ក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានប្រកាសថា លោក ថាក់ស៊ីន នឹងមកធ្វើសុន្ទរកថារឿងសេដ្ឋកិច្ចនៅចំពោះមុខអ្នកជំនាញកិច្ចការសេដ្ឋកិច្ចប្រមាណ៣០០នាក់ នៅឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១២ ក្នុងសប្តាហ៍នេះ។ រដ្ឋអំណាចថៃបានចាត់ទុក លោក ថាក់ស៊ីន ថាជាពលរដ្ឋថៃគេចពីច្បាប់។
យោងតាមប្រភពទីភ្នាក់ងារព័ត៌មាននានា មកទល់ពេលនេះ នាយករដ្ឋមន្រ្តីថៃ អភីស៊ិត វេតឆាឈីវ៉ាក់ ថាការរិះគន់ប្រព័ន្ធតុលាការថៃក្នុងករណីលោក ថាក់ស៊ីន នោះ ជារឿងទទួលយកមិនបានឡើយ។ តុលាការថៃបានដាក់ទោសលោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទចោទថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ២០០៨ ក្រោយពីរដ្ឋប្រហារ២ឆ្នាំ។ លោកមានលិខិតឆ្លងដែនចំនួន៦ពីប្រទេសមួយចំនួនចាប់ពីទ្វីបអឺរ៉ុបដល់អាមេរិកកណ្តាល ហើយរក្សាទីលំនៅក្នុងក្រុងឌូបៃ ប្រទេស អារ៉ាប់រួម អេមីរ៉ាត។ លោកធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួន។ សម្បតិ្តទ្រព្យដ៏ស្តុកស្តម្ភរបស់លោក តុលាការថៃហាមមិនឲ្យនរណាប៉ះពាល់គឺនៅគាំងក្នុងធនាគារ។
សាស្រា្តចារ្យ ពួងទង ប៉ាវ៉ាកាប៉ាន នៃសកលវិទ្យាល័យ ចុល្លលុងកន ប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃ៦ វិច្ឆិកា ថា លោក ហ៊ុន សែន មិនមែនចាំបាច់ត្រូវការលោក ថាក់ស៊ីន ជាទីប្រឹក្សាសេដ្ឋកិច្ចដោយសារតែត្រូវការយោបល់រឿងសេដ្ឋកិច្ចនោះទេ គឺជារឿងនយោបាយសងសឹកចំពោះរដ្ឋាភិបាលក្រុងបាងកក៕