លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​នៃ​អ្នក​កាន់​សាសនា

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សង្គម មក​ពី​ប្រទេស​សមាជិក​អាស៊ាន ចំនួន​១០ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ឯ​វិមាន​សន្តិភាព នៅ​ទីក្រុង​ភ្នំពេញ ផ្ដោត​លើ​វិស័យ​វប្បធម៌ និង​សង្គម នៅ​ក្នុង​តំបន់​អាស៊ាន។

0:00 / 0:00

កិច្ច​ប្រជុំ​នេះ បាន​ចូល​រួម​បើក​ជា​ផ្លូវ​ការ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១២។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២៥ ខែ​តុលា បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ធ្វើ​សុខដុមនីយកម្ម ឬ​ការ​ស្រុះស្រួល​គ្នា​នៃ​អ្នក​កាន់​សាសនា​នានា ដើម្បី​ឲ្យ​មាន​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ាន នៅ​គ្រា​ដែល​ជម្លោះ​រវាង​អ្នក​កាន់​សាសនា​ឥស្លាម និង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ បាន​ចាប់​ផ្ដើម​រីក​រាលដាល​នៅ​តំបន់​អាស៊ាន នា​ពេល​ថ្មីៗ​នេះ។

កន្លង​មក មាន​សេចក្តី​រាយការណ៍​ថា ជម្លោះ​រវាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ និង​អ្នក​កាន់​សាសនា​ឥស្លាម នៃ​ក្រុម​ជន​ជាតិ​ភាគ​តិច​រហិនយ៉ា (Rohinya) នៅ​ក្នុង​រដ្ឋ​រ៉ាកឃិន (Rakhine) នៃ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) បាន​បណ្ដាល​ឲ្យ​មនុស្ស ១០​នាក់​បាន​ស្លាប់ និង​មនុស្ស ១៧​នាក់​ទៀត បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​អំពើ​ហិង្សា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​នេះ។ នៅ​ក្នុង​អំឡុង​ពេល​នោះ​ដែរ ផ្ទះ​ជិត ៥០០​ខ្នង​របស់​ជន​ជាតិ​ភាគ​តិច​រហិនយ៉ា ត្រូវ​បាន​ដុត​បំផ្លាញ​ចោល។

ក្រៅ​ពី​នេះ ក៏​មាន​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​ថា ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ នៅ​តែ​បន្ត​ប្រើ​អំពើ​ហិង្សា​ដោយ​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ជា​ញឹកញាប់ ដើម្បី​បំបែក​រដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​សមាជិក​អាស៊ាន ទាំង​នោះ​ថា ការ​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​រវាង​អ្នក​កាន់​សាសនា​នានា គឺ​ជា​ការ​ចាំបាច់​ណាស់៖ «នៅ​ពេល​នេះ អំពើ​ហិង្សា​សាសនា​ទើប​បាន​ហូរ​ចូល​មក​ក្នុង​អាស៊ាន ក៏​ដោយ ក៏​គេ​មិន​គួរ​មើល​ស្រាល​បញ្ហា​នេះ​ពេក​ដែរ។ ការ​ពង្រឹង ការ​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​រវាង​សាសនា​នៅ​ក្នុង​តំបន់ គឺ​ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ ចំពោះ​មុខ​នេះ កម្ពុជា មាន​ភ័ព្វសំណាង​ល្អ ដោយ​កម្ពុជា មិន​ដែល​មាន​អំពើ​ហិង្សា​សាសនា»

ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ជម្លោះ​សាសនា​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អូស្មាន ហាសាន់ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ប្រកាន់​យក​នូវ​នយោបាយ​ល្អ​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម នៅ​កម្ពុជា៖ «ដោយ​ឡែក​នៅ​កម្ពុជា យើង​នេះ គឺ​ថា​យើង​មាន​សុខដុមរមនា ដែល​យើង​មាន​សាសនា​ឥស្លាម យើង​មាន​សាសនា​ព្រះពុទ្ធ យើង​មាន​សាសនា​ផ្សេងៗ​ទៀត ដូច្នេះ​យើង​មាន​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ដែល​មាន​ជំនឿ​សាសនា​ផ្សេងៗ​គ្នា។ ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជា​ទី​បំផុត​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា»

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​រិះគន់​ថា ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន ប្រកាន់​យក​នយោបាយ​តឹងរ៉ឹង រើសអើង​សាសនា និង​ជាតិ​សាសន៍៖ «គ្រាន់​តែ​ខ្មែរ​ហែ​ព្រះ​ត្រៃបិតក​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម មិន​ឲ្យ​ចូល​ផង ហើយ​និយាយ​ថា​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​យ៉ាង​ម៉េច? ឯ​វៀតណាម អាច​មក​សង់​វត្ត​នៅ​កម្ពុជា បាន អាច​មក​ធ្វើ​អី​នៅ​កម្ពុជា បាន។ អីចឹង យើង​ចង់​បើក​ចំហ​ដូច​គ្នា ដើម្បី​អី? ដើម្បី​ជាតូបនីយកម្ម ដើម្បី​សាសនានីយកម្ម ដើម្បី​ភាព​សុខដុមរមនា នៃ​សង្គម នៃ​អាស៊ី​អាគ្នេយ៍»

គេ​មាន​ផែនការ​បង្កើត​ជា​សហគមន៍​អាស៊ាន តែ​មួយ នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ទៀត។ សហគមន៍​អាស៊ាន នោះ មាន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់ និង​មាន​អំបូរ​ជាតិ​សាសន៍​ខុសៗ​គ្នា​ចំនួន​ជាង ៩០០​សាសន៍។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ចំនួន ៩៦% អ្នក​កាន់​សាសនា​ឥស្លាម ចំនួន ២% និង​អ្នក​កាន់​សាសនាគ្រិស្ដ ចំនួន ២%។ កន្លង​មក គេ​មិន​បាន​ឃើញ​មាន​ជម្លោះ​សាសនា​នៅ​ប្រទេស​កម្ពុជា ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។