សេចក្ដីព្រមាននេះបានធ្វើឡើងជាសាធារណៈលើកដំបូងបំផុត ក្រោយពីលោកនាយករដ្ឋមន្ត្រីបានអវត្តមានអស់រយៈពេលប្រហែលកន្លះខែមកហើយ មិនចេញមុខនៅក្នុងជំនួបនានា និងការថ្លែងជាសាធារណៈ ដោយសារតែលោកបានឆ្លងជំងឺគ្រុនផ្តាសាយ A(H1N1)។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យខេត្តស្វាយរៀង លោកនាយករដ្ឋមន្ត្រីបានហៅមន្ត្រីអ្នកនាំពាក្យគណបក្សប្រឆាំង ថាជាមន្ត្រីមិនមានការចេះដឹង ជាការធ្វើការសាកល្បង ដើម្បីចង់ដឹងថា តើលោកនាយករដ្ឋមន្ត្រីត្រូវបានគេចាប់ខ្លួន ឬក៏អត់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «បញ្ហាដែលគួរចាប់អារម្មណ៍ បើលោកនិយាយត្រឹមជំងឺ វាមិនអីទេ! តែលោកឈានដល់ការដែលគេចាប់ឃុំក្នុងផ្ទះ ឬចាប់ឃុំទៅបរទេសទៅហើយ! អ៊ីចឹងករណីបែបនេះ អស់លោកជាអ្នកច្បាប់ដែលត្រូវការពារច្បាប់ដែរ ម៉េចក៏មិនប្រតិកម្ម! អ៊ីចឹងបានជាមានរឿងអ្នកនាំពាក្យបង្ហាញពីការចង់ដឹងរបស់ប្រជាពលរដ្ឋនៃសុខភាពនាយករដ្ឋមន្ត្រី គឺធ្វើតេស្ត តើ ហ៊ុន សែន ត្រូវគេចាប់ខ្លួនដែរអត់! អ៊ីចេះវិញទេ!»។
ក្នុងអំឡុងពេលអវត្តមានចាប់តាំងពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី១៩ កក្កដា ថ្វីបើមានការប្រកាសពីទីស្ដីការគណៈរដ្ឋមន្ត្រីថា លោកនាយករដ្ឋមន្ត្រី និងមន្ត្រីចំនួន ៥រូបផ្សេងទៀត បានទទួលរងនូវជំងឺគ្រុនផ្ដាសាយ A(H1N1) ប៉ុន្តែមានពាក្យចចាមអារ៉ាមជាច្រើននៅខាងក្រៅ ជុំវិញស្ថានភាពអវត្តមានរបស់លោក ដោយធ្វើការសង្ស័យថា លោកនាយករដ្ឋមន្ត្រីត្រូវគេចាប់ខ្លួន ឬឃុំទុកនៅក្នុងផ្ទះជាដើម។
ស្របពេលនោះដែរ កាលពីថ្ងៃអង្គារ ទី១៣ កក្កដា សប្ដាហ៍មុន អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានទាមទារឲ្យរដ្ឋាភិបាលផ្ដល់ព័ត៌មានអំពីសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ដោយសារតែប្រជាពលរដ្ឋចង់ដឹងពីស្ថានភាពសុខភាពរបស់លោក ហើយបើសិនជាមេដឹកនាំមានបញ្ហាសុខភាព ត្រូវមានអ្នកជំនួសដើម្បីរក្សាដំណើរការរបស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីមិនត្រឹមតែបកស្រាយអំពីជំងឺរបស់លោក ហើយនិងបញ្ជាក់អំពីការប្រឹងប្រែងធ្វើការងារនៅក្នុងអំឡុងពេលនោះ លោកក៏បានព្រលយពាក្យថា លោកនឹងមានការប្រើប្រាស់កម្លាំងទ័ពទប់ទល់ បើសិនជាមានការទម្លាក់លោកដោយមិនស្របច្បាប់ណាមួយ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ខ្ញុំប្រើពាក្យអ្នកណាក៏ដោយចុះ ប៉ុនប៉ងទម្លាក់ ហ៊ុន សែន ដោយមធ្យោបាយមិនប្រជាធិបតេយ្យ ត្រូវឆ្លើយតបដោយកម្លាំង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ សូមបញ្ជាក់! ហើយកោតតែបក្សប្រឆាំងអាចគាំទ្រទៅរួច ដឹងថាគេចាប់ ហ៊ុន សែន ឃុំខ្លួននៅក្នុងផ្ទះ ឬគេចាប់យកទៅបាត់ ម៉េចក៏មិនប្រតិកម្ម?»។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានធ្វើអត្ថាធិប្បាយនៅក្នុងថ្ងៃច័ន្ទនេះដែរថា លោកមិនចាប់អារម្មណ៍អំពីរឿងផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រីទេ ប៉ុន្តែលោកសប្បាយចិត្តទៅវិញទេ ដែលបានទទួលដំណឹងថា លោកនាយករដ្ឋមន្ត្រីបានជាសះស្បើយ។
លោកថ្លែងបន្តទៀតដូច្នេះ ៖ «តាមធម្មតា សម្ដេចតែងតែធ្វើការវាយប្រហារទៅលើគណបក្សប្រឆាំងជាប់ជានិច្ចហ្នឹង! នេះជារឿងទម្លាប់ ជារឿងធម្មតារបស់សម្ដេចហើយ! ហើយពួកយើងខ្ញុំក៏អត់មានភ្ញាក់ផ្អើលអីទេ! ប៉ុន្តែវាទាល់តែគណបក្ស សម រង្ស៊ី ជាគូប្រជែងរបស់គណបក្សប្រជាជននេះហើយ បានជាគេបារម្ភ ហើយតែងតែលើកឡើងជានិច្ច!»។
ក្នុងអំឡុងពេលនៃអវត្តមាន លោកនាយករដ្ឋមន្ត្រីបានអាក់ខានក្នុងការជួបជាមួយមន្ត្រីទូតអាល្លឺម៉ង់ ទូតឥណ្ឌូណេស៊ី និងការជូនដំណើរព្រះមហាក្សត្រយាងទៅគង់នៅប្រទេសចិនវិញ។ ក៏ប៉ុន្តែកិច្ចការជាច្រើន ដូចជាការឆ្លើយតបសារ និងការចុះហត្ថលេខាលើកិច្ចប្រជុំសំខាន់ៗ ត្រូវបានលោកបញ្ជាក់ថា លោកបានបំពេញមិនឲ្យសេសសល់ឡើយ៕