អាជ្ញាធរក្រុងភ្នំពេញបានថ្លែងថា បញ្ហាបរិស្ថាននិងអនាម័យនៅក្នុងពេលបុណ្យអុំទូក នៅក្នុងឆ្នាំនេះ មានភាពប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ដោយសារមានភ្នាក់ងារបោសសម្អាតជាប្រចាំ មានធុងសំរាមដាក់គ្រប់ទីកន្លែងនៃបរិវេណរៀបចំពិធីបុណ្យ។
០២-វិច្ឆិកា-០៩: បុគ្គលិកក្រុមហ៊ុនសម្អាតទីក្រុងស៊ីនទ្រីកំពុងរៀបចំប្រមូលសំរាមនៅតាមផ្លូវសុធារស រាជធានីភ្នំពេញ។
ស្ត្រីវ័យ៤៧ឆ្នាំមា្នក់ ក្នុងសម្លៀកបំពាក់អាវខៀវពណ៌ត្រួយចេក មានពាក់ម៉ាស់បិទមុខសម្រាប់ការពារធូលីដីហុយ កាន់អំបោសវែងមួយ កំពុងតែបោសសំរាមតាមបណ្តោយផ្លូវសុធារសជិតតាមមាត់ទន្លេ ដើម្បីដាក់ចូលធុងសំរាម ដែលដាក់តម្រៀបជួរគ្នានៅក្បែផ្លូវនោះ។
នេះគឺជាសកម្មភាពបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមនិងសម្អាតទីក្រុង ស្របពេលដែលប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី កំពុងដើរជាក្រុមយ៉ាងសប្បាយ ដោយប្រជាពលរដ្ឋមួយចំនួនមានកាន់កញ្ចប់នំចំណីនានាផង។
អ្នកស្រី នោ ម៉ៃយ៉ាំ អាយុ៤៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានថ្លែងឲ្យដឹងថា ក្នុងកំឡុងពេលព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុកនេះ អ្នកស្រីបានចាប់ផ្តើមបោសសម្អាតផ្លូវនានា ក្បែរបរិវេណពិធីបុណ្យ ចាប់តាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៥ល្ងាចវិញ។
អ្នកស្រីបានថ្លែងថា តាមបទពិសោធន៍របស់គាត់ដែលជាអ្នកសម្អាតទីក្រុងជាច្រើនឆ្នាំមកហើយនោះ នៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ មានការរៀបចំធុងសំរាម គឺមានរបៀបរៀបរយជាងបណ្តាឆ្នាំមុនៗ។
អ្នកស្រី នោ ម៉ៃយ៉ាំ បានឲ្យដឹងដូច្នេះ ៖ «ចោលរាល់ថ្ងៃ បោសក្រោយបោសមុខ បោសហើយបោះទម្លាក់មកទៀត ថាក៏អត់ស្ដាប់យើងដែរ។ បោះចោលតែពាស អត់បោះក្នុងធុងសំរាមទេ ខ្លះមានចិត្តគេបោះទៅ អ្នកខ្លះអត់ចិត្តបោះចោលពេញថ្នល់ រើសទៅរើសមកមួយថ្ងៃបីបួនដង។ ឆ្នាំហ្នឹងល្អជាងឆ្នាំមុនៗ មានធុងសំរាមច្រើនដាក់ឲ្យ។ ខ្លះគេដឹងទំនៀមទម្លាប់ គេដាក់ទៅក្នុងធុងសំរាមឲ្យទៅ អ្នកខ្លះអត់ដឹង អត់ដាក់ សុខចិត្តបោះចោលនៅលើថ្នល់តែម្ដង»។
ក្រុមប្រជាពលរដ្ឋដែលបានមកចូលរួមដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកនេះ ម្នាក់ៗបានថ្លែងថា ពួកគាត់បានបោះសំរាមចោលក្នុងធុង ដែលអាជ្ញាធរក្រុងបានដាក់នៅតាមទីសាធារណៈនោះ។
ចំណែកឯស្តី្រវ័យជាង៣០ឆ្នាំ ជាប្រជាពលរដ្ឋមកពីខេត្រព្រៃវែង មានដឹកដៃកូនស្រីពីរនាក់ ហើយមានយូរដបទឹកសុទ្ធ និងថង់ប្លាស្ទិក ដែលដាក់នំកញ្ចប់ បានថ្លែងដោយទឹកមុខអៀនប្រៀនថា គាត់មកដើរកម្សាន្តជារៀងរាល់ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំនេះ ការរៀបចំកន្លែងទុកដាក់សំរាមគឺមានរបៀបរៀបរយជាងមុន ហើយសូម្បីតែកូនតូចៗរបស់គាត់បោះសំរាមដោយមិនមានរបៀបនោះ ក៏គាត់រើសយកទៅដាក់ក្នុងធុងសំរាមដែរ។
ពលរដ្ឋដែលមកពីខេត្តព្រៃវែងឲ្យដឹងដូច្នេះ ៖ «គ្រាន់បើជាងឆ្នាំទៅ មិនសូវដូចឆ្នាំទៅទេ។ មានធុងសំរាម ជួនកាលគេចងស្បោងដាក់តាមសម្រួលនៅតាមផ្លូវ។ ឃើញធុងសំរាមបានបោះ កុំឲ្យគេស្ដីឲ្យ»។
នៅតាមបណ្តោយផ្លូវប្របមាត់ទន្លេ អាជ្ញាធរក្រុងបានដាក់ធុងសំរាមតម្រៀបគ្នាជាជួរ ចន្លោះប្រមាណពីរ ឬបីម៉ែត្រ មានដាក់ធុងសំរាមមួយ ដោយមានទាំងធុងក្រដាសនិងកញ្ឆេដែលធ្វើអំពីឫស្សីផងដែរ។
អ្នកស្រី វណ្ណី មកពីខេត្តព្រៃវែង បានថ្លែងថា គាត់បានការណែនាំពីក្រុមគ្រួសាររបស់គាត់ ដែលរស់នៅទីក្រុងភ្នំពេញ ឲ្យចោលសំរាមនៅក្នុងធុងឲ្យបានត្រឹមត្រូវ ដោយសារតែគាត់មិនមានទម្លាប់បោះសំរាមក្នុងធុង។
អ្នកស្រី វណ្ណី បានថ្លែងដូច្នេះ ៖ «បងគាត់នៅភ្នំពេញ គាត់ប្រាប់ឲ្យចោលសំរាមនៅតាមធុងសំរាម។ ខ្ញុំចោលនៅធុងសំរាម បើមានធុងសំរាមនៅក្បែរយើងចោលក្នុងធុងសំរាម បើមិនមានរកកន្លែងដាក់ ព្រោះបងគាត់ធ្លាប់នៅហ្នឹងគាត់ប្រាប់។ បើមិនដឹងទុកចោលមែន ព្រោះយើងមិនដឹង មិនដែលធ្លាប់ នៅស្រុកស្រែហូបត្រង់ណាចោលត្រង់ហ្នឹង។ គាត់ប្រាប់ថា ហូបអីឲ្យប្រយ័ត្ន កុំឲ្យប៉ូលិសផាកអី យើងមិនថែទាំអនាម័យ»។
បើទោះបីជាតាមការសម្ភាសជាមួយប្រជាពលរដ្ឋភាគច្រើនបានថ្លែងថា ពួកគាត់បានបោះកាកសំណល់ចោលក្នុងធុងសំរាមក៏ដោយ ប៉ុន្តែនៅតែឃើញមានថង់ប្លាស្ទីកនៅទីវាលសាធារណៈដដែល។
អ្នកស្រី អ៊ុំ ថុន ជាប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ៖ «ខ្ញុំអត់សប្បាយពេញចិត្តទេ ខ្ញុំត្រូវការសម្អាត ដាក់ក្នុងថង់សំរាម ហើយដាក់ចូលក្នុងធុង ដើម្បីចៀសវាងកុំឲ្យកើតមេរោគ ដូចគ្រុនឈាមអីអ៊ីចឹង ដល់ពេលត្រូវការសម្អាតទៅ តាមថ្នល់សាធារណៈឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។ ឃើញបងប្អូនគាត់ហូបទៅ ចោលពាសវាលពាសកាល ខ្ញុំអត់សប្បាយចិត្ត ខ្ញុំត្រូវការឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ហូបចុកអីហើយ បើថាបងប្អូនកូនក្មួយមកពីស្រែមិនដឹង ខ្ញុំអ្នកប្រាប់ថា ឲ្យមានថង់សំរាមអីដាក់ក្នុងធុងឲ្យត្រឹមត្រូវ យើងរក្សាសណ្ដាប់ធ្នាប់ កុំឲ្យកើតមេរោគ»។
រីឯអាជីវករម្នាក់ដែលលក់ដូរនំចំណីនៅម្តុំវត្តបទុមវតី បានមានប្រសាសន៍ថា អ្នកស្រីត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនក្នុងមួយផ្ទះ៣.០០០រៀលក្នុងមួយថ្ងៃ។ រាល់ឆ្នាំគឺមិនមានឃើញសម្អាតដូចឆ្នាំនេះទេ ប៉ុន្តែការបោសនោះ គឺនៅតែមិនទាន់បានស្អាតនៅឡើយ។
អាជីវករនៅម្ដុំវត្តបទុមវតី មានប្រសាសន៍ដូច្នេះ ៖ «ឆ្នាំទៅមីងអត់ដែលឃើញគេបោសសំរាមអ៊ីចឹងទេ ហើយគេផ្សព្វផ្សាយថា ថែរក្សាសុខភាព ស្លាកបដាអី។ ចិត្តមីង មីងអរហើយឃើញធ្វើអ៊ីចឹងៗ អ្នកខ្លះរាត់រាយមែន។ ឃើញមានទាំងពីលោកសង្ឃធ្វើបដាថែរក្សាសុខភាពអី។ ដល់ពេលព្រលឹមឡើង ម៉ោងប្រហែល៤កន្លះ ម៉ោង៥នេះ ឃើញបោសឈូឆរៗ គិតថា សំរាមគេបោសស្អាតហើយ ធ្វើល្អ ដល់ពេលហើយអត់ឃើញស្អាតផង បោសមែនប៉ុន្តែរបៀបធ្វើអត់ហ្មត់ចត់»។
អភិបាលរងក្រុងភ្នំពេញ លោក ម៉ាន់ ឈឿន មានប្រសាសន៍ថា អាជ្ញាធរក្រុងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសម្អាតទីក្រុងនិងបញ្ហាបរិស្ថាននេះ ដោយមានធុងសំរាមជាច្រើនរយកន្លែង។ លោកបានថ្លែងទៀតថា អាជ្ញាធរបានដាក់បង្គន់នៅតាមទីសាធារណៈជាង៤០០បង្គន់ សម្រាប់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តប្រើប្រាស់។
លោក ម៉ាន់ ឈឿន មានប្រសាសន៍ដូច្នេះ ៖ «ធុងសំរាមយើងដាក់ពង្រាយគ្រប់កន្លែងក្នុងតំបន់ យើងប្រើពាក្យថា តំបន់ប្រារព្ធពិធីនិងតំបន់ជុំវិញកន្លែងប្រារព្ធពិធី កន្លែងប្រារព្ធពិធី។ បង្រៀនអ្នកស្រុកឲ្យចេះយកសំរាមចោលទៅក្នុងកញ្ឆេ។ កញ្ឆេក៏មាន ធុងដែកក៏មាន អ៊ីចឹងនេះជារបស់ថ្មីមួយ ពីមុនយើងធ្វើធុងក្រដាសទេ។ ល្អណាស់ ខាងបោសសំរាមក៏អ៊ីចឹង ក្រុមហ៊ុនស៊ីនទ្រីក៏សរសើរគេដែរ ឥឡូវនេះគេយល់ឃើញពីតួនាទីរបស់គេហើយ ភារកិច្ចណាស៊ីនទ្រីធ្វើ។ គ្រាន់តែកម្លាំងពលកម្មខាងស៊ីនទ្រីហ្នឹងជាង៤០០នាក់ ទាំងឡានប៉ុន្មានៗ ដឹកតាមផ្លូវណា ចែកម៉ោងចែកអីគ្នា។ សូម្បីតែស្តង់លក់អីវ៉ាន់ហ្នឹងក៏ឲ្យមានធុងសំរាមដែរ។ ថ្ងៃ៥ (វិច្ឆិកា) រើស្តង់ចេញឲ្យអស់ ចប់ហើយថ្ងៃ៦ យើងធ្វើពលកម្មសម្អាតទីក្រុងមួយទៀត ទូទាំងរាជធានី ដើម្បីអបអរសាទរខួបបុណ្យឯករាជ្យ»។
លោកអភិបាលរងក្រុងភ្នំពេញបានថ្លែងទៀតថា នៅក្នុងការរៀបចំពិធីបុណ្យឆ្នាំនេះ គឺមិនសូវមានការខូចខាតទេ ទាំងសួនច្បារសាធារណៈ ហើយបញ្ហាបរិស្ថាននិងអនាម័យក៏បានប្រសើរជាងឆ្នាំមុនៗដែរ៕
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
ក្រសួងសុខាភិបាលបារម្ភចំពោះការចរាចរឱសថក្លែងក្លាយ
អ្នកភូមិនៅខេត្តកណ្ដាលនិងកំពង់ស្ពឺបារម្ភពីបញ្ហាសុខភាព
សមាជិកអាស៊ានប្រជុំគ្នារកវិធានការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.