សហគមន៍ពាណិជ្ជករមកពីប្រទេសចំនួន៥ ដូចជាប្រទេសកម្ពុជា លាវ វៀតណាម ភូមា និង ថៃ បានអំពាវនាវរួមគ្នានៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ដល់មេដឹកនាំ ACMECS ទាំងអស់ សូមឲ្យអនុវត្តនូវកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងប្រទេស ACMECS។
សេចក្ដីអំពាវនាវរួមនោះ បានធ្វើឡើងនៅក្នុងឱកាសបញ្ចប់កិច្ចប្រជុំកំពូល រវាងអ្នកវិនិយោគជាមួយអ្នកដឹកនាំទាំង៥ នៃប្រទេស ACMECS ស្ដីអំពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នៅក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី និងមេដឹកនាំកំពូលៗ នៃប្រទេសទាំងនោះ។
ប្រធានសភាពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងជាតំណាងវិនិយោគិននៃប្រទេសទាំង៥ នៅក្នុងកិច្ចប្រជុំ ACMECS នោះ លោក គិត ម៉េង បានថ្លែងថា សកម្មភាពបន្ទាន់ និងតម្រូវការធំធេងដែលប្រទេសសមាជិក ACMECS ត្រូវធ្វើបន្ទាន់ មានដូចជាការសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ការធ្វើកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម ការលើកកម្ពស់វិស័យទេសចរណ៍ ការលើកកម្ពស់ការវិនិយោគទុនលើវិស័យឧស្សាហកម្ម និងការជួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញអំពីក្តីសង្ឃឹម ក្រោយពីការបង្កើតសហគមន៍នៃអ្នកវិនិយោគនៅក្នុងប្រទេសទាំង៥នេះដូច្នេះ ៖ «ខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាធុរកិច្ចនឹងដើរតួនាទីសំខាន់ក្នុងការសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ឱកាសវិនិយោគទុននៅក្នុងបណ្តាប្រទេស ACMECS»។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូល ACMECS នោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះសំណូមពរទាំង៨ របស់ក្រុមប្រឹក្សាធុរកិច្ច ឬហៅថា ក្រុមប្រឹក្សានៃអ្នកវិនិយោគរបស់ប្រទេស ACMECS ក្នុងការស្នើឲ្យមានការប្រជុំចំនួន ៦ខែម្តង ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបានជំរុញដល់អ្នកវិនិយោគនៅក្នុងប្រទេស ACMECSឲ្យមានការចូលរួមវិនិយោគបន្ថែមទៅលើផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រួលទៅដល់ទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្ថែមថា ៖ «ដើម្បីគោលដៅនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យកាន់តែសកម្មឡើងនូវបេសកកម្មពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមប្រឹក្សាសេដ្ឋកិច្ច ACMECS។ ខ្ញុំសូមស្នើឲ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ ពិនិត្យផ្លូវដែក ដើម្បីជំរុញប្រតិបត្តិការ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់អំពីការសម្រួលដល់វិស័យទេសចរណ៍របស់ប្រទេស៥ ដូចជាការជំរុញការធ្វើដំណើររបស់អ្នកទេសចរណ៍មកអនុតំបន់ឲ្យមានទិដ្ឋាការតែមួយសម្រាប់ ៥ប្រទេសរួមគ្នា ហើយដែលកម្ពុជា កំពុងអនុវត្តជាមួយប្រទេសថៃ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMECS មានគោលដៅចម្បងក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមព្រំដែន បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងការបន្ថយនូវគម្លាតផ្នែកសេដ្ឋកិច្ចរវាងប្រទេសនៅក្នុងតំបន់ មានសារសំខាន់ណាស់។
លោកបញ្ជាក់ថា ប្រទេសថៃ គាំទ្រនូវគំនិតផ្ដួចផ្ដើមនៃការសម្រួលទិដ្ឋាការនៃប្រទេសទាំង៥ ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ ៖ "អំពីទេសចរណ៍ ខ្ញុំលើកទឹកចិត្តឲ្យបណ្ដាប្រទេស ACMECS ចូលរួមជាមួយប្រទេសកម្ពុជា និងថៃ ក្នុងការឲ្យមានវីសាតែមួយ។ យើងមានបំណងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ក៏ដូចជាធានានូវការអនុវត្តសន្តិសុខស្បៀងនៅក្នុងប្រទេស ACMECS"។
កិច្ចប្រជុំរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីការអភិវឌ្ឍនៅក្នុងតំបន់ ហៅកាត់ថា ACMECS បានបង្កើតឡើងនៅឆ្នាំ២០០៣ ដើម្បីសម្រេចគោលដៅក្នុងការបង្កើតនូវសហគមន៍អាស៊ាននៅក្នុងឆ្នាំ២០០៥ ខាងមុខនេះ៕
