ស្របពេលនេះដែរអ្នកនយោបាយនានាក៏ឆ្លៀតឱកាសឌឺដងដាក់គ្នា ដើម្បីដណ្ដើមប្រជាប្រិយរៀងៗខ្លួន។ លើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹករឿងចាស់រវាងគូប្រកួតប្រជែងរបស់លោកជាមួយមេបក្សជំទាស់។
សារនយោបាយគឺជាចំណីអារម្មណ៍មួយដ៏សំខាន់ចំពោះអ្នកធ្វើនយោបាយ និងអ្នកគាំទ្រនយោបាយ ជាពិសេសនៅក្នុងពេលប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោតម្ដងៗ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយលោកអាចារ្យជាច្រើនរយនាក់នៅ មជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍រំលឹករឿងសង្គ្រាមពាក្យសម្ដីនយោបាយរបស់លោក ជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី កាលពីប៉ុន្មានឆ្នាំមុននេះ ដោយលើកឡើងថា មេបក្សជំទាស់រូបនោះលែងមានសមត្ថភាពប្រកួតប្រជែងផ្នែកនយោបាយជាមួយ លោកទៀតហើយនៅពេលនេះ។
គេនៅចាំបានថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរើសនាយករដ្ឋមន្ត្រីកន្លងទៅ លោក សម រង្ស៊ី បានឃោសនាទាក់ទាញប្រជាពលរដ្ឋឲ្យបោះឆ្នោតដូរថ្នាក់ដឹកនាំ រដ្ឋាភិបាល គឺដូរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង ហើយបោះឆ្នោតឲ្យបក្ស សម រង្ស៊ី ឈ្នះឆ្នោត។
នៅក្នុងយុទ្ធនាការនោះ លោកបានប្រើពាក្យស្លោកនយោបាយថា៖ «បើមាន សែន អត់ ស៊ី បើមាន ស៊ី អត់ សែន» ដែលឃ្លានេះ អ្នកនយោបាយមួយចំនួនបានកាត់យល់ថា ស៊ី គឺលោក សម រង្ស៊ី ហើយ សែន គឺឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឯង។
ឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីនេះ លោក សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅនិរទេសខ្លួននៅបរទេស បានប្រតិកម្មថា លោកនៅតែមានសមត្ថភាពប្រកួតប្រជែងនយោបាយជាមួយលោកនាយករដ្ឋមន្ត្រី ដូចមុនដដែល តែគ្រាន់តែលោកមិនចង់ឆ្លើយឆ្លងសារជានយោបាយជាមួយ។
លោក សម រង្ស៊ី សព្វថ្ងៃកំពុងរស់នៅបរទេសមិនអាចចូលស្រុកបានដោយតុលាការខ្មែរបាន កាត់ទោសកំបាំងមុខពីបទដកតម្រុយបង្គោលព្រំដែននៅខែវិច្ឆិកា ឆ្នាំ២០០៩ ដែលបោះដោយភាគីកម្ពុជា-វៀតណាម និងកម្ពុជា នៅខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
