លោក ហ៊ុន សែន នឹង​ចូល​រួម​កិច្ច​ប្រជុំ​ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នៅ​វៀតណាម

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន គ្រោង​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី៧ ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចេញ​ផ្សាយ​ថ្ងៃ​ទី១២ ខែ​តុលា អោយ​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​លើក​ទី៧ ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​រវាង​កម្ពុជា វៀតណាម និង​ឡាវ (ស៊ី.អិល.វី = CLV) នឹង​ធ្វើ​នៅ​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២០ ខែ​តុលា។ ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung)។

បើ​ទោះ​ជា​យ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​ពុំ​បាន​បញ្ជាក់​ពី​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ឡើយ។ ជាទូទៅ កិច្ច​ប្រជុំ ស៊ី.អិល.វី គឺ​ផ្ដោត​ទៅ​លើ​ទំនាក់​ទំនង​សហប្រតិបត្តិការ សង្គម សេដ្ឋកិច្ច ក្នុង​តំបន់​នៃ​ប្រទេស​ទាំង​៣ គឺ​កម្ពុជា វៀតណាម ឡាវ។

សេចក្ដី​ប្រកាស​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​កម្ពុជា នឹង​ចូល​រួម​ជា​គណៈប្រតិភូ​អម​ដំណើរ​នាយក​រដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។