ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​គំរាម​បិទ​ព្រំដែន​របស់​ថៃ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​៨ វិច្ឆិកា ថា ប្រសិន​បើ​ប្រទេស​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នោះ​ប្រទេស​កម្ពុជា​នឹង​បញ្ជា​មិន​ឲ្យ​មាន​ទំនិញ​ថៃ​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ត​ទៅ​ទៀត​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តជាតិ​ជា​ច្រើន បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​មួយ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ឯ​ព្រលាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​ឈាន​ជំហាន​ក្រោយ​ថៃ​បន្ទាប់​ពី​ថៃ​ទម្លាក់​ចោល​ទំនាក់​ទំនង​ការទូត​ជាមួយ​កម្ពុជា​នោះ ហើយ​ថា កម្ពុជា​ធ្វើ​បែប​នេះ​ជា​ការ​បង្ខំ​ចិត្ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ៖ «តែ​អ្វី​ដែល​ជា​ការ​គំរាម​របស់​គាត់​ហ្នឹង​គឺ​បាន​ដាក់​ជា​សញ្ញា​ឲ្យ​ដឹង​មុន​ហើយ ថា​គាត់​នឹង​ឈាន​ទៅ​ដល់​ការ​បិទ​ទល់​ដែន។ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​ប្រាប់​ថា បើ​បិទ​ទល់​ដែន​លោក​ម្ចាស់ការ​បិទ​ចុះ ប៉ុន្តែ​ទ្វារ​កាល​ណា​តែ​បិទ​ហើយ អ្នក​ឯង​ក៏​ចូល​មិន​រួច ខ្ញុំ​ក៏​ចេញ​មិន​បាន ប៉ុន្តែ​អ្នក​ដែល​ខាត​បង់​គឺ​ប្រជាជន​ទាំង​សងខាង តែ​កម្ពុជា​ខាត​បង់​តិច​ជាង ប្រៀបធៀប​ជាមួយ​នឹង​២​ពាន់​លាន​(ដុល្លារ)​ដែល​ជា​ទីផ្សារ​របស់​អ្នក​ឯង ឯ​កម្ពុជា​មាន​តែ​៩០​លាន​ដុល្លារ​ទេ​ក្នុង​ការ​នាំ​ចេញ តែ​កម្ពុជា​មិន​ចង់​ឲ្យ​មាន​រឿង​ហ្នឹង​កើត​ឡើង​ទេ។ សូម​ឲ្យ​ភាគី​ថៃ​ពិចារណា​ឡើង​វិញ!»

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​នៅ​តំបន់​ព្រះវិហារ​វិញ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​ដដែល លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដក​កងពល​តូច​ទ័ព​ឆ័ត្រ​យោង​លេខ​៩១១ ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​សមរភូមិ​ជួរ​មុខ​នៅ​ប្រាសាទ​ព្រះវិហារ ឲ្យ​វិល​ត្រឡប់​ចូល​បន្ទាយ​ដូច​ដើម​វិញ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​ខណៈ​ដែល​ស្ថានភាព​កម្ពុជា​ថៃ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​និង​មាន​ការ​ធ្លាក់​ចុះ​ខាង​ការទូត បែប​នេះ​ថា ៖ «បញ្ហា​នេះ​មិន​ថា ប្រជាជន​កម្ពុជា​ឬ​ប្រជាជន​ថៃ​ទេ ខ្ញុំ​គួរតែ​ជម្រាប​ឲ្យ​បាន​ដឹង​ថា នេះ​មិន​មែន​ជា​ជម្លោះ​រវាង​ប្រជាជាតិ​កម្ពុជា​និង​ប្រជាជាតិ​ថៃ ហើយ​ក៏​មិន​មែន​ជា​ជម្លោះ​រវាង​ប្រជាជន​កម្ពុជា​ទាំង​មូល​និង​ប្រជាជន​ថៃ​ទាំង​មូល ហើយ​ក៏​មិន​មែន​ជា​ជម្លោះ​បញ្ហា​ព្រំដែន​ដែល​មាន​ការ​តានតឹង​រវាង​កងទ័ព​និង​កងទ័ព​ទេ។ រយៈពេល​៥​ខែ​ចុង​ក្រោយ គឺ​ចាប់​តាំង​ពី​ខែ​មិថុនា ក្រោយ​ទស្សនកិច្ច អាភីស៊ិត មក​ដល់​ពេល​នេះ ភាព​តានតឹង​មាន​តែ​រវាង​ទីក្រុង​បាងកក​និង​ទីក្រុង​ភ្នំពេញ ហើយ​ដែល​បង្ក​ឡើង​ដោយ​ទីក្រុង​បាងកក​តែ​ប៉ុណ្ណោះ។ ចំពោះ​សភាពការណ៍​នៅ​ព្រំដែន​វិញ​អាច​និយាយ​បាន​ថា ល្អ​ប្រសើរ ដែល​កងទ័ព​មាន​ការ​យល់​ចិត្ត​យល់​ថ្លើម​គ្នា ហើយ​សហ​ប្រតិបត្តិការ​គ្នា​ទៀត​ផង»

ជាមួយ​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​អ្នក​កាសែត​ជាតិ​និង​អន្តជាតិ​ដឹង​ផងដែរ​ថា នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​ខាង​មុខ​នេះ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​និង​ជា​ទីប្រឹក្សា​របស់​លោក​ដែល​ទើប​នឹង​តែងតាំង​ថ្មីៗ​នេះ នឹង​មក​ដល់​កម្ពុជា​ដើម្បី​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​ពាណិជ្ជករ​ប្រមាណ​៣០០​នាក់​ស្តីពី​កិច្ចការ​ពាណិជ្ជកម្ម។

មក​ទល់​ពេល​នេះ​នៅ​មិន​ឃើញ​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ពី​សម​ភាគី​ថៃ​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​បែប​នេះ​នៅ​ឡើយ​ទេ។

ចំណង​ការទូត​រវាង​កម្ពុជា​-​ថៃ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក បន្ទាប់​ពី​មាន​ការ​តែងតាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​លោក ហ៊ុន សែន រហូត​បង្ក​ឲ្យ​មាន​ការ​ដក​ប្រមុខ​ការទូត​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា​កន្លង​មក​នេះ៕