណាមួយ ហើយកុំឲ្យមានការចាប់ថ្នាក់ ដើម្បីអី ដើម្បីពន្លត់នូវសង្គ្រាមព្រំដែននេះ នេះជាការគិតរបស់ខ្ញុំ"។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចកម្ពុជាបានរកឃើញបំបែកយន្តហោះគ្មានមនុស្សបើកនៅខេត្តព្រះវិហារ ជាប់ព្រំដែនខ្មែរ-ថៃ ក្រោយពីមានការផ្ទុះលាន់ឮយ៉ាងខ្លាំង នៅព្រឹកថ្ងៃដដែលនោះ នៅភូមិគូលែនខាងត្បូង ឃុំស្រយង់។
ក្រោយពីមានការផ្ទុះនោះមក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក យុត្ថាសាក់ សាស៊ីប្រាផា (Yuthasak Sasiprapha) បានមានប្រសាសន៍ប្រាប់កាសែតថៃ ឈ្មោះបាងកកប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃទី១៧ ខែសីហា ថា យន្តហោះនោះមិនមែនជារបស់ថៃទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បំណែកយន្តហោះចំនួន ១៧បំណែក និងប្រអប់ខ្មៅ ដែលបានរកឃើញ កំពុងតែរក្សាទុក និងកំពុងបន្តការរុករកបន្តទៀត៕