មេ​ដឹកនាំ​ខ្មែរ​រិះគន់​ធ្ងន់ៗ​ចំពោះ​នាយក​រដ្ឋមន្ត្រី​ថៃ

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ បាន​ធ្វើការ​រិះគន់​ធ្ងន់ៗ​ចំពោះ​នាយក​រដ្ឋមន្រ្តី​ថៃ ដែល​បាន​រិះគន់​ដំណើរ​បំពេញ​ទស្សនកិច្ច​​របស់​លោក​នៅ​តាម​ព្រំដែន​ជាមួយ​ភរិយា​ក្នុង​សម្លៀក​បំពាក់​ទាហាន។

0:00 / 0:00

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​៨ កុម្ភៈ ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​រិះគន់​ចំពោះ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក​រដ្ឋមន្រ្តី​ថៃ ដែល​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​របស់​លោក​នៅ​តាម​ព្រំដែន​ជាមួយ​ភរិយា​ក្នុង​សម្លៀក​បំពាក់​ទាហាន និង​បាន​ហៅ​កង​ទ័ព​ថៃ​ដែល​លើក​ទ័ព​មក​ចូល​មក​វត្ត​កែវសិខាគិរីស្វរៈ​ខ្មែរ ថា​ជា​កង​ទ័ព​ឈ្លានពាន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ៖ «លើក​មុន​បាន​និយាយ​ថា ហ៊ុន សែន និយាយ​ដើម្បី​ប្រជាប្រិយ​ភាព ឥឡូវ​នេះ​គឺ​ស្លៀក​សម្លៀក​បំពាក់​យោធា​ទៅ​កាន់​តំបន់​ព្រំដែន​គឺ​ដើម្បី​ផល​ប្រយោជន៍​ខាង​នយោបាយ។ ចុះ អាភីស៊ិត ខ្លួន​ឯង​សាក​ស្លៀក​ទៅ​មើល! ស្លៀក​ទៅ! ស្លៀក​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស​ថៃ​ទៅ! រួច​ពាក់​ស័ក្តិ​១​ទៅ អា​ស័ក្តិ​១​ក្លែងក្លាយ​នោះ។ លោក​ឯង​ថា​ឲ្យ​ខ្ញុំ ខ្ញុំ​ថា​ឲ្យ​លោក​ឯង លោក​ឯង​មិន​បាន​បំពេញ​កាតព្វកិច្ច​យោធា​ផង បែរ​ជា​ឮ​ថា មាន​ស័ក្តិ​១ ឥឡូវ​គេ​កំពុង​តែ​តាម​រក​រឿង ម៉េច​ក៏​មិន​ឆ្លើយ​ឲ្យ​គេ? ហើយ​ពាក់​ស័ក្តិ​ចេញ​មក... ស័ក្តិ​១​ទៅ​គោរព​អនុពង់​ទៅ ទៅ​គោរព​មេ​ទ័ព​ដទៃ​ទៀត​ទៅ។ វា​ទើស​ក្បាល​អី​លោក​ឯង​បើ​ខ្ញុំ​ពាក់​អាវ​ទាហាន​មួយ​ជីវិត! សូម្បីតែ​មុន​ពេល​មក​នេះ​ទៅ​សម្ពោធ​ទី​បញ្ជាការ​កង​ទ័ព​ជើង​ទឹក ខ្ញុំ​មិន​ពាក់​ទាហាន! ហើយ​សន្និបាទ​នៅ​ក្រសួង​ការពារ​ជាតិ ខ្ញុំ​មិន​ពាក់​ទាហាន! ហើយ​ទើប​នឹង​ឆោត​ល្ងង់​អាភីស៊ិត ទើប​នឹង​ឆោត​ល្ងង់​ថ្ងៃ​នេះ អា​នេះ​ឡប់ៗ ឆ្កួតៗ ឲ្យ​តែ​ត្រូវ​មាត់។ កុំ​ថា ខ្ញុំ​និយាយ​អត់​ពូជ​អំបូរ អ្នក​ឯង​អត់​ពូជ​អំបូរៗ បញ្ហា​ហ្នឹង​ត្រូវ​និយាយ​ឲ្យ​អ្នក​ឯង​ឲ្យ​ច្បាស់ អ្នក​ឯង​គ្មាន​សិទ្ធិ​នឹង​ហាម​ឃាត់​ខ្ញុំ​មិន​ឲ្យ​ពាក់​ស្អី​ទេ! ខ្ញុំ​ពាក់​អី​ស្រេច​តែ​ក្បាល​ចិត្ត​ខ្ញុំ កុំ​ឲ្យ​តែ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​បាន​ហើយ!»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ចោទ​ប្រកាន់​ផ្សេងៗ​របស់​អ្នក​ដឹកនាំ​ថៃ​មិន​ត្រឹមត្រូវ និង​មាន​កាសែត​ថៃ​មួយចំនួន​បាន​សរសេ​មិន​ត្រឹមត្រូវ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ៖ «តើ​ខ្ញុំ​និយាយ​ការ​ពិត​ឬ​លោក​និយាយ​ភូត? បញ្ហា​ស្ថិត​នៅ​កន្លែង​ហ្នឹង។ ខ្ញុំ​បាន​និយាយ​ការ​ពិត​ហើយ​ថា កង​ទ័ព​ថៃ​ឈ្លានពាន​កាន់កាប់​វត្ត​កែវសិខាគិរីស្វរៈ បើ​មិន​ពិត​ទេ ឲ្យ​ខ្ញុំ​រលាយ​ចុះ! តែ​បើ​ពិត ក៏​ឲ្យ​លោក​រលាយ​ដែរ! លោក​ហ៊ាន​មក​ប្រដៅ​ខ្ញុំ​ឲ្យ​និយាយ​ការ​ពិត តើ​លោក​ឯង​បាន​និយាយ​ការ​ពិត​ហើយ​ឬ​នៅ?»

ការ​ប្រើ​ពាក្យ​សម្ដី​រិះគន់​ធ្ងន់ៗ​ចំពោះ​អ្នក​ដឹកនាំ​ប្រទេស​ថៃ​នេះ​បាន​កើត​មាន​ក្រោយ​ពេល​មាន​កាសែត​ថៃ​ជា​ភាសា​អង់គ្លេស​មួយចំនួន​បាន​សរសេរ​រិះគន់​ចំពោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មាន​ស្រង់​សម្ដី​អ្នក​ដឹកនាំ​ប្រទេស​ថៃ​ផងដែរ។

នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​នេះ​ផងដែរ មាន​ប្រភព​ព័ត៌មាន​ពី​តំបន់​ប្រាសាទ​តាមាន់​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ដែល​បាន​ចូល​កាន់កាប់​ប្រាសាទ​តាមាន់​របស់​ខ្មែរ​ក្នុង​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ទៅ​ទស្សនកិច្ច​ក្បែរ​តំបន់​នោះ​បាន​ដក​អស់​វិញ​ហើយ។ ជាមួយ​នេះ​ដែរ​នៅ​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ ដោយ​បាន​បង្ហាញ​ឯកសារ​អះអាង​ថា ប្រាសាទ​តាមាន់​ជា​របស់​ខ្មែរ៕