សង្គម​ស៊ីវិល៖ ការ​ភ្ជាប់​លោក សូណង់ដូ ក្នុង​តំបន់​អបគមន៍​ទំនង​ជា​នយោបាយ

ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​មួយ​ចំនួន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​គំរាម​របស់​លោក ហ៊ុន សែន តាម​ប្រព័ន្ធ​ច្បាប់ ប្រឆាំង​នឹង​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ថា ទំនង​ជា​ចេតនា​នយោបាយ​ក្នុង​ន័យ​ដើម្បី​បញ្ចប់​ការ​រិះគន់​នានា។

0:00 / 0:00

ការ​គំរាម​នេះ ខណៈ​រដ្ឋាភិបាល​ព្យាយាម​ភ្ជាប់​ករណី​របស់​ប្រធាន​សមាគមន៍​មួយ​នេះ​ទៅ​នឹង​តំបន់​អបគមន៍ ដែល​ចាត់​ទុក​ថា​ជា​ឥរិយាបថ​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស​នោះ។

ការ​ថ្លែង​សារ​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី សំដៅ​ដល់​តំបន់​អបគមន៍​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម​គិត​ថា មិន​ខុស​ទៅ​នឹង​អ្វី​ដែល​ពាក្យ​ចាស់​ពោល​ថា សម្លាប់​មួយ គំរាម​មួយ​ពាន់ ឬ​ថា បិទ​ទ្វារ​វៃ​ឆ្កែ​នោះ​ទេ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ដែល​ប្រើ​ប្រាស់​វេទិកា​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ១​ពាន់​នាក់ ក្នុង​ការ​ត្រៀម​ចុះ​ចែក​ដី​នៅ​គ្រា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ប្រើ​មធ្យោបាយ​បែប​នេះ​របស់​រដ្ឋាភិបាល ទំនង​ជា​ចេតនា​ស្វះស្វែង​រក​សំឡេង​គាំទ្រ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជា​ជាង​ឆន្ទៈ​ក្នុង​គោលការណ៍​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក​គិត​ថា ការ​គំរាម​ត​តាំង​តាម​រូបភាព​តុលាការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ភ្ជាប់​ទៅ​នឹង​តំបន់​អបគមន៍​នេះ ទំនង​កើត​ឡើង​ក្រោម​ហេតុផល​មួយ​ចំនួន អាច​ជា​ការ​បញ្ចប់​ទៅ​នៃ​ការ​ផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ការ​ព្រួយ​បារម្ភ​ដល់​ការ​រីក​លូតលាស់ នៃ​អ្នក​គាំទ្រ​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា គេ​ហាក់​ឃើញ​ហេតុផល​តិចតួច ដែល​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល។ លោក​ថា នោះ​ក៏​ព្រោះ​តែ​ពលរដ្ឋ​គ្មាន​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​តាម​រយៈ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល។

លោក មឿន តុលា៖ «ជា​ពិសេស គឺ​មាន​តែ ១០៦.៥ ឬ​ក៏ ១០៥​ហ្នឹង​ឯង ដែល​អាច​ហ៊ាន​ផ្សាយ​នូវ​ព័ត៌មាន​ជាក់​ស្ដែង អាច​មាន​ឮ​សំឡេង​ប្រជាពលរដ្ឋ​យំ​ពិត​ប្រាកដ។ ដោយ​ឡែក​វិទ្យុ​ផ្សេងៗ​ហ្នឹង គឺ​ពិបាក។ ហើយ​វិទ្យុ​អាស៊ី​សេរី វីអូអេ ដែល​ជា​វិទ្យុ​អន្តរជាតិ​ហ្នឹង ក៏​បាន​ទិញ​ម៉ោង​ពី​វិទ្យុ​អស់​ហ្នឹង​ដែរ។ ខ្ញុំ​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​ដែល​ថា​តំបន់​អបគមន៍​អី​អស់​ហ្នឹង គ្រាន់​តែ​ជា​លេស។ ប៉ុន្តែ ខ្ញុំ​មើល​ឃើញ​ចេតនា​ផ្តាច់​ឫសគល់​នៃ​ចលនា​ប្រជាធិបតេយ្យ​ហ្នឹង វា​ច្រើន​ជាង»

បើ​ទោះ​ជា​បែប​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា ដី​ដែល​មាន​ជម្លោះ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ រដ្ឋាភិបាល​ពុំ​បាន​លូក​ដៃ និង​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ទេ។ ក្នុង​ន័យ​នេះ លោក​ថា​ដើម​ហេតុ​នៃ​ភាព​ចម្រូងចម្រាស កើត​ឡើង​ដោយ​សារ​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​ចោទ​ថា រដ្ឋាភិបាល​បណ្ដេញ​ប្រជាជន​ចេញ​ពី​ភូមិ។ តែ​ខ្ញុំ​សូម​ជម្រាប​ថា អ្នក​កំពង់ដំរី​អត់​មាន​ប៉ះ​ពាល់​ដីធ្លី​របស់​គាត់​ទាំង​អស់ បោះ​ឆ្នោត​ឃុំ​កន្លង​ទៅ ឃុំ​កំពង់ដំរី គណបក្ស​ប្រជាជន​ស៊ី​ប្រាំ​កៅអី ដាច់​ប្រាំ​កៅអី​ពឹប។ យើង​មាន​បាន​ប៉ះ​ពាល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពី​កាល។ ពួក​អនាធិបតេយ្យ​ទៅ​ពី​ក្រៅ​តើ តាម​រយៈ​អា​មេខ្លោង​នៅ​ភ្នំ​ពេញ​នែក ដែល​បង្កើត​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ»

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​ពុំ​មាន​កំហុស​ក្នុង​រឿង​នេះ​យ៉ាង​ណា​ក្តី តែ​នៅ​ក្នុង​ការ​បង្ក្រាប និង​បោស​សំអាត​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ដែល​មាន​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្រោម​បទ​ចោទ​ថា បាន​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ព្រឹត្តិការណ៍​នោះ យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​កុមារី​ម្នាក់​ត្រូវ​បាញ់​ស្លាប់​ភ្លាមៗ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​បន្ត​តាម​ចាប់​ខ្លួន ក្នុង​នោះ​មាន​លោក ប៊ុន ឆន និង​លោក ប៊ុន រដ្ឋា ជាដើម ដែល​ជា​សមាជិក​របស់​ក្រុម​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។

លោក ចាន់ សុវេត អនុប្រធាន​ស៊ើប​អង្កេត​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក​ចាត់​ទុក​ថា លោក ម៉ម សូណង់ដូ ដែល​កំពុង​ស្ថិត​ក្រោម​បទ​ចោទ​របស់​រដ្ឋាភិបាល​នេះ គេ​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។ លោក​មាន​ប្រ​សាសន៍​ថា បទ​ចោទ​នេះ​ទំនង​មាន​ហេតុផល​ផ្សេង ក្រៅ​ពី​តំបន់​អបគមន៍ តែ​ថា​ដើម្បី​ងាយ​ស្រួល​ដាក់​បន្ទុក​តាម​ផ្លូវ​ច្បាប់ លោក​គិត​ថា រដ្ឋាភិបាល​ព្យាយាម​ទាញ​អង្គ​ហេតុ​ភ្ជាប់​ទៅ​នឹង​តំបន់​អបគមន៍ ដែល​ជា​សកម្មភាព​មួយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អំពើ​ប្រឆាំង​រដ្ឋាភិបាល។ តែ​ទោះ​ជា​យ៉ាង​ណា លោក​អះ​អាង​ថា​នឹង​បន្ត​ស៊ើប​អង្កេត​បន្ត​ទៀត​ក្នុង​ហេតុការណ៍​នេះ។

លោក ចាន់ សុវេត៖ «ម៉ម សូណង់ដូ គាត់​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដែល​តែង​តែ​ធ្វើ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​រឿង​អាស្រូវ​ខ្លះៗ សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស សម្រាប់​ការ​រំលោភ​សិទ្ធិ​នយោបាយ​អី​ហ្នឹង ជាដើម។ អញ្ចឹង ជា​ចំណុច​ដែល​អាច​ថា មាន​ការ​កត់​សម្គាល់ ហើយ​មួយ​ទៀត​នោះ អ្នក​ដែល​ចូល​រួម​ចំណែក​ដឹកនាំ​ក្នុង​ការ​អើ...ទាម​ទារ​តវ៉ា​ដីធ្លី​ក៏​ជា​អ្នក​ដែល​ចូល​រួម​សមាជិក​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ដែរ»

លោក ម៉ម សូណង់ដូ ដែល​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស (Switzerland) នៅ​ឡើយ​នោះ លោក​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា តាម​ទូរស័ព្ទ​ដោយ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ថា លោក​នឹង​មិន​ខ្លាច​ពី​ការ​ចាប់​ខ្លួន​ដូច​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​សារ​នោះ​ទេ។ ពោល​គឺ​លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​បញ្ចប់​ការងារ​រួច។ លោក​គិត​ថា បទ​ចោទ​គឺ​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ថា​លោក​ពុំ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ណា​មួយ​ចំពោះ​តំបន់​អបគមន៍​នោះ​ដែរ។

លោក ម៉ម សូណង់ដូ៖ «ខ្ញុំ​គ្រាន់​តែ​ជា​ប្រធាន​សមាគមន៍។ ខ្ញុំ​អត់​មាន​ចូល​ដៃ ចូល​ជើង​ទៅ​ឲ្យ​ធ្វើ​អញ្ចឹងៗ​ទេ។ ហេតុ​ដូច្នេះ ដូច​អត់​មាន​អី​ការ​ចោទ​ប្រ​កាន់​អី​ឲ្យ​ច្បាស់​លាស់ គ្រាន់​តែ​អ្នក​ដែល​វា​មាន​ទំនាស់​ហ្នឹង គឺ​ជា​សមាជិក​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​ជា​សមាជិក​គាំទ្រ។ បើ​មាន​សមាជិក​ដែល​សកម្ម​បម្រើ​សមាគមន៍​ហ្នឹង គឺ​គាត់​សុទ្ធ​តែ​ស៊ីញេ​ផ្ដិត​មេដៃ​​​គោរព​ច្បាប់​ផ្ទៃ​ក្នុង និង​លក្ខន្តិក។ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​លើស​ពី​ប៉ុណ្ណឹង​ទេ។ បើ​សិន​គាត់​ធ្វើ​លើស​ពី​ប៉ុណ្ណឹង គឺ​រឿង​របស់​គាត់»

បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ការ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​ចេតនា​បំបែក​រដ្ឋ​នោះ គឺ​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។ ស្រប​ពេល​ដែល​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចូល​ខ្លួន​សារភាព​ពី​អ្នក​មាន​ទោស មក​ជា​សាក្សី។ ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ និង​ត​តាំង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ថែម​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ឥឡូវ​លេង​ជា​មួយ​នឹង​អ្នក​មេ​ខ្លោង​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ ដែល​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ហើយ រំលាយ​ភូមិ​ចាស់​បង្កើត​ភូមិ​ថ្មី​ដល់​ទៅ​ប្រាំ​ពីរ ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ។ រឿង​នេះ​មិន​អាច​ឲ្យ​កើត​មាន ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ»

លោក សុខ សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​ពន្យល់​ថា ដើម្បី​ធានា​ចំពោះ​ការ​វិនិច្ឆ័យ​ឈរ​លើ​ភាព​ឯករាជ្យ យុត្តិធម៌ និង​មិន​លំអៀង ត្រូវ​ទាម​ទារ​ការ​ស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​សុក្រឹត ដោយ​ផ្អែក​លើ​ភស្តុតាង និង​អង្គហេតុ។ លោក​គិត​ថា ប្រសិន​បើ​លោក ម៉ម សូណង់ដូ មិន​ស្ថិត​នៅ​ពី​ក្រោយ​បទ​ចោទ​ដូច​ដែល​រដ្ឋាភិបាល​រក​ឃើញ​ទេ លោក​ថា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទំនង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

លោក សុខ សំអឿន៖ «អា​ហ្នឹង ទាល់​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​បន្តិច។ តើ​ពួក​ក្រចេះ​ហ្នឹង គាត់​ធ្វើ​ដោយ​ខ្លួន​ឯង? ជួន​កាល​គាត់​អាច​ងងឹត​ងងុល ឬ​ក៏​ជួន​កាល ការ​ធ្វើ​ហ្នឹង​វា​ហួស​ហេតុ​អី​តិចតួច​អញ្ចឹង​ទៅ ជា​គំនិត​របស់​ខ្លួន​ឯង ឬ​ក៏​ជា​ការ​បញ្ជា​របស់​លោក ម៉ម សូណង់ដូ។ ថា​តើ​មាន​ទំនាក់​ទំនង​យ៉ាង​ម៉េច? បើ​អត់​មាន​ទំនាក់​ទំនង​ទេ វា​អត់​ពាក់​ព័ន្ធ​លោក ម៉ម សូណង់ដូ ទេ»

ស្ថិត​ក្រោម​សម្ពាធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គិត​ថា តើ​លោក ម៉ម សូណង់ដូ អាច​ប្រឈម​មុខ​ទៅ​នឹង​ច្បាប់​របស់​ប្រ​ទេស​ដែរ ឬ​ទេ? ក្នុង​ន័យ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ ពោល​គឺ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ និង​បំពេញ​ការងារ​ក្នុង​នាម​ស្ថាប័ន​មិន​ចូល​បក្ស​សម្ព័ន្ធ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​លោក ម៉ម សូណង់ដូ មិន​ស្ថិត​នៅ​ពី​ក្រោយ​រឿង​រ៉ាវ​ដ៏​ចម្រូង​ចម្រាស់​នេះ នោះ​មាន​ន័យ​ថា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទំនង​គេច​ចេញ​ពី​សំណាញ់​ច្បាប់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។