ប្រសាសន៍នេះបានធ្វើឡើង បន្ទាប់ពីគណបក្សប្រឆាំងទាំង២ គឺគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស បញ្ជាក់ម្ដងហើយម្ដងទៀតអំពីជំហរមិនចូលរួមធ្វើសច្ចាប្រណិធាននិងមិនចូលរួមសម័យប្រជុំសភាលើកទីមួយនោះមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «គេអត់ទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែកៅអីគេអត់ចោល។ មានន័យថា គេថា គេមិនប្រជុំថ្ងៃទី២៤ [កញ្ញា]ទេ គេសុំចូលស្បថក្រោយ អ៊ីចឹងមានន័យថា គេទទួលយកកៅអី អត់ទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែទទួលយកកៅអី។ អ៊ីចឹងទេ បើគេទទួលយកកៅអី អាហ្នឹងយើងក៏គ្មានសិទ្ធិ ព្រោះតែកាលណាគេមិនបោះបង់ចោលកៅអី មានន័យថា កៅអីរបស់គេ នៅជារបស់គេ។ ប៉ុន្តែនៅក្នុងវិធានច្បាប់ ចំណុចណា គឺខ្ញុំមិនច្បាស់ទេថា បើគេបោះបង់ចោលកៅអី ឬក៏ត្រូវលុបឈ្មោះគណបក្សចេញពីបញ្ជីបោះឆ្នោត កៅអីនោះពិតជាត្រូវអង្កន់ហើយ។ ... ក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យកៅអីនេះត្រូវគេយកទេ គាត់មិនឲ្យទេ គាត់មុខតែចូលហើយ ចូលមុន ចូលក្រោយនៅតែចូល ក៏ប៉ុន្តែខ្ញុំកំពុងតែឆ្ងល់ថា តែគាត់អាចទៅស្បថបានឬអត់?»។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា គណបក្សរបស់លោកនិងគណបក្សសមរង្ស៊ី មានសិទ្ធិនឹងសម្តែងឆន្ទៈរបស់ខ្លួនទៅតាមបំណងរបស់អ្នកគាំទ្រ និងថា ការស្បថអាចធ្វើនៅថ្ងៃណាក៏បាន។
លោក កឹម សុខា មានប្រសាសន៍ថា ៖ «ចំពោះខ្ញុំថា អាហ្នឹងជាទម្លាប់របស់គាត់ គាត់តែងតែប្រើពាក្យពេចន៍អ៊ីចឹង ហើយយើងមិនខ្វល់ពីរឿងរបស់គាត់ទេ យើងខ្វល់ពីរឿងឧត្ដមគតិនិងការពារសិទ្ធិរបស់ពលរដ្ឋ ក្នុងការបោះឆ្នោតនេះ អ្វីដែលប្រជាពលរដ្ឋបាត់សិទ្ធិបោះឆ្នោត យើងខ្វល់ពីអាហ្នឹង យើងតួនាទីជាគណបក្សនយោបាយ ជាតំណាងឲ្យប្រជាពលរដ្ឋមួយភាគដែរ ទោះបីជាគណបក្សសិទ្ធិមនុស្សហ្នឹង យើងមានប្រហែលជា ៤០ម៉ឺននាក់ដែរ ហើយគណបក្សសមរង្ស៊ី មានប្រហែលជាង ១លានដែរ ដូច្នេះវាជិត២លានដែរ។ ដូច្នេះ យើងតំណាងឲ្យប្រជាពលរដ្ឋមួយក្រុមដែរ យើងមានសិទ្ធិសម្ដែងឆន្ទៈរបស់យើង តាមបំណងរបស់អ្នកគាំទ្រយើង។ បើសិនជាយើងមិនបានស្បថពេលហ្នឹង ថ្ងៃណាស្បថក៏បានដែរ»។
ចំពោះការធ្វើសច្ចាប្រណិធានដែលគណបក្សប្រឆាំងបានសុំព្រះរាជានុញ្ញាតធ្វើដោយឡែកនោះ លោក ហ៊ុន សែន មានប្រសាសន៍ថា គ្មាននរណាអាចបញ្ជាព្រះមហាក្សត្របានតាមចិត្តចង់នោះឡើយ និងថា បើមិនស្បថ តំណាងរាស្ត្របក្សប្រឆាំង នឹងមិនមានសិទ្ធិបើកប្រាក់ខែ ៖ «ខ្ញុំកំពុងតែឆ្ងល់ថា តើគាត់ទៅស្បថបានឬអត់ បើគេមិនរៀបចំឲ្យគាត់? អ៊ីចឹងគាត់អាច ទៅស្បថក្រោមដើមអំពិល ឬក៏ទៅស្បថនៅព្រះអង្គដងកើ តែមិនមែនស្បថនៅព្រះបរមរាជវាំង ព្រោះព្រះមហាក្សត្រមិនអាចមានអ្នកណាបំពានបាន បញ្ជាព្រះមហាក្សត្រតាមចិត្តចង់នោះទេ ហើយសភាស្រុកខ្មែរ ក៏គ្មានសភាពីរ ស្បថមុន ស្បថក្រោយនោះទេ ប៉ុន្តែយើងក៏និយាយតាមត្រង់ដែរ បើគាត់មិនចង់ហើយ គួរមិនចង់រហូតតែម្ដងទៅ ហើយប្រាក់ខែ ក៏មិនបាច់បើក។ កាលណាមិនស្បថ មានន័យថា អត់មានសុពលភាពទេ សូមបញ្ជាក់ជូន។ អ៊ីចឹងទេ កុំមកបើកប្រាក់ខែ»។
លោកប្រធានគណបក្សសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រីអម្បាញ់មិញនេះថា គណបក្សលោកពុំបានបញ្ជាព្រះមហាក្សត្រទេ និងថា ប្រាក់ខែតំណាងរាស្ត្រមិនមែនជាលុយលោក ហ៊ុន សែន នោះឡើយ ៖ «មិនមែន... ដូចពាក្យគាត់ថាទេ គឺយើងស្នើសុំព្រះករុណា ដើម្បីលោកប្រទាននូវឱកាសឲ្យយើងទៅតាមឧត្ដមគតិ ទៅតាមឆន្ទៈរបស់យើង ដើម្បីសម្ដែងនូវការមិនគាំទ្រនូវលទ្ធផលបោះឆ្នោត ដែលបាត់របស់យើងនោះ។ ការមិនគាំទ្រលទ្ធផលបោះឆ្នោតនេះ មិនមែនមានន័យថា យើងបោះបង់ទេ ពីព្រោះរបស់យើង ៣ហ្នឹងបានហើយ ប៉ុន្តែរបស់យើងបានលើសហ្នឹងទៀត។ មិនគាំទ្រ គឺមិនគាំទ្ររបស់គាត់ ដែលគាត់យកទៅលើសពីចំនួននោះ ព្រោះយើងបាត់របស់យើងខ្លះ យើងរកឃើញថាមានបាត់ លុបឈ្មោះខ្លះ មិនមែនមិនគាំទ្ររបស់យើងបាន។ ឧទាហរណ៍ សិទ្ធិមនុស្ស បាន៣ វា ៣ហើយ ប៉ុន្តែយើងបានលើសហ្នឹងទៀត យើងទាមទារអាលើសហ្នឹងទៀត។ មិនមែននៅលើបញ្ហាយើងបើកប្រាក់ខែ ឬមិនបើកប្រាក់ខែទេ មិនមែនលុយរបស់គាត់ទេ លុយជាតិ នេះជារឿងមួយដែលយើងត្រូវជជែកគ្នាបន្តទៀត ព្រោះយើងជាតំណាងឲ្យប្រជាពលរដ្ឋមួយផ្នែកដែរ ប្រជាពលរដ្ឋជាងមួយលាននាក់ទៀត»៕
