នាយករដ្ឋមន្ត្រី៖ ស្ថានការណ៍​ព្រំដែន​នឹង​ធូរស្រាល​បន្ទាប់​ពី​ថៃ​មាន​អ្នក​ដឹក​នាំ​ថ្មី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ជួប​ប្រជុំ​រវាង​យោធា​ប្រទេស​កម្ពុជា-​ថៃ ក្រោយ​ពេល​ប្រទេស​ថៃ មាន​រដ្ឋាភិបាល​ថ្មី គឺ​ជា​ការ​បង្កើន​ការ​ជឿ​ទុក​ចិត្ត​គ្នា និង​កសាង​មិត្តភាព​រវាង​កងទ័ព​ប្រទេស​ទាំង​២ សា​ជា​ថ្មី​ឡើង​វិញ។

0:00 / 0:00

លោក ហ៊ុន សែន បាន​គាំទ្រ​ការ​ជួប​ប្រជុំ​រវាង​មេបញ្ជាការ​យោធា​ថៃ និង​កម្ពុជា នៅ​ពេល​ខាង​មុខ ដើម្បី​សម្រួល​ភាព​តានតឹង​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។

លោក​មាន​ជំនឿ​ថា ស្ថានការណ៍​ព្រំដែន​កម្ពុជា-​ថៃ នឹង​ត្រូវ​បាន​ធូរ​ស្រាល​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ និង​កាត់​បន្ថយ​​លទ្ធភាព​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​បាន​កម្រិត​ខ្ពស់ ក្រោយ​ប្រទេស​ថៃ មាន​ថ្នាក់ដឹកនាំ​ថ្មី​ចេញ​ពី​គណបក្ស​ភឿថៃ ធ្វើ​ការ​ដឹកនាំ​ប្រទេស​នៅ​ក្នុង​សប្ដាហ៍​នេះ​រួច​មក។

លោក ហ៊ុន សែន បន្ថែម ៖ «ឥឡូវ​យើង​ប្រជុំ​ដល់​ពេល​ចូល​ដល់​បញ្ហា​ចំណុច​បង្កើត​តំបន់​អនុវត្តន៍ អំពី​តំបន់​អត់​មាន​កងទ័ព​នេះ យើង​ត្រូវ​ការ​ឥណ្ឌូណេស៊ី។ ប៉ុន្តែ​ក្នុង​ករណី​គ្មាន​ឥណ្ឌូណេស៊ី ភាគី​ទាំង​ពីរ​ត្រូវ​រាយការណ៍​ឲ្យ​ឥណ្ឌូណេស៊ី ថា យើង​បាន​ព្រមព្រៀង​គ្នា ព្រោះ​តួនាទី​ឥណ្ឌូណេស៊ី ជា​ការ​ទទួល​សិទ្ធិ​ពី​ក្រុមប្រឹក្សា​សន្តិសុខ និង​ការ​ទទួល​សិទ្ធិ​ពី​តុលាការ​អន្តរជាតិ។ ដូច្នេះ​មិន​អាច​បោះបង់​ចោល​បាន​ទេ ប៉ុន្តែ​ដើម្បី​ថា កុំ​ឲ្យ​មាន​ការ​លំបាក»

ទោះ​យ៉ាង​ណា អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​អះអាង​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ពុំ​គួរ​មាន​ទំនុក​ចិត្ត​ច្រើន​ពេក​ទេ​ទៅ​លើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថៃ ដែល​ទើប​ជាប់​ឆ្នោត។ ព្រោះ​លោក​យល់​ថា សារជាតិ​ថៃ ដែល​មាន​មហិច្ឆតា​ចូល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា មិន​មែន​ទើប​តែ​មាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ គឺ​ជា​យូរ​លង់​ណាស់​​​មក​ហើយ ដែល​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច។

យ៉ាង​ណា​ក៏ដោយ ប្រមុខ​ដឹកនាំ​កម្ពុជា​មាន​ជំនឿ​ថា បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​តំបន់​រវាង​មេបញ្ជាការ​កងទ័ព​ភូមិ​ភាគ​ទី​៤ ខាង​ភាគី​កម្ពុជា និង​ភូមិ​ភាគ​ទី​២ របស់​ថៃ ដែល​គ្រោង​ពិភាក្សា​នៅ​ថ្ងៃ​ទី​២៤-​២៥ ខែ​សីហា នៅ​ប្រទេស​ថៃ អាច​នឹង​កាត់​​បន្ថយ​ស្ថានការណ៍​តានតឹង​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ប្រសើរ​ឡើង។

ដោយ​ឡែក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ជាប់​គាំង​កន្លង​មក ក៏​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា កម្ពុជា​នឹង​ត្រូវ​រៀបចំ​កិច្ច​ប្រជុំ​ឡើង​ក្នុង​ពេល​ដ៏​ឆាប់ ដោយ​មិន​ចាំបាច់​មាន​វត្តមាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ​​ក៏​បាន ព្រោះ​លោក​យល់​ថា គ្រាន់តែ​ជា​ការ​ប្រជុំ​ដោះ​ស្រាយ​បញ្ហា​ទូទៅ​រវាង​កម្ពុជា-​ថៃ ឈាន​ដល់​ការ​បោះ​បង្គោល​ព្រំដែន​រួម​ជាមួយ​គ្នា​​​នោះ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម ៖ «សម្រួល​ទៅ​បង្កើត​ការ​ទុក​ចិត្ត​គ្នា​ខាង​ណោះ​ក៏​ថយ​ទៅ គេ​ក៏​ទុក​មួយ​ចំនួន យើង​ក៏​ទុក​​មួយ​ចំនួន​ណា រួច​នាំ​គ្នា​ដក​ថយ​ទៅ កម្លាំង​ចូល​បន្ទាយ​ទៅ ហើយ​មក​ជួយ​បង្កបង្កើន​ផល​ឲ្យ​ប្រជាជន ឬ​ក៏​ក្រុម​គ្រួសារ​ទៅ ឬ​បង្ក​បង្កើន​ផល​សម្រាប់​អង្គភាព។ ធ្វើ​បែប​នេះ​សន្តិភាព​វា​នឹង​កើត​តាម​ទល់​ដែន វា​នឹង​សម្រេច​នូវ​គោលបំណង​ដែល​យើង​ចង់​បាន​នូវ​ព្រំដែន​សន្តិភាព មិត្តភាព និង​សហ​ប្រតិបត្តិការ»

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មាន​ជំនឿ​មុតមាំ​ថា រដ្ឋាភិបាល​ថៃ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​តាម​ព្រំដែន​កាន់​តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត។ ក្នុង​នោះ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-​ថៃ នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ឡើង​វិញ។

លោក​បន្ត​ថា ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ បាន​ចាប់​ផ្ដើម​ស្ងប់ស្ងាត់​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​គ្រា​​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​លោកស្រី យីងឡាក់ ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ខែ​មុន​នេះ៕