នាយក​រដ្ឋមន្ត្រី​ខ្មែរ​ថ្លែង​សរសើរ​ជំនួយ​ពី​ប្រទេស​ចិន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចិន​ជា​ប្រទេស​មួយ​ដ៏​ធំ​ក្នុង​ការ​ជួយ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ការ​បើក​ពិធី​ត​ភ្ជាប់​មុខ​តំណ​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប​នៅ​ព្រែក​ក្តាម​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ ៖ «កាល​ពី​ខែ​មេសា ឆ្នាំ​២០០៦​នោះ ឯក​ឧត្ដម​នាយក​រដ្ឋមន្រ្តី វិន ជា​ប៉ាវ បាន​មក​ទស្សន​កិច្ច​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ពេល​នោះ ក្រៅ​ពី​កញ្ចប់​ថវិកា​និង​ការ​វិនិយោគ ដូចជា​បញ្ហា​ការ​កសាង​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី ការ​កសាង​វារី​អគ្គិសនី​កំចាយ គាត់​នៅ​ផ្ដល់ ២០០​លាន​ដុល្លារ​បន្ថែម​ក្នុង​កញ្ចប់​ទឹក​ប្រាក់​ផ្ដល់​ឲ្យ​កម្ពុជា ជា​ឥណទាន​សម្រាប់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ក្នុង​ចំណែក​ទឹក​ប្រាក់​នោះ យើង​បាន​បែង​ចែក​ប្រើ​ប្រាស់​មួយ​ភាគ​មក​កសាង​ស្ពាន​ព្រែក​ក្ដាម​របស់​យើង​នេះ ដែល​ឥឡូវ​នេះ​យើង​ហៅ​ស្ពាន​ព្រែក​ក្ដាម​ហៅ​កាត់ យើង​ហៅ​ផ្លូវការ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន​ព្រែក​ក្ដាម»

លោក​បាន​បន្ថែម​ថា ជំនួយ​របស់​ចិន​ក៏​ជួយ​ឲ្យ​កម្ពុជា​មាន​នយោបាយ​ឯករាជ្យ​ផង​ដែរ ៖ «ខ្ញុំ​បាន​ប្រាប់​មេ​ដឹកនាំ​ចិន​ថា ជំនួយ​របស់​ចិន​មិន​គ្រាន់​តែ​ជួយ​កម្ពុជា​ឲ្យ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ជំនួយ​របស់​ចិន​បាន​ជួយ​ពង្រឹង​ឯករាជ្យ​ខាង​នយោបាយ​របស់​កម្ពុជា​ផង​ដែរ។ នេះ​ជា​តម្លៃ​ធំ​ណាស់»

អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា សង្កេត​ឃើញ​ថា នៅ​ពេល​ផ្តល់​ជំនួយ​ជា​ប្រាក់​កម្ចី ឬ​ជំនួយ​ឥត​សំណង​រដ្ឋាភិបាល​ចិន​មិន​បាន​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង ទាក់ទង​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ដូច​ម្ចាស់​ជំនួយ​ពី​បស្ចឹម​ប្រទេស​មួយ​ចំនួន​នោះ​ទេ៕