នៅក្នុងការបើកពិធីតភ្ជាប់មុខតំណស្ពានឆ្លងកាត់ទន្លេសាបនៅព្រែកក្តាមខេត្តកណ្តាល នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ៖ «កាលពីខែមេសា ឆ្នាំ២០០៦នោះ ឯកឧត្ដមនាយករដ្ឋមន្រ្តី វិន ជាប៉ាវ បានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពេលនោះ ក្រៅពីកញ្ចប់ថវិកានិងការវិនិយោគ ដូចជាបញ្ហាការកសាងទីស្ដីការគណៈរដ្ឋមន្រ្តី ការកសាងវារីអគ្គិសនីកំចាយ គាត់នៅផ្ដល់ ២០០លានដុល្លារបន្ថែមក្នុងកញ្ចប់ទឹកប្រាក់ផ្ដល់ឲ្យកម្ពុជា ជាឥណទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងចំណែកទឹកប្រាក់នោះ យើងបានបែងចែកប្រើប្រាស់មួយភាគមកកសាងស្ពានព្រែកក្ដាមរបស់យើងនេះ ដែលឥឡូវនេះយើងហៅស្ពានព្រែកក្ដាមហៅកាត់ យើងហៅផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្ដាម»។
លោកបានបន្ថែមថា ជំនួយរបស់ចិនក៏ជួយឲ្យកម្ពុជាមាននយោបាយឯករាជ្យផងដែរ ៖ «ខ្ញុំបានប្រាប់មេដឹកនាំចិនថា ជំនួយរបស់ចិនមិនគ្រាន់តែជួយកម្ពុជាឲ្យអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ក៏ប៉ុន្តែជំនួយរបស់ចិនបានជួយពង្រឹងឯករាជ្យខាងនយោបាយរបស់កម្ពុជាផងដែរ។ នេះជាតម្លៃធំណាស់»។
អ្នកតាមដាននយោបាយនៅកម្ពុជា សង្កេតឃើញថា នៅពេលផ្តល់ជំនួយជាប្រាក់កម្ចី ឬជំនួយឥតសំណងរដ្ឋាភិបាលចិនមិនបានដាក់លក្ខខណ្ឌតឹងរ៉ឹង ទាក់ទងនឹងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដូចម្ចាស់ជំនួយពីបស្ចឹមប្រទេសមួយចំនួននោះទេ៕
