ការថ្លែងដូច្នេះនៅក្នុងទិវាវប្បធម៌ជាតិលើកទី១២ ក្រោមប្រធានបទ ព្រះវិហារជាទីសក្ការៈ ជាស្នាដៃឯករបស់ខ្មែរ និងជាបេតិកភណ្ឌពិភពលោក នៅឯសាលចតុមុខនៅថ្ងៃទី៣ មីនា។
លោក ហ៊ុន សែន បានបន្ថែមថា ភាគីថៃបានព្យាយាមបន្លំឯកសារធ្វើការប្រយុទ្ធដោយការបាញ់ប្រហារនៅតំបន់វាលឥន្រ្ទី និងតំបន់ភ្នំទ្រព្យដោយភាគីទាហានថៃ ដើម្បីបំផ្លាញប្រាសាទព្រះវិហារនោះ។ លោកថា ប្រសិនបើថៃនៅតែបន្តធ្វើឈ្នានីសកម្ពុជាទៀតនោះ លោកនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «ឯគេវិញគេដុត គេបំផ្លាញ គេធ្វើអ្វីតាមចិត្តគេចង់ ព្រោះគេជាចោរ។ អ៊ីចឹងចោរវាមានដឹងរបស់ល្អ របស់អាក្រក់អី! ប៉ុន្តែមិនមែនបានសេចក្ដីថា ចំណុចនេះបង្ហាញអំពីចំណុចខ្សោយថា កម្ពុជាមិនហ៊ានតបតជាមួយកម្លាំងឈ្លានពាននោះទេ! តម្លៃណាក៏ដោយ ត្រូវការពារឲ្យបាន។ គ្មានអា៤,៦អីនៅត្រង់ហ្នឹងទេ! ទើបនឹងអារដ្ឋាភិបាលចោរហ្នឹងទេ ដែលវាប្រកាសអារឿង៤,៦ហ្នឹង។ ខ្ញុំសុំនិយាយកន្លែងហ្នឹងឲ្យច្បាស់ ហើយកម្ពុជា ខ្ញុំម្សិលមិញគឺព្រាងលិខិតហើយស្រេចសម្រាប់ទៅក្រុមប្រឹក្សាសន្តិសុខ បើមានការចាំបាច់ ហើយជួនកាលមិនចាំបាច់វែងឆ្ងាយផង ឥឡូវគេនឹងសើរើនូវគណៈកម្មការបេតិកភណ្ឌពិភពលោក បើថាវាដល់ចិត្តហើយ គឺថា ត្រូវរុញលិខិតហ្នឹងទៅក្រុមប្រឹក្សាសន្តិសុខ»។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ជុច ភឿន មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា កម្ពុជាបានដឹងពិតប្រាកដថា បានបាត់សិលាចារឹកសំខាន់ៗមួយចំនួនដែលភាគីថៃបានយកទៅ។
លោក ជុច ភឿន បានបញ្ជាក់ថា ៖ «តាមដែលជាក់ស្ដែងមកហ្នឹងវាបាត់សិលាចារឹក... រួចហើយសរសរដែលលម្អនៅតាមដងផ្លូវហ្នឹងវាបាត់ច្រើនណាស់ ស្ទើរតែអស់រលីង។ យើងមិនដឹងថា អ្នកណាយកទេ ប៉ុន្តែខ្ញុំជឿថា វត្ថុដែលសំខាន់គឺសិលាចារឹក ថៃយកផន់យើង អ្វីដែលគេអាចយកបាន។ សមាសភាពស្ថាបត្យកម្មផ្សេងៗ ខ្ញុំក៏មិនដឹងថា បាត់ស្អីនៅអីទេណា៎! ពីព្រោះថា តុលាការឡាអេនិយាយជាច្របល់អ៊ីចឹងទៅ អត់ថាបាត់អីៗទេ គ្រាន់តែដាក់ថា ឲ្យថៃត្រូវសងមកវិញ»។
ប្រាសាទព្រះវិហារត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែកក្កដា ឆ្នាំ២០០៨។ បន្ទាប់មកនៅថ្ងៃទី១៥ ខែកក្កដាដដែលនោះ កងទាហានឈុតខ្មៅថៃរាប់រយនាក់បានចូលមកលុកលុយទីវត្តខ្មែរជិតតំបន់ប្រាសាទព្រះវិហារ នាំឲ្យមានការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរថៃមកទល់បច្ចុប្បន្ន។
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែព្រមានរដ្ឋាភិបាលថៃជាបន្តបន្ទាប់ ដោយចង់ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីបញ្ហាក្រោយពេលមានការចរចាមិនបានទទួលជោគជ័យ ក្នុងការដកកងទ័ពថៃចេញពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ៕