នាយក​រដ្ឋមន្ត្រី​ខ្មែរ​ព្រមាន​រដ្ឋាភិបាល​ថៃ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម​និង​ព្រមាន​ដល់​រដ្ឋាភិបាល​ថៃ ក៏​ដូច​ជា​រដ្ឋមន្រ្តី​ការបរទេស​ថៃ ថា កម្ពុជា​មិន​បញ្ជូន​ឯកអគ្គរាជទូត​ទៅ​ថៃ​វិញ​ទេ ដរាប​ណា​ភាគី​ថៃ​មិន​បញ្ជូន​អគ្គរាជទូត​ថៃ​មក​កម្ពុជា​មុន​ទេ​នោះ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដូច្នេះ គឺ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១២ មករា។

លោក ហ៊ុន សែន បាន​អះអាង​ផងដែរ​ថា កម្ពុជា​មិន​ត្រូវការ​ជំនួយ​ពី​ប្រទេស​ថៃ​នោះ​ទេ ពីព្រោះ​កន្លង​មក​ប្រទេស​ថៃ​មិន​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ផងដែរ​ចំពោះ​រដ្ឋមន្រ្តី​ការបរទេស​ថៃ គឺ​លោក កាស៊ីត ភីរម្យ (Kasit Piromya) កាលពី​ពេល​ថ្មីៗ​នេះ ដែល​លោក​អះអាង​ថា វត្ត​កែវសិខាគិរីស្វរៈ​នៅ​ខែត្រ​ព្រះវិហារ ថា​ឋិត​នៅ​លើ​ទឹក​ដី​ថៃ​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ម្សិលម៉្ងៃ​ឯកឧត្ដម​បាន​និយាយ​ថា វត្ត​កែវសិខាគិរីស្វរៈ​សាងសង់​ក្នុង​ទឹក​ដី​ថៃ នេះ​ជា​អំពើ​ឈ្លានពាន សុំ​ប្រាប់​អ្នក​ឯង​វិញ! នេះ​ជា​ការ​ប្រមាថ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន ហើយ​កុំ​ចូល​មក​ទៀត​ណា៎! ផលវិបាក​អ្នក​ឯង​ទទួល រឿង​របស់​អ្នក​ឯង ហើយ​ចងចាំ​ឲ្យ​បាន កាល​ណា​ផ្ទៃ​ក្នុង​តានតឹង​នៅ​បាងកក អ្នក​ឯង​ផ្ទេរ​បញ្ហា​ទាំង​អស់​មក​ទល់​ដែន អ្នក​ឯង​ត្រូវ​ចាំ!»

លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ក៏​បាន​ព្រមាន​ចំពោះ​រដ្ឋាភិបាល​ថៃ​ថា លោក​មិន​ព្រួយ​បារម្ភ​ពី​បញ្ហា​ដែល​ថៃ​ចង់​បិទ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​ទេ ហើយ​កម្ពុជា​នឹង​បិទ​ទំនិញ​ថៃ​មិន​ឲ្យ​ចូល​កម្ពុជា បើ​សិន​ជា​ថៃ​បិទ​ច្រក​ព្រំដែន​នោះ។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​កម្ពុជា និង​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សាទរ​ចំពោះ​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី ប៉ុន្តែ​ពួក​គេ​បាន​បញ្ជាក់​ថា បញ្ហា​សំខាន់​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​-​ថៃ គួរតែ​រក​ដំណោះស្រាយ​ល្អ​នឹង​គ្នា​វិញ​ប្រសើរ​ជាង​ដើម្បី​គិត​ពី​ផល​ប្រយោជន៍​ប្រទេស​ទាំង​ពីរ។

លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គួរ​តែ​គិត​អំពី​បញ្ហា​ព្រំដែន​ប៉ែក​ខាង​កើត​គឺ​កម្ពុជា​-​វៀតណាម ដូច​នឹង​ប៉ែក​ខាង​លិច​ដែរ។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ដូច្នេះ ៖ «ធ្វើ​ឲ្យ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវ​បាន​រឹតត្បិត​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​ជម្លោះ​រវាង​ប្រទេស​ថៃ​វិញ យើង​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល មិន​ត្រឹមតែ​យក​ចិត្ត​ទុក​ដាក់​ធម្មតា​ទេ ជំរុញ​ឲ្យ​មាន​ចលនា​ខឹង​ថៃ ចូលរួម​នូវ​ការ​ដូរ​ពាក្យ​ដោយ​មន្ត្រី​ខ្មែរ​យើង​ពី​ពាក្យ​ថៃ​មក​សៀម​ជាដើម ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទូរទស្សន៍ ប្រព័ន្ធ​វិទ្យុ​នានា ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ថៃ​ជាដើម។ អា​ហ្នឹង​យើង​ឃើញ​ថា មាន​ចរន្ត​ជា​ខ្លាំង​ក្នុង​ការ​ពង្រឹង​នូវ​ជម្លោះ​មួយ ឬ​បន្ត​ជម្លោះ​រវាង​ប្រទេស​ថៃ ប៉ុន្តែ​យើង​ឃើញ​ថា ខាង​កើត​វិញ​មិន​ដែល​មាន​នូវ​បញ្ហា​នៃ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ខ្មែរ​យើង​ទេ!»

បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​មក​ហើយ គិត​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​មក គឺ​នៅ​ស្រប​ពេល​ដែល​ហ្វូង​បាតុករ​អាវ​ក្រហម​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ៕