លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសបើកសម្ពោធទីបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ នៅស្រុកជាំក្សាន្ត ចម្ងាយជិត ៥០គីឡូម៉ែត្រភាគខាងកើតពីប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ថា លោកសូមបញ្ជូនសារទៅកងទ័ពនិងប្រជាពលរដ្ឋថៃនៅតាមព្រំដែន ប្រសិនបើសភាពការណ៍នៅប្រាសាទព្រះវិហារគ្មានកងទ័ពថៃចូលឈ្លានពានទឹកខ្មែរទេ នឹងបើកច្រកព្រំដែនប្រាសាទព្រះវិហារឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ឥឡូវខ្ញុំសូមជូនសារទៅកងទ័ពនិងប្រជាជនថៃតាមព្រំដែន ប្រសិនបើសភាពការណ៍វិលត្រឡប់ទៅរកមុនថ្ងៃ១៥ ខែកក្កដា ២០០៨ មុនពេលដែលកងទ័ពថៃលើកទ័ពចូលមកឈ្លានពានវត្តកែវសិខាគិរីស្វរៈ ខ្ញុំនឹងបើកច្រកព្រំដែនប្រាសាទព្រះវិហារឲ្យទេសចរឡើងមកទស្សនាប្រាសាទព្រះវិហារដូចដើមវិញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាចង់ឲ្យសភាពការណ៍វិលត្រឡប់ទៅរកមុនថ្ងៃទី១៥ កក្កដាប៉ុណ្ណោះ មិនមានចង់បានអ្វីលើសពីនេះទេ ប្រាសាទព្រះវិហារជារបស់ខ្មែរ ប៉ុន្តែរឿងនេះវាស៊ីសងទៅលើរដ្ឋាភិបាលក្រុងបាងកកឆ្លើយតបបញ្ហានេះយ៉ាងណាតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសខ្មែរកាលពីពេលថ្មីៗបានមានប្រសាសន៍ថា គេទុកពេលវេលាឲ្យរដ្ឋាភិបាលថៃពិចារណាមើលលើការស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅទីនោះ ដោយសន្តិវិធីឬក៏វិធីណាមួយផ្សេងទៀតក៏បាន។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២៤ ខែមករា នៅពេលដែលលោកមកពិនិត្យស្ថានភាពព្រំដែននៅជិតប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា រដ្ឋាភិបាលខ្មែរបានត្រៀមគ្រប់លក្ខណៈអស់ហើយក្នុងការជួបចរចារកដំណោះស្រាយព្រំដែន ប៉ុន្តែមិនប្រញាប់ប្រញាល់ពេកទេ ទុកឲ្យរដ្ឋាភិបាលថៃពិចារណា។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ «យើងទុកពេលវេលាឲ្យរដ្ឋាភិបាលថៃពិចារណាមើល... យើងបានត្រៀមគ្រប់លក្ខណៈទាំងអស់។ ចំពោះកម្ពុជាយើងក៏មិនប្រញាប់ប្រញាល់ណាស់ណាទេ...»។
ទោះយ៉ាងណាវិបត្តិព្រំដែននៅជុំវិញប្រាសាទព្រះវិហារបានកើតឡើងជាង ១ឆ្នាំមកនេះ បន្ទាប់ពីថៃបានលើកទ័ពចូលលុកលុយទីវត្តខ្មែរ កែវសិខាគិរីស្វរៈ។
រហូតមកដល់ពេលនេះមន្ត្រីខ្មែរបានឲ្យដឹងថា ថៃមិនទាន់មានគម្រោងណាមួយក្នុងការជួបចរចាបញ្ហាព្រំដែនបន្តទៅទៀតទេ បន្ទាប់ពីការបរាជ័យនៃការចរចាទ្វេភាគីជាច្រើនលើកមកហើយនោះ៕
