នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅឲ្យអង្គការយូណេស្កូនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការបញ្ជូនទ័ពនោះ គឺជាការគំរាមកំហែងចំពោះសន្តិភាពក្នុងតំបន់ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបានជូនដំណឹងដល់ប្រជាជនខ្មែរទូទាំងប្រទេសឲ្យដឹងថា ប្រទេសថៃកំពុងតែធ្វើការឈ្លានពានលើអធិបតេយ្យជាតិខ្មែរហើយ ។
ការជូនដំណឹងបានធ្វើឡើងជាផ្លូវការនៅថ្ងៃនេះតាមរយៈការចេញលិខិតមួយរបស់ក្រសួងការបរទេសខ្មែរ ដែលត្រូវបានបណ្តាញសារព័ត៌មាននានា រួមទាំងទូរទស្សន៍ជាតិផងដែរ បានធ្វើការផ្សាយដំណឹងភ្លាមៗដើម្បីឲ្យមតិសាធារណជនទូទៅបានជ្រាប ។
ក្រសួងការបរទេសខ្មែរបានឲ្យដឹងនៅក្នុងលិខិតនោះថា ប្រទេសថៃបានរំលោភលើបន្ទាត់ព្រំដែនអន្តរជាតិ ដែលបានគូរតាំងពីឆ្នាំ១៩០៨ ដោយគណៈកម្មការចម្រុះ រួមមានតំណាងមកពីប្រទេសសៀមនិងគណៈប្រតិភូនៃប្រទេសអាណាព្យាបាល មានប្រទេសបារាំងផងដែរ ដែលកាលនោះ បានតំណាងឲ្យប្រទេសកម្ពុជា ៕
