និស្សិត​ពិការ​ខ្មែរ រៀន​ថ្នាក់​អនុបណ្ឌិត​នៅ​សហ​រដ្ឋ​អាមេរិក

និស្សិត​ពិការ​ខ្មែរ​ម្នាក់​បាន​ទទួល​អាហារូបករណ៍​ពី​សកល​វិទ្យា​ល័យ​មួយ​នៅ​សហ​រដ្ឋ​អាមេរិក ឲ្យ​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ជំនាញ​ផ្នែក​នយោបាយ​ជន​ពិការ និង​កិច្ច​ការ​សាធារណៈ។
ដោយ យន់ សាមៀន
2011.07.20
ហ៊ុយឃី៣០៥ លោក ហ៊ុយ ឃី និស្សិត​ពិការ​ខ្មែរ​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត នៅ​សហ​រដ្ឋ​អាមេរិក
Photo: RFA

លោក ហ៊ុយ ឃី និស្សិត​ពិការ​ខ្មែរ​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត ពី​សកល​វិទ្យា​ល័យ American University’s School of International Service សម្រាប់​ថ្នាក់​អនុបណ្ឌិត​លើក​ដំបូង​បង្អស់ លើ​ពិភព​លោក សម្រាប់​ជន​ពិការ។ វិទ្យាស្ថាន​សម្រាប់​ជន​ពិការ និង​នយោបាយ​សាធារណៈ (Institute on Disability and Public Policy) បាន​បង្កើត​ថ្នាក់​អនុបណ្ឌិត​រយៈ​ពេល​មួយ​ឆ្នាំ សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​បាន​ជ្រើស​រើស​និស្សិត​ចំនួន ១០​នាក់​ សម្រាប់​ឆ្នាំ​សិក្សា​២០១១។

លោក ហ៊ុយ ឃី អាយុ​២៩​ឆ្នាំ ដែល​ទើប​តែ​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ច្បាប់​អន្តរ​ជាតិ​ពី​សហ​រដ្ឋ​អាមេរិក​នោះ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ថា​លោក​សង្ឃឹម​ថា ការ​សិក្សា​ជំនាញ​ផ្នែក​នយោបាយ​ជន​ពិការ និង​កិច្ច​ការ​សាធារណៈ​នេះ នឹង​អាច​ជំរុញ​ឲ្យ​លោក​អាច​យក​ការ​អប់រំ​ខ្លួន ដើម្បី​ជួយ​ជន​ពិការ​ដទៃ​ទៀត ឲ្យ​ទទួល​បាន​ការ​អប់រំ​សម​ស្រប និង​ការ​ងារ​ត្រឹម​ត្រូវ។ លោក​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​ពិការ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រើស​អើង ៖ “ខ្ញុំ​ឃើញ​ចំណុច​សំខាន់​ពីរ​ជា​ចម្បង ចំពោះ​ជន​ពិការ​នៅ​ស្រុក​ខ្មែរ​យើង នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ ទី​១ បញ្ហា​ទាក់​ទង​នឹង​ទៅ​ការ​អប់រំ ជន​ពិការ​ស្រុក​ខ្មែរ​គឺ​អត់​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​ចំពោះ​ផ្នែក​អប់រំ គឺ​ថា​នៅ​តាម​សាលា​រៀន​និមួយៗ រដ្ឋ​ក្ដី មិន​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​ពិការ​ទេ។ ឧទាហរណ៍​ជន​ពិការ​ដែរ​ដើរ​អត់​រួច យើង​អត់​ជា​ធ្វើ​ជំរុញ​ឲ្យ​ជន​ពិការ​សម្រាប់​ជន​ពិការ​មាន​ការ​ពិបាក​ទៅ​សាលា​រៀន”

និស្សិត ហ៊ុន ឃី មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់ឆ្នាំង។ លោក​មាន​បញ្ហា​ភ្នែក​តាំង​ពី​កំណើត ដោយ​លោក​មិន​អាច​មើល​ឆ្ងាយ​បាន​ទេ ប៉ុន្តែ​លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​រៀង​សូត្រ​រហូត​ដល់​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ ផ្នែក​ភាសា​អង់គ្លេស ហើយ​ចុង​ក្រោយ​បំផុត គឺ​អនុ​បណ្ឌិត​ផ្នែក​ច្បាប់​អន្តរ​ជាតិ។ លោក​បញ្ជាក់​ថា ការ​តស៊ូ​របស់​លោក​បាន​ជំរុញ​ឲ្យ​លោក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​របស់​លោក ៖ “ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ធ្វើ​ជា​សកម្ម​ជន​ផ្នែក​សិទ្ធិ​មនុស្ស ក្នុង​អង្គការ​សិទ្ធិ​មនុស្ស ជា​ពិសេស​ការ​ពារ​សិទ្ធិ​មនុស្ស​ទូ​ទៅ និង​ផ្ដោត​ជា​សំខាន់​ជន​ពិការ។ ដូច្នោះ​កម្មវិធី​មាន​សារសំខាន់​ផ្ដល់​ចំណេះ​ដឹង​ដល់​ខ្ញុំ ហើយ​វា​អាច​ជួយ​សម្រាប់​គោល​ដៅ​របស់​ខ្ញុំ​ទៅ​អនាគត"

បច្ចុប្បន្ន​នេះ និស្សិត ហ៊ុន ឃី កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​សប្ដាហ៍ ជា​ការ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​របស់​លោក។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​សម្រាប់​ជន​ពិការ និង​នយោបាយ​សាធារណៈ​បញ្ជាក់​ថា គោល​បំណង​នៃ​ថ្នាក់​អនុ​បណ្ឌិត គឺ​ដើម្បី​បង្កើន​ការ​ទទួល​ស្គាល់​ជន​ពិការ និង​បង្កើត​ឲ្យ​ពួក​គេ​មាន​ឱកាស​ទទួល​ការ​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា ដែល​មិន​ធ្លាប់​ទទួល​បាន។ កម្មវិធី​នេះ គឺ​អប់រំ​សិស្ស​តាម​ការ​សិក្សា តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​ជំរុញ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ ទាក់​ទង​ទៅ​នឹង​នយោបាយ​អន្តរ​ជាតិ សម្រាប់​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក ហ៊ុយ ឃី បាន​ផ្ញើ​សារ​សំខាន់​សម្រាប់​ជន​ពិការ​ថា ការ​ព្យាយាម​នឹង​បាន​សម្រេច ទោះបី​មនុស្ស​នោះ​មាន​ភាព​ពិការ​ក៏​ដោយ ៖ “អ្វីៗ ក៏​យើង​អាច​ធ្វើ​បាន​ដែរ ទោះបី​យើង​ពិការ​អី​ក៏​ដោយ។ បើ​សិន​ជា​យើង​មាន​ការ​តាំង​ចិត្ត ហើយ​យើង​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត យើង​អាច​ធ្វើ​តាម​ដូច​ជន​មិន​ពិការ។”

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​កម្ពុជា​ប្រមាណ​២% មាន​ពិការ​ភាព ហើយ ១១% គឺ​ពិការ​ដោយ​សារ​តែ​គ្រាប់​មីន។ ១០% ដោយ​សារ​តែ​សង្គ្រាម និង​២០% ពិការ​តាំង​ពី​កំណើត។ ជន​ពិការ​នៅ​តំបន់​អាស៊ី​មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 19, 2011 11:33 PM

Congratulation to our brother for his strong commitment and dedication to help other disabled persons in Cambodia. It is a great idea that we all should provide support. His concern about equal access to education by disabled persons was legitimate and well-founded in the current context of Cambodia. In fact, the government fails to address this problem. Once again, congratulation to our young committed brother for his success in education and his aspiration for further study in the USA. We hope that he will bring back to Cambodia to help Cambodian poor disabled.