លោក ហ៊ុន សែន រំពឹងថា ការដឹកនាំរដ្ឋាភិបាលថៃថ្មីតាមរយៈលោកស្រី យីងឡាក់ នេះ នឹងអាចជួសជុលទំនាក់ទំនងមិត្តភាព និងការទូតនៃប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីបានបែកបាក់ក្នុងអាណត្តិលោកនាយករដ្ឋមន្ត្រី អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាន់អំណាច ដែលធ្វើឲ្យមានសង្គ្រាមបង្ហូរឈាមនៅតាមព្រំដែនកន្លងមក។
សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់ចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ថា ៖ «ខ្ញុំមានមោទនភាពថា ក្នុងកិច្ចប្រឹងប្រែងរួមគ្នារវាងលោកជំទាវ និងខ្ញុំ នឹងអាចជួសជុលទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសយើង ហើយនិងមានសហការប្រកបដោយផ្លែផ្ការវាងប្រទេស និងប្រជាជនយើងទាំងពីរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក កុយ គង់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទេ នៅថ្ងៃទី៦ ខែសីហា ដើម្បីសុំការបញ្ជាក់អះអាងបន្ថែម។
កាសែតថៃបាងកក ប៉ុស្តិ៍ បានសរសេរថា លោកស្រី យីងឡាក់ នឹងប្រឈមបញ្ហា ៣ចំណុចសំខាន់ៗ នៅពេលដែលលោកស្រីឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃថ្មីដ៏ឆាប់នេះ គឺបញ្ហាទី១ ត្រូវប្រឈមដោះស្រាយទំនិញឡើងថ្លៃ។ ទី២ ដោះស្រាយការដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលពលកម្មប្រចាំថ្ងៃ ដែលលោកស្រីបានសន្យាជាមួយប្រជាជនថៃ មុនពេលបោះឆ្នោត។ ទី៣ ការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ដែលត្រង់ចំណុចនេះ កាសែតបាងកក ប៉ុស្តិ៍ បានលើកឡើងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ដែលជាបងប្រុសរបស់លោកស្រី យីងឡាក់ គឺជាមនុស្សស្និទ្ធស្នាល និងមានទំនាក់ទំនងល្អជាមួយលោក ហ៊ុន សែន ហើយលោក ហ៊ុន សែន បាននិយាយថា លទ្ធផលដែលលោកស្រី យីងឡាក់ ឈ្នះឆ្នោតកន្លងមកនេះ គឺជាការបើកទំព័រសករាជថ្មីមួយ ដែលធ្វើឲ្យទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានប្រសើរឡើងវិញ៕