ប្ដី​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ចម្ការ​ដំឡូង​នៅ​ប៉ៃលិន

អំពើ​ហិង្សា​កាប់​សម្លាប់​គ្នា​នៅ​ក្នុង​សង្គម​កម្ពុជា នៅ​តែ​កើត​មាន​ទោះ​បី​ប្រទេស​កម្ពុជា​បាន​បង្កើត​ ច្បាប់​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​នេះ​ក៏​ដោយ។ មូលហេតុ​នៃ​ការ​ប្រើ​អំពើ​ហិង្សា រហូត​ឈាន​ទៅ​ដល់​ការ​កាប់​សម្លាប់​គ្នា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បណ្ដាល​មក​ពី​កត្តា​បូក​ផ្សំ​ជា​ច្រើន​ប្រភេទ ដូច​ជា ជម្លោះ​ពាក្យ​សំដី​នៅ​ក្នុង​ក្រុម​គ្រួសារ ប្ដី​ប្រច័ណ្ឌ​ប្រពន្ធ ប្រពន្ធ​ប្រច័ណ្ឌ​ប្ដី និង​ខ្វះ​ការ​អប់រំ​ជា​ដើម។

0:00 / 0:00

ជាក់​ស្ដែង បុរស​ជា​ស្វាមី​ម្នាក់ នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ប្រើ​កាំបិត​កាប់​ប្រពន្ធ​ស្លាប់​នៅ​ក្នុង​ចម្ការ​ដំឡូង។

ប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ចាប់​ខ្លួន​បុរស​ជា​ស្វាមី​ម្នាក់ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា។ បុរស​រូប​នោះ​មាន ឈ្មោះ ដុំ សុវណ្ណ អាយុ ៤១​ឆ្នាំ ខឹង​នឹង​ប្រពន្ធ ក៏​ផឹក​ស្រា ហើយ​យក​កាំបិត​ផ្គាក់​កាប់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​នៅ​ក្នុង​ចម្ការ​ដំឡូង​មួយ ស្ថិត​នៅ​ក្នុង​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន។

លោក អ៊ុក គា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ថា ហេតុការណ៍​ប្ដី​យក​កាំបិត​កាប់​សម្លាប់​ប្រពន្ធ​នេះ បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២។ ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ ឈ្មោះ អ៊ួង មុំ អាយុ ៤៣​ឆ្នាំ និង​ប្ដី​ជា​ជន​ដៃ​ដល់​នោះ មាន​ឈ្មោះ ដុំ សុវណ្ណ អាយុ​៤១​ឆ្នាំ។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ មាន​មុខ​របរ​ជា​កម្មករ ធ្វើ​ការ​ងារ​នៅ​ក្នុង​ចម្ការ​ដំឡូង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។

លោក អ៊ុក គា៖ «ធ្លាប់​ពី​មុន​មក ម្ចាស់​ចម្ការ​ធ្លាប់​បាន​រ៉ៃ​លុយ​គ្នា​ឲ្យ​ប្រពន្ធ​ហ្នឹង ១០​ម៉ឺន​រៀល ឲ្យ​គាត់​ហ្នឹង នាំ​កូន​ទៅ កុំ​នៅ​ជា​មួយ​ប្ដី​ហ្នឹង ចេះ​តែ​វ៉ៃ​ធ្វើ​បាប​រហូត​អញ្ចឹង មិន​មែន​ទើប​តែ​ម្ដង​ហ្នឹង​ទេ ដែល​គាត់​វ៉ៃ​ធ្វើ​បាប​ប្រពន្ធ បាន​រ៉ៃ​លុយ​បាន ១០​ម៉ឺន​រៀល​ឲ្យ​ប្រពន្ធ​ទៅ​ម្ដង​ហើយ ស្រាប់​តែ​បាន​ប៉ុន្មាន​ថ្ងៃ ឃើញ​មក​វិញ មក​វិញ អត់​ឃើញ​កូន​មក​ទេ មក​តែ​ប្រពន្ធ នៅ​ជា​មួយ​គ្នា​បាន​ប្រហែល​តែ​មួយ​អាទិត្យ​ទេ ក៏​ចាប់​ផ្ដើម​ហូប​ស្រា​ជា​មួយ​គ្នា​បី​នាក់​អស់​មួយ​លីត្រ ក៏​បែក​គ្នា​ទៅ ពីរ​នាក់​នោះ គេ​បែក​ទៅ​បាត់​ទៅ គាត់​ឲ្យ​ប្រពន្ធ​មក​អាំង​សាច់​នៅ​ក្នុង​រោង​របស់​គាត់ ពីរ​នាក់​នោះ​គេ​អត់​មក ស្រាប់​ឮ​វ៉ៃ​ប្រពន្ធ​តែ​ម្ដង»

នៅ​ពេល​កំពុង​វាយ​សម្លាប់​ប្រពន្ធ​នោះ ស្រាប់​តែ​ម្ចាស់​ចម្ការ​ដំឡូង ឈ្មោះ អ៊ុន ទូច ទៅ​ទាន់ ឃើញ​ ហេតុការណ៍​ដូច្នេះ ក៏​រត់​ទៅ​ប្ដឹង​មេភូមិ ចៅ​សង្កាត់ និង​ប៉ូលិស​ដើម្បី​ចុះ​ទៅ​ចាប់​ខ្លួន​បុរស​ជា​ប្ដី។ នៅ​ពេល​សមត្ថកិច្ច​ប៉ូលិស​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ បុរស​ឈ្មោះ ដុំ សុវណ្ណ នោះ បាន​លើក​ប្រពន្ធ​ ដែល​ខ្លួន​បាន​វ៉ៃ​កាប់​នឹង​កាំបិត​សុស​ផ្ទៃ​មុខ​ទៅ​ហើយ​នោះ ដាក់​អង្គុយ​ហើយ​ធ្វើ​ល្បិច​ជា​ដង​ទឹក​ងូត​ឲ្យ​ ប្រពន្ធ។ តាម​ពិត ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​របួស​ធ្ងន់ធ្ងរ រក​កល​ចង់​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

សាក្សី ជា​កម្មករ​នៅ​ក្នុង​ចម្ការ​ដំឡូង ឈ្មោះ ម្លិស ធារ៉ា បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ប្ដី​កាប់​សម្លាប់​នោះ បាន​បោះតង់ សង់​រោង​ស្នាក់​នៅ​ក្នុង​ចម្ការ​ដំឡូង​ដាច់​ឆ្ងាយ​ពី​គ្នា។ កម្មករ​ជា​ច្រើន​នាក់​ទៀត ដែល​កំពុង​កាប់​ដំឡូង​នៅ​ក្នុង​ចម្ការ​នោះ ពុំ​បាន​ឮ​សូរ​សំឡេង​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ស្រែក​ឲ្យ​គេ​ជួយ​ទេ។ លោក បន្ត​ថា ក្រោយ​ពី​ដឹង​ហេតុ​ការណ៍​នោះ​ភ្លាម ពួក​គាត់​កម្មករ​ចម្ការ​ដំឡូង​ទាំង​ប្រុស​ទាំង​ស្រី ក៏​នាំ​គ្នា​ចូល​ទៅ​មើល។ ស្ត្រី​រង​គ្រោះ មាន​របួស​ធ្ងន់ធ្ងរ​ពេញ​លើ​ផ្ទៃមុខ ឃើញ​ដូច្នេះ សមត្ថកិច្ច និង​កម្មករ​ទាំង​នោះ ក៏​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ដាក់​លើ​ម៉ាស៊ីន​គោយន្ត បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ។

លោក ម្លិស ធារ៉ា៖ «មិន​ទាន់​ស្លាប់​ទេ ជួយ​លើក​ទាំង​ម្ចាស់​ចម្ការ ទាំង​ប៉ូលិស យក​ទៅ​ដាក់​លើ​គោយន្ត យក​ចេញ​ពី​ចម្ការ​ទៅ​ដាក់​ឡាន​ពេទ្យ គេ​មក​ទទួល​ត្រឹម​ថ្នល់ ចូល​ចម្ការ ចូល​អត់​កើត វា​ជាប់​ភុង មេឃ​ភ្លៀង រៀង​កាយ​គាត់​របួស​រយះ​ពេញ​មុខ​និង​ក្បាល»

សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​ដោយ​សារ​ប្ដី​កាប់​សម្លាប់​នេះ បាន​ដាច់​ខ្យល់​ស្លាប់​នៅ​ តាម​ផ្លូវ នៅ​ពេល​ដឹក​បញ្ជូន​ចេញ​ពី​ចម្ការ​ដំឡូង។ ឃើញ​ដូច្នេះ សមត្ថកិច្ច​ប៉ូលិស​ក៏​សំរេច​ចិត្ត​បញ្ជូន​សព ទៅ​ដាក់​តម្កល់​នៅ​ក្នុង​វត្ត​កោង​កាង។

ប្រធាន​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​ប៉ៃលិន លោក​ស្រី បា្រក់ សុភិមា បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​ធ្លាប់​មាន​ប្ដី​មុន ហើយ​មាន​កូន​ប្រាំ​មួយ​នាក់ តែ​ក្រោយ​មក​បាន​លែង​លះ​ជា​មួយ​ប្ដី​ ដើម ទៅ​រួម​រស់​ជាមួយ​ប្ដី​ក្រោយ ដែល​ជា​បុរស​ពោះម៉ាយ មាន​កូន​ពីរ​នាក់។ ប៉ុន្តែ​ការ​រួម​រស់​នៅ​ជា​មួយ​ប្ដី​ក្រោយ ស្ត្រី​រង​គ្រោះ​នៅ​ពុំ​ទាន់​មាន​កូន​ជា​មួយ​គ្នា​ទេ។ លោក​ស្រី បន្ត​ថា តាម​ការ​បំភ្លឺ​ពី​សាក្សី បុរស​ជា​ប្ដី​ចុង ដែល​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​នេះ ធ្លាប់​បាន​វាយ​ធ្វើ​បាប​ប្រពន្ធ​ស្ទើរ​រាល់​ថ្ងៃ។

ការ​ប្រើ​អំពើ​ហិង្សា រហូត​ដល់​កាប់​សម្លាប់​ប្រពន្ធ​នេះ គឺ​បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូន​ពីរ​នាក់ ដែល​ជា​កូន​របស់​ប្ដី​មុន​រត់​ចោល​ប្ដី​ចុង យក​ទៅ​ទុក​ឲ្យ​សាច់​ញាតិ​មើល​ថែ​ទាំ​នៅ​ក្នុង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​នោះ រត់​ចោល​ប្ដី​ចុង​នោះ​បាន​តែ​ប៉ុន្មាន​ថ្ងៃ ក៏​ត្រឡប់​ទៅ​វិញ ហើយ​ត្រូវ​ បុរស​ជា​ប្ដី​វាយ​សម្លាប់​នៅ​ក្នុង​ចម្ការ​ដំឡូង​តែ​ម្ដង។

លោក​ស្រី បា្រក់ សុភិមា៖ «តាម​ដែល​ខ្ញុំ​ឃើញ​រូប​ភាព​សាក​សព​ជន​រង​គ្រោះ​ហ្នឹង គឺ​សាហាវ​មែន​ទែន ឃើញ​ស្នាម​វ៉ៃ​ផង ហើយ​និង​កាប់​ផង ដោយ​សារ​ភ្នែក​ហ្នឹង គឺ​ឡើង​ជាំ​ពោ​ទាំង​សង​ខាង ហើយ​ត្របក​ភ្នែក​លៀន​ចេញ ដាច់​រយះ​មុខ មើល​លែង​ចង់​ស្គាល់​មុខ​មនុស្ស​ហើយ ជំនាន់ ពល ពត ទៅ​សម្លាប់​មនុស្ស ហើយ​ដល់​ពេល​យើង​ឥឡូវ​ហើយ នៅ​តែ​មាន​ការ​កាប់​សម្លាប់​ប្ដី​ប្រពន្ធ​អញ្ចឹង​ទៀត ព្រៃផ្សៃ​ខ្លាំង​ណាស់ ច្បាប់​ត្រូវ​តែ​ដាក់​ទោស​អ្នក​ដែល​ប្រព្រឹត្តិ»

សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ ឈ្មោះ អ៊ួង មុំ ពុំ​មាន​សាច់ញាតិ​ចេញ​មុខ​ជួយ​ធ្វើ​ការ​ប្ដឹង​ផ្ដល់​ទេ។ ចំណែក ឈ្មោះ ដុំ សុវណ្ណ ជា​ប្ដី​ដែល​បាន​កាប់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​នោះ បច្ចុប្បន្ន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស បន្ត​ឃុំ​ខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន រង​ចាំ​តំណាង​អយ្យការ​ធ្វើ​ពាក្យ​បណ្ដឹង​ ចោទ​ប្រកាន់​ជា​ផ្លូវការ ដើម្បី​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។