ហ៊ុន សែន ចាត់​ទុក​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ថា​ជា​ព្យុះ​ក្នុង​ក្អម

ការ​ចង​សម្ព័ន្ធភាព​នយោបាយ​រវាង​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ក្លាយ​ជា​ចំណុច​គោលដៅ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ សម្រាប់​គណបក្ស​កាន់​អំណាច។

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​រិះគន់​ដោយ​ចាត់​ទុក​សម្ព័ន្ធភាព​មាន​ឈ្មោះ​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នោះ ថា​ជា​យុទ្ធសាស្ត្រ​បញ្ច្រាស​ទិស​នយោបាយ​នៅ​កម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​សម្ព័ន្ធភាព​ថ្មី ដែល​បង្កើត​ឡើង​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មាន​ឈ្មោះ​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នោះ​ថា​ជា​ព្យុះ​ក្នុង​ក្អម ឬ​ក្នុង​ដប គឺ​ពុំ​មាន​សមត្ថភាព​ប្រកួត​ប្រជែង ដើម្បី​យក​ជ័យជំនះ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១ សីហា ដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នឹង​ពុំ​មាន​ឥទ្ធិពល​អ្វី​ចំពោះ​ប្រជាប្រិយភាព​នៃ​គណបក្ស​ប្រជាជន​របស់​លោក​ឡើយ។ លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ថា ពាក្យ​សង្គ្រោះ​ជាតិ គឺ​ហួស​សម័យ​ដែល​មិន​គួរ​យក​មក​ប្រើប្រាស់​ក្នុង​ពេល​នេះ។

ស្រប​គ្នា​នឹង​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ កាល​ពី​សប្ដាហ៍​មុន មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​មិន​ឲ្យ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៣ ខាង​មុខ ពី​ព្រោះ លោក សម រង្ស៊ី ជា​ទណ្ឌិត​ទៅ​ហើយ​នោះ។

ការ​រិះ​គន់ និង​ការ​ប្រកាស​របស់​រដ្ឋាភិបាល នៅ​បន្ទាប់​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​រួបរួម​គ្នា និង​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សកម្មភាព​របស់​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា ការ​រួបរួម​គ្នា​គឺ​ជា​របត់​ថ្មី ដែល​អាច​ហៅ​ថា ជា​ការ​គំរាម​កំហែង​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣។

កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជាតិ ៤​អាណត្តិ​មក​ហើយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជា​គណបក្ស​កាន់​អំណាច នោះ​បើ​រាប់​ទាំង​ការ​ចាញ់​ឆ្នោត​គណបក្ស​នេះ​កាល​ពី​ឆ្នាំ​១៩៩៣ ផង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ចំហ​ជា​ថ្មី​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ញញើត​នឹង​ការ​រួបរួម​គ្នា​នេះ​ទេ បើ​គណបក្ស​ប្រឆាំង​អាច​យក​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​បាន លោក​នឹង​ចុះ​ចេញ​ពី​អំណាច។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នោះ នឹង​មិន​អាច​ឈ្នះ​ឆ្នោត​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មើល​ឃើញ​ថា ការ​រួបរួម​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ គឺ​ពិត​ជា​មាន​ឥទ្ធិពល​ជាង​មុន។ លោក សុខ ទូច បន្ត​ថា កម្លាំង​ថ្មី​នេះ​នឹង​ធ្វើ​អោយ​មាន​តុល្យភាព​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ក្នុង​ឆ្នាំ​២០១៣។

លោក សុខ ទូច បញ្ជាក់​ទៀត​ថា ការ​រួបរួម​គឺ​ជា​ជំហាន​ដំបូង សម្រាប់​អោយ​សំឡេង​ប្រឆាំង​ចាប់​ផ្ដើម​រិះ​រក​យុទ្ធសាស្ត្រ ក្នុង​ការ​ប្រកួត​ប្រជែង ឬ​រក​មធ្យោបាយ​អោយ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​ចាប់​ផ្ដើម​យុទ្ធនាការ​រួម​គ្នា នៅ​ក្រៅ​ប្រទេស ដើម្បី​កៀងគរ​រក​ការ​គាំទ្រ​ពី​អន្តរជាតិ ធ្វើ​យ៉ាង​ណា​អន្តរាគមន៍​អោយ​លោក សម រង្ស៊ី បាន​វិល​មក​កម្ពុជា​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រិះគន់​ដែរ​ថា បរទេស​នឹង​ពុំ​មាន​ឥទ្ធិពល​អ្វី​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ប្រាកដ​ជា​ដឹង​ខ្លួន​ថា សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី ពិសេស​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ខែ​វិច្ឆិកា ខាង​មុខ អង្គទូត​នានា​នឹង​លើក​ពី​បញ្ហា​នេះ ហើយ​រដ្ឋាភិបាល​នឹង​ពិបាក​ឆ្លើយ ពី​ព្រោះ​ថា ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឲ្យ​មាន​តម្លាភាព​នោះ ត្រូវ​តែ​មាន​វត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

ទាំង​អ្នក​វិភាគ​នយោបាយ និង​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម គឺ​បាន​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា ការ​វិល​មក​កម្ពុជា ឬ​មិន​វិល​មក​វិញ​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី គឺ​ពុំ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សំឡេង​ឆ្នោត នៅ​ក្នុង​ឆ្នាំ​២០១៣ ឡើយ។ ការ​ប្រែ​ប្រួល​សំឡេង​ឆ្នោត គឺ​ត្រូវ​ពឹង​ផ្អែក​លើ​យុទ្ធសាស្ត្រ​រក​ការ​គាំទ្រ​នយោបាយ​របស់​គណបក្ស ជាពិសេស​គឺ​យុទ្ធសាស្ត្រ​នៅ​ក្រោយ​ការ​បង្រួប​បង្រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។