ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន មិន​ច្បាស់​លាស់

លោក ហ៊ុន សែន បាន​ធូរ​ស្បើយ​ពី​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1) ដែល​លោក​បាន​ឆ្លង​ពី​ខែ​មុន​ហើយ ប៉ុន្តែ​គ្មាន​ព័ត៌មាន​ណា​មួយ​ថា ពេល​ណា​ទើប​លោក​នឹង​វិល​ត្រលប់​ចូល​ដឹក​នាំ​រដ្ឋាភិបាល​វិញ​ទេ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ទី​១០ កក្កដា​ថា លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) បន្ទាប់​ពី​លោក​បាន​ឆ្លង​ជំងឺ​នេះ អស់​រយៈ​ពេល​ជាង ១១​ថ្ងៃ​កន្លង​មក។ ទោះបី​ជា​មាន​ការ​អះអាង​ថា លោក ហ៊ុន សែន បាន​ជា​សះ​ស្បើយ​ក៏​ដោយ ក៏​ពុំ​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវ​ការ​ណា​មួយ បញ្ជាក់​លំអិត​ពី​ស្ថានភាព​ជំងឺ​លោក ហ៊ុន សែន នៅ​ឡើយ​ទេ។

មន្រ្តី​គណបក្ស​ប្រឆាំង​បាន​សម្ដែង​ការ​សង្ស័យ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន ដោយសារ​លោក ហ៊ុន សែន មិន​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​ហើយ។

លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៥​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1) កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី។ នៅ​ពេល​នោះ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា លោក ហ៊ុន សែន ជា​ធូរ​ស្រាល​រួច​ហើយ។

អ្នក​នាំ​ពាក្យ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១០ កក្កដា​ថា លោក ហ៊ុន សែន បាន​ជា​សះ​ស្បើយ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ដឹក​នាំ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ឡើយ​ទេ ពី​ព្រោះ​គណៈ​រដ្ឋមន្ត្រី នៅ​មិន​ទាន់​មាន​របៀប​វារៈ​ដើម្បី​ធ្វើ​ការ​ប្រជុំ។

លោក​ថា លោក​មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​របស់​លោក ហ៊ុន សែន នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​តាម​សារព័ត៌មាន​ថា លោក ហ៊ុន សែន បាន​ធូរ​ស្បើយ​ហើយ។

លិខិត​ជូនពរ​លោក ហ៊ុន សែន ចំនួន​បី​ច្បាប់ បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត​កម្ពុជា​ថ្មី ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍ ទី​១០ កក្កដា បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​លោក​ហើយ ប៉ុន្តែ​លិខិត​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ជំងឺ​របស់​លោក ហ៊ុន សែន ទេ។ លិខិត​ជូនពរ​របស់ ម៉ក់ ពេជ្ជរិទិ្ធ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន បាន​សរសេរ​ថា លោក​ជូនពរ​លោក ហ៊ុន សែន ក្នុង​ឱកាស​ដែល​លោក​បាន​ជា​សះ​ស្បើយ​ជំងឺ។

អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ដែរ​ថា គណៈ​រដ្ឋ​មន្ត្រី បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ក្នុង​ការ​ប្រជុំ ពីព្រោះ​នៅ​មិន​ទាន់​មាន​ការ​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​នៅ​ឡើយ​ទេ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​កន្លង​មក។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ថា លោក ហ៊ុន សែន មាន​បញ្ហា​ភ្នែក​នៅ​ពេល​ថ្មី​នេះ ប៉ុន្តែ​លោក​មិន​មាន​ព័ត៌មាន​លំអិត​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​ភ្នែក​នេះ លោក ហ៊ុន សែន មាន​របួស​ភ្នែក​ខាង​ឆ្វេង កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥។ លោក ជាម យៀប បន្ថែម​ថា​ប្រសិន​បើ​លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព ហើយ​មិន​អាច​បំពេញ​កិច្ច​ការងារ​បាន បើ​តាម​ច្បាប់ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ដីទី។ ប៉ុន្តែ​លោក ហ៊ុន សែន មាន​សិទ្ធិ​ដើម្បី​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ស្ដីទី។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​គួរ​តែ​បន្ត​ដំណើរ​ការ​របស់​ខ្លួន​តាម​ធម្មតា មិន​គួរ​លុប​ចោល​កិច្ច​ប្រជុំ​ដោយសារ​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ជំងឺ​ទេ។

លោក​បន្ថែម​ថា កម្ពុជា​គួរ​តែ​បោះ​បង់​ចោល​ទម្លាប់​មាន​តែ​បុគ្គល​ម្នាក់​ដឹកនាំ​ប្រទេស។ កម្ពុជា​ត្រូវ​បង្កើត​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​បន្ត​ការងារ​រដ្ឋាភិបាល​ប្រសិន បើ​មេ​ដឹក​នាំ​មាន​ធុរៈ ឬ​ក៏​មាន​ជំងឺ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ក្នុង​ពិធី​ខួប​លើក​ទី​៥៩ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ មិថុនា​ថា គណបក្ស​គាំទ្រ​បេក្ខភាព​របស់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី នៅ​ក្នុង​ការ​បោះ​ឆ្នោត នៅ​ឆ្នាំ​២០១៣។ លោក ហ៊ុន សែន មិន​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ទេ ដោយសារ​លោក​បាន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1)៕