លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បានលើកឡើងថា លោកស្វាគមន៍ចំពោះប្រទេសថៃ ដែលព្រមទទួលយកការត្រួតពិនិត្យការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ ដោយអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូណេស៊ី ហើយកម្ពុជា បើកចំហចំពោះក្រុមអ្នកសង្កេតការណ៍នោះ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅថ្ងៃទី២២ ខែកុម្ភៈ នៅក្រុងភ្នំពេញ ក្នុងថ្ងៃដែលមានកិច្ចប្រជុំដោះស្រាយទំនាស់ព្រំដែនថៃ នៅក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ីដែរនោះ។
លោក ហ៊ុន សែន បានបន្ថែមថា បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃនោះ មិនអាចដោះស្រាយតាមភាគីទី៣បានទេ គឺចុងក្រោយនៅតែមានការដោះស្រាយដោយកម្ពុជា និងថៃដដែល គ្រាន់តែត្រូវការដឹងឮពីភាគីទី៣ ពីព្រោះកន្លងមកប្រទេសថៃ ស៊ីញេនឹងដៃលុបនឹងជើង ដូច្នេះហើយបើប្រទេសថៃ ទទួលស្គាល់ការដាក់ឲ្យមានអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូណេស៊ី និងមានការបញ្ជូនអ្នកសង្កេតការណ៍មកតាមដានពីបទឈប់បាញ់នោះ មិនចាំបាច់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅក្នុងកិច្ចប្រជុំនៅក្រុងហ្សាកាតា ក៏បានដែរ។
លោក ហ៊ុន សែន បានថ្លែងទៀតថា អ្នកច្បាប់កម្ពុជា បានរៀបចំឯកសារច្បាប់ប្ដឹងទៅតុលាការយុត្តិធម៌ទីក្រុងឡាអេ ដើម្បីបកស្រាយលើសាលក្រមថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ទាក់ទងបញ្ហាប្រាសាទព្រះវិហារ និងអធិបតេយ្យភាពកម្ពុជា ពីព្រោះរវាងភាគីទាំង២ ម្ខាងប្រើផែនទីដែលទទួលស្គាល់ដោយអន្តរជាតិ និងម្ខាងទៀតប្រើផែនទីដែលប្រកាសដោយឯកតោភាគី ដូច្នេះអាស៊ានមិនអាចដោះស្រាយបាន ហើយអង្គការសហប្រជាជាតិក៏មិនអាចដោះស្រាយបានដែរ ពីព្រោះជម្លោះនេះមិនមែនចប់ត្រឹមការចរចានៅហ្សាកាតានោះទេ ប៉ុន្តែជាជំហានដំបូងត្រូវឈប់បាញ់គ្នា និងឈប់បំពារបំពានគ្នា។
លោក ហ៊ុន សែន បានថ្លែងថា មកទល់ពេលនេះមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរមែន ហើយកងទ័ពកម្ពុជា មានថែមកាំភ្លើងធំ និងរថក្រោះមែន តែមិនមានបង្កើនចំនួនទាហានទេ។ ជាមួយនោះដែរ កម្ពុជាមកទល់ពេលនេះមិនមានគោលការណ៍រើសយុវជន សិស្ស និស្សិត ចូលធ្វើទាហានទេ ពីព្រោះចំនួនទាហានកម្ពុជា មានចំនួនគ្រប់គ្រាន់ហើយ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងសេចក្ដីព្រាង ៤ចំណុច ដើម្បីឲ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំដោះស្រាយទំនាស់កម្ពុជា-ថៃ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងថ្ងៃទី២២ ខែកុម្ភៈនេះ ក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈយន្តការថ្នាក់តំបន់ គឺតាមប្រទេសអាស៊ាន។
សេចក្ដីស្នើទាំង ៤ចំណុចនោះ រួមមានទី១ ភាគីកម្ពុជា និងថៃ ព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍។ ទី២ រក្សាស្ថានភាពឲ្យនៅលើទីតាំងឈរជើងរៀងៗខ្លួន មិនចល័តកងកម្លាំងយោធា គឺរង់ចាំដំណោះស្រាយនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ទី៣ ភាគីកម្ពុជា និងថៃ លើកទឹកចិត្តឲ្យមេបញ្ជាការយោធានៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពនៅព្រំដែន និងទី៤ ភាគីកម្ពុជា និងថៃ ស្នើសុំឲ្យភាគីទី៣ មកត្រួតពិនិត្យបទឈប់បាញ់ ដែលមានតំណាងមកពីប្រទេសអាស៊ាន ជាស៊ីវិល ឬយោធា ឬនគរបាល ឬជាក្រុមចម្រុះ លើកលែងតែតំណាងប្រទេសមកពីកម្ពុជា និងថៃ ដែលជាភាគីជម្លោះ។
ប្រភពព័ត៌មានពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ជាទីដែលមានកិច្ចប្រជុំប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយជម្លោះកម្ពុជា-ថៃ បានឲ្យដឹងថា កិច្ចប្រជុំបានចាប់ផ្ដើមពីម៉ោង ១២ថ្ងៃត្រង់ ម៉ោងនៅប្រទេសកម្ពុជា ដោយមានតំណាងប្រទេសអាស៊ាន ទាំងអស់ចូលរួម។
ទីភ្នាក់ងារព័ត៌មានបារាំង អេ.អេហ្វ.ភី (AFP) បានដកស្រង់សម្ដីលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ការជួបប្រជុំនេះដើម្បីដោះស្រាយជម្លោះតាមការចរចាគ្នា ហើយតំណាងប្រទេសទាំង២ មានបំណងល្អដើម្បីដោះស្រាយជម្លោះនេះ។ មកទល់ពេលនេះ ប្រទេសមានទំនាស់ទាំង២ បានទទួលយកការសម្របសម្រួលរបស់ប្រទេសឥណ្ឌូណេស៊ី។
កាសែតថៃ ជាភាសាអង់គ្លេសឈ្មោះ ឌឹ ណេហ្សិន (The Nation) បានដកស្រង់ប្រសាសន៍របស់លោក ម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ថា លោកមានសុទិដ្ឋិនិយមចំពោះការដោះស្រាយជម្លោះនេះ ហើយលោកសង្ឃឹមថា គេអាចរកដំណោះស្រាយបាន។ លោកបានមានប្រសាសន៍ទៀតថា ប្រទេសឥណ្ឌូណេស៊ី មិនមានការខ្មាសអៀនក្នុងការរកជំនួយពីប្រទេសអាស៊ានដូចគ្នា ដើម្បីដោះស្រាយទំនាស់ឡើយ ដូចជាកន្លងមកឥណ្ឌូណេស៊ី ធ្លាប់បានសុំឲ្យប្រទេសថៃ ជួយក្នុងការដោះស្រាយវិបត្តិបំបែករដ្ឋនៅអាចេ (Aceh) និងទីម័រខាងកើត (East Timor) ជាដើម។
កាសែត ឌឹ ណេហ្សិន បានដកស្រង់សម្ដីលោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលបានជម្រាបលោកនាយករដ្ឋមន្ត្រីថៃ ពីប្រទេសឥណ្ឌូណេស៊ីថា ប្រទេសថៃ មិនផ្លាស់ប្ដូរជំហររបស់ខ្លួនឡើយ គឺការដោះស្រាយជម្លោះជាមួយប្រទេសកម្ពុជានោះ គឺទ្វេភាគីតាមរយៈគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (Thailand-Cambodia Joint Border Commission)។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក តំណាងប្រទេសកម្ពុជា និងថៃ បានជួបគ្នានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ម្ដងហើយ ដើម្បីដោះស្រាយជម្លោះរឿងព្រំដែនប្រទេសទាំង២ ក្រោយពីប្រទេសកម្ពុជា បានដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំឲ្យជួយទប់ស្កាត់ការប្រយុទ្ធរវាងកងទ័ពកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលបណ្ដាលឲ្យស្លាប់ និងរបួសទាហាន និងជនស៊ីវិលជាច្រើននាក់ទាំងសងខាង។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមកិច្ចប្រជុំនៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ ដោយមានកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាឧត្ដមសេនីយ៍ទោ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានទៅចូលរួមប្រជុំដែរ ប៉ុន្តែជិះយន្តហោះផ្សេងគ្នា៕