ភាព​បែក​បាក់​ផ្ទៃ​ក្នុង​នៃ​បក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ស្នាដៃ​របស់ ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ទទួល​ស្គាល់​ថា ភាព​បែក​បាក់​គ្នា​នៅ​ផ្ទៃ​ក្នុង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​គឺ​ជា​ស្នាដៃ​របស់​លោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ការធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចុះ​ខ្សោយ​គឺ​ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កន្លង​មក​បាន​ព្យាយាម​លូក​ដៃ​កកូរ​កកាយ​ចូល​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​ទទួល​ស្គាល់ មូលហេតុ​អី​បាន​ខ្ញុំ​ធ្វើ? ដោយសារ​ហ៊្វុនស៊ិនប៉ិច​ពូកែ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​ច្រើន​ពេក។ អ៊ីចឹង​ខែ​មេសា ឆ្នាំ​៩៧ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ហ៊្វុនស៊ិនប៉ិច ១ ក្លាយ​ទៅ​ជា ១១ ហ៊្វុនស៊ិនប៉ិច ហើយ​តាំង​ពី​ហ្នឹង​មក​ហ៊្វុនស៊ិនប៉ិច​ចុះ​ខ្សោយ។ បើ​សិន​ជា​ពេល​នោះ​ហ៊្វុនស៊ិនប៉ិច​កុំ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន ខ្ញុំ​នឹង​មិន​ធ្វើ​ហ៊្វុនស៊ិនប៉ិច​ទេ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បញ្ជាក់​ថា អ្នក​ណា​ក៏​ដោយ បក្ស​ណា​ក៏​ដោយ បើ​ហ៊ាន​លូក​ដៃ​ចូល​គណបក្ស​ប្រជាជន អ្នក​ឯង​ក៏​មិន​បាន​សុខ​ដែរ ខ្ញុំ​នឹង​ចូល​ទៅ​ដល់​ជម្រក​ចុង​ក្រោយ​របស់​អ្នក​ឯង​តែម្ដង»

រហូត​មក​ទល់​ពេល​នេះ​ការបំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ធ្វើ​ឲ្យ​អតីត​មេ​ដឹកនាំ​គណបក្ស​ព្រះអង្គម្ចាស់ រណឫទ្ធិ ដក​ខ្លួន​ចេញ​ពី​ឆាក​នយោបាយ ហើយ​ជាមួយ​គ្នា​នោះ​ចំនួន​អាសនៈ​របស់​គណបក្ស​នៅ​ក្នុង​រដ្ឋ​សភា​មាន​តែ​ចំនួន​តែ​២​ប៉ុណ្ណោះ។

ក្នុង​សភាពការណ៍​ចុង​ក្រោយៗ​នោះ​ទៀត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ច្រើន​បាន​នាំ​គ្នា​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ការបើក​កកាយ​អំពី​យុទ្ធសាស្ត្រ​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការធ្វើ​សេចក្តី​ព្រមាន​មួយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ចំពោះ​គណបក្ស​ប្រឆាំង​ឯ​ទៀត​ដែល​លោក​សង្ស័យ​ថា កំពុង​តែ​ចង់​លូក​ដៃ​ចូល​កកាយ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​ការដក​តួនាទី​មួយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​តំណែង​អគ្គ​មេបញ្ជាការ​យោធា លោក កែ គឹមយ៉ាន បាន​ញ៉ាំង​ឲ្យ​មាន​ការរិះគន់​ពី​ក្រុម​ប្រឆាំង​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​ទំនាស់​ផ្ទៃ​ក្នុង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បដិសេធ​ព្រម​ទាំង​ព្រមាន​ក្រុម​អ្នក​ប្រឆាំង​សូម​កុំ​ឲ្យ​ធ្វើការ​លូក​ដៃ​ចូល​ក្នុង​រឿង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «អ្នក​ដែល​វ៉ៃ​ចូល​គណបក្ស​ប្រជាជន​រលាយ​អស់​ប៉ុន្មាន​ទៅ​ហើយ? រលាយ​អស់​ប៉ុន្មាន​ហើយ។ អ្នក​ណា​ក៏​ដោយ​ដែល​មាន​ទម្លាប់​លូក​ដៃ​ចូល​គណបក្ស​ប្រជាជន អ្នក​នោះ​នឹង​ត្រូវ​ទទួល​ការវ៉ៃ​បក។ ពាក្យ​ដែល​ថា​វ៉ៃ​បក​មួយ​ម៉ាត់ គេ​វ៉ៃ​ដល់ Headquarter (ទីបញ្ជាការ) ចុង​ក្រោយ​របស់​អ្នក​ឯង គេ​ហៅ​ថា​ការការពារ​ខ្លួន។ គណបក្ស​ប្រជាជន​ត្រឹម​តែ​ការពារ​ខ្លួន​ទេ មិន​លូក​ដៃ​ចូល​អ្នក​ឯង​ទេ ប៉ុន្តែ​ដោយសារ​តែ​អ្នក​ឯង​ចេះតែ​ពូកែ​ញុះ ដល់​ពូកែ​ញុះ​ខ្ញុំ​វ៉ៃ​ចូល Headquarter របស់​ខ្លួន​ឯង»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ក្នុង​គណបក្ស​ប្រឆាំង​ក៏​មាន​មនុស្ស​របស់​លោក​ខ្លះ​ផងដែរ ហើយ​អ្នក​ទាំង​នោះ​ក៏​កំពុង​តែ​ប្រឆាំង​នឹង​មេ​ដឹកនាំ​បក្ស​របស់​ខ្លួន​នៅ​ក្នុង​ពេល​ដែល​ត្រៀម​រៀបចំ​ការបោះឆ្នោត​អសកល​ជ្រើសរើស​មេ​ដឹកនាំ​ស្រុក ខេត្ត ក្រុង ទូទាំង​ប្រទេស​កម្ពុជា។

គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវការ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕