ការបង្កើតរដ្ឋាភិបាលថ្មីឡើងនេះ បានកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរំលឹកដល់ឈ្មោះប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) នៅក្នុងប្រទេសកម្ពុជា ថា គឺជាសាក្សីរស់ម្នាក់ និងក៏ជាអ្នកដែលសំខាន់ម្នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យមានការចរចារវាងមេដឹកនាំខ្មែរ ដែលមានជម្លោះរហូតឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ដែលបច្ចុប្បន្នជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ គឺជាសាក្សីរស់ម្នាក់ និងក៏ជាអ្នកមានគុណសម្បត្តិ ដែលរត់ការឱ្យមានដំណើរការចរចារហូតឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស កើតឡើង។
ការទទួលស្គាល់ដោយថ្លែងប្រាប់ទៅសាធារណជននេះ ត្រូវបានអ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ចាត់ទុកថា គាត់ទើបតែបានឮជាលើកដំបូង ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកហើយ ចាប់តាំងពីប្រទេសកម្ពុជា បានបញ្ចប់ជម្លោះ ហើយបានបោះឆ្នោតដោយសេរី បង្កើតរដ្ឋាភិបាលដឹកនាំប្រទេសពីឆ្នាំ១៩៩៣ មក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញទៅចែកកម្មសិទ្ធិដីជូនប្រជាពលរដ្ឋនៅឃុំត្បែង និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ថា លោកបានឃើញអ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានធ្វើបទសម្ភាសន៍ចំនួន ២ដង នៅតាមទូរទស្សន៍ក្នុងស្រុក ស្តីអំពីដំណើរការចរចាបញ្ចប់ជម្លោះខ្មែរទាំង ៤ភាគី រហូតឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក គឺពិតជាសាក្សីរស់ម្នាក់ និងក៏ជាអ្នកមានចំណែកនៃគុណសម្បត្តិក្នុងដំណើរការនៃកិច្ចចរចានោះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «កាលណោះ គាត់ជាភរិយារបស់អគ្គរដ្ឋទូតបារាំង ក៏ប៉ុន្តែគាត់ក្លាហានណាស់ ហ៊ានទំនាក់ទំនងជាមួយនឹងយើង។ ក្រោយមក គាត់ជាអ្នករត់ការទៅលើបញ្ហាហ្នឹង។ នៅខាងព្យុងយ៉ាង យើងពឹងអតីតអគ្គរដ្ឋទូតប៉ាឡេស្ទីន (សាហ្វារ៉ូហ្គេ) ដែលមានប្រពន្ធជនជាតិឡាវ ឯនៅស្រុកបារាំង យើងពឹងបង ពុង ឈីវកេក ដើម្បីរត់ការលើរឿងហ្នឹង ហើយគាត់មានចំណែកនៅក្នុងការរៀបចំដំណើរការទាក់ទងអំពីបញ្ហាការចរចានេះ។ ព្រោះគាត់រត់មកជាមួយខ្ញុំផង គាត់ទៅព្រះករុណាបិតាផង។ ពេលចរចានៅប្រទេសបារាំង ហ្នឹង គឺថាគាត់តែងតែមកសណ្ឋាគារ ដើម្បីជួបខ្ញុំ ហើយមានមួយពេលនោះ ប្ដីរបស់គាត់បានមកទទួលខ្ញុំ (ឯកឧត្តម ទា បាញ់ មានចាំទេ? យើងធ្វើដំណើរទៅជាមួយគ្នា)។ គាត់មកទទួលខ្ញុំតាំងពីបាងកក ហើយពិភាក្សាគ្នារហូតដល់ប្រទេសបារាំង ថ្ងៃដែលខ្ញុំដួល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកបានស្គាល់អ្នកស្រី ពុង ឈីវកេក នៅប្រទេសអង់ហ្គោឡា ហើយការចរចារកសន្តិភាពដំបូង ចាប់ផ្ដើមនៅហ្វែរអង់តាដឺន័រ ក្នុងប្រទេសបារាំង អំឡុងខែធ្នូ ឆ្នាំឆ១៩៨៧។
អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ដែលបច្ចុប្បន្នមានវ័យ ៧០ឆ្នាំទៅហើយ បានមានប្រសាសន៍ថា អ្នកស្រីសូមអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានទទួលស្គាល់ការពិតនៃសកម្មភាពអតីតកាលរបស់អ្នកស្រីនោះ៖ «ខ្ញុំសូមអរគុណសម្ដេចដែរ នេះជាការពិត សម្ដេចទទួលស្គាល់កិច្ចការដំបូងតាំងតែពីឆ្នាំ១៩៨៣ មក ដែលខ្ញុំបានជួបសម្ដេចនៅអង់ហ្គោឡា ជជែកគ្នាពីរឿងសន្តិភាពហ្នឹង ហើយតពីហ្នឹងមក ក៏បានចរចាទាក់ទងគ្នាទៅទៀត ១៩៨៧ ហ្នឹងតែម្តង បានសម្រេចជួបគ្នាដំបូងរវាងសម្ដេចឪ និងសម្ដេចនាយក ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសបារាំង ជិតប៉ារីស នៅកន្លែងគេហៅថា ហ្វែរអង់តាដឺន័រ (Fer e Entar de Noir)»។
ទោះយ៉ាងណា អ្នកស្រី ពុង ឈីវកេក បានបញ្ជាក់ថា ក្នុងការជួយដល់ដំណើរការនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ នោះ មិនមែនមានតែអ្នកស្រីតែម្នាក់ឯងទេ គឺមនុស្សសំខាន់ៗចំនួន ៤នាក់ នៅក្នុងគ្រួសាររបស់អ្នកស្រី មានប្ដីរបស់អ្នកស្រី ឈ្មោះ ហ្សង់ ហ្សាក់ហ្គាឡាប្រុយ (Jean Jagues Gualabru) លោក ពុង ប៉េងចេង ដែលជាឪពុក ព្រមទាំងម្តាយរបស់អ្នកស្រីផងដែរ។
អ្នកស្រី ពុង ឈីវកេក បានបញ្ជាក់ថា ក៏ប៉ុន្តែគួរឱ្យសោកស្ដាយ រហូតមកដល់ពេលនេះ មនុស្សសំខាន់ចំនួន ៣នាក់ ក្នុងគ្រួសាររបស់អ្នកស្រី ដែលមានចំណែកក្នុងដំណើរការចរចាសន្តិភាពទីក្រុងប៉ារីស នោះ បានចែកឋានទៅហើយ នៅសល់តែអ្នកស្រីម្នាក់ឯងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
