នាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ជប៉ុន

តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហាតូយ៉ាម៉ា យូក្យូ (Hatoyama Yuko) គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦-៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

គណៈ​ប្រតិភូ​នឹង​អម​ដំណើរ​ដោយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ហោ ណាំហុង, ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចម ប្រសិទ្ធ រួម​នឹង​សមាជិក​រាជ​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ចូល​ជួប​សវនាការ​ជាមួយ​ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតូ រាជ​ទាយាទ​នៃ​ប្រទេស​ជប៉ុន, ប្រធាន​រដ្ឋ​សភា លោក តាកាហ៊ីរ៉ូ យ៉ូកូម៉ីឈី ប្រធាន​ព្រឹទ្ធសភា លោក អ៊ីដាសាគស៊ូគី និង​ជួប​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហាតូយ៉ាម៉ា យូក្យូ ផងដែរ ហើយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ក្រុង​តូក្យូ​ស្តីពី​ភាព​ជា​ដៃគូ​ថ្មី​មួយ​សម្រាប់​អនាគត​រីក​ចម្រើន​រុងរឿង​រវាង​ជប៉ុន​និង​ប្រទេស​តំបន់​ទន្លេ​មេគង្គ ដោយ​មាន​ផែនការ​សកម្មភាព​ជប៉ុន​-​មេគង្គ​ជា​ឧបសម្ព័ន្ធ៕